បច្ចុប្បន្ននេះ ការប្រើប្រាស់ទូរស័ព្ទ ឬថេប្លេតរបស់កុមារ និងយុវវ័យ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយ។ យោងតាមការសិក្សា យុវវ័យចំណាយពេលជាមធ្យមជិត ៥ ម៉ោងក្នុងមួយថ្ងៃលើបណ្តាញសង្គម។ អ្នកជំនាញព្រមានថា ផលប៉ះពាល់នៃពិភពឌីជីថលនេះ កំពុងបំផ្លាញសុខភាពផ្លូវចិត្ត និងការលូតលាស់របស់កុមារ និងយុវវ័យយ៉ាងធ្ងន់ធ្ងរ។
តើអ្វីទៅជាការញៀនអេក្រង់ (Screen Addiction) ?
លោក Kellyn Smythe អ្នកជំនាញផ្នែកព្យាបាលយុវវ័យ មកពី Pacific Quest បានពន្យល់យ៉ាងខ្លីថា «ប្រសិនបើកូនរបស់អ្នកជ្រើសរើសការលេងអេក្រង់ ជាជាងការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមនុស្សជុំវិញខ្លួន ហើយមិនអាចទប់ចិត្តខ្លួនឯងបាន នោះមានន័យថា ពួកគេកំពុងញៀនហើយ»។
សញ្ញាទាំង ៧ ដែលមាតាបិតាគួរកត់សម្គាល់
១. ជៀសវាងការជួបជុំផ្ទាល់ ៖ ក្មេងចូលចិត្តនៅជាមួយអេក្រង់ជាជាងការទៅលេងជាមួយមិត្តភក្តិ ចូលរួមកម្មវិធីគ្រួសារ ឬលេងកីឡា។
២. មួរម៉ៅខ្លាំងពេលកំណត់ម៉ោងលេង ៖ បង្ហាញអាការៈខឹងសម្បារ ឬមានប្រតិកម្មខ្លាំងៗ នៅពេលឪពុកម្តាយដកទូរស័ព្ទ ឬកំណត់ពេលលេង។
៣. ប្រើអេក្រង់ដើម្បីគ្រប់គ្រងអារម្មណ៍ ៖ ក្មេងមានអារម្មណ៍ថា “ត្រូវតែ” មើលទូរស័ព្ទដើម្បីកាត់បន្ថយភាពតានតឹង ឬភាពអផ្សុក (ឧទាហរណ៍៖ ត្រូវតែមើលទូរស័ព្ទពេលញ៉ាំបាយជុំគ្រួសារ)។
៤. អវត្តមានពីសាលារៀន ៖ ចាប់ផ្តើមបោះបង់ការសិក្សា ឬលែងចង់ទៅរៀនដោយសារចង់នៅលេងឧបករណ៍អេឡិចត្រូនិក។
៥. មានអាការៈថប់បារម្ភ ឬបាក់ទឹកចិត្ត ៖ ប្រែប្រួលសីលធម៌ និងស្មារតី ហាក់ដូចជាមិនសប្បាយចិត្តក្នុងជីវិតពិត។
៦. ផ្លាស់ប្តូរទម្ងន់ និងសុខភាព ៖ មិនសូវមានសកម្មភាពរាងកាយ ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការញ៉ាំដេក។
៧. បោះបង់រាល់សកម្មភាពកម្សាន្តធម្មតា ៖ លែងចង់ទៅដើរលេងជាមួយគ្រួសារ មិនចូលរួមកម្មវិធីរាំរែក ឬកម្មវិធីសប្បាយៗផ្សេងៗដែលពួកគេធ្លាប់ចូលចិត្ត។
វិធីសាស្ត្រជួយកូនឱ្យដើរចេញពីការញៀនអេក្រង់
បង្កើតច្បាប់ក្នុងគ្រួសារ ៖ កុំបង្ខំភ្លាមៗ ប៉ុន្តែត្រូវពិភាក្សាជាមួយកូនដើម្បីបង្កើតម៉ោងពេលច្បាស់លាស់។ ការប្រើប្រាស់កម្មវិធីកំណត់ម៉ោង (Timers) ក៏ជាជំនួយដ៏ល្អ។
បង្ហាញថាជីវិតក្រៅអេក្រង់គឺសប្បាយ ៖ នាំកូនទៅសួនច្បារ ដើរហាត់ប្រាណ ឬទៅបណ្ណាល័យ។ បង្ហាញពួកគេថា សកម្មភាពទាំងនេះគឺជាការកម្សាន្ត មិនមែនជាការដាក់ទណ្ឌកម្មនោះទេ។
ទុកឱ្យកូន “អផ្សុក” ខ្លះ ៖ ភាពអផ្សុកគឺជាចំណុចចាប់ផ្តើម នៃភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហា។ កុំផ្តល់ទូរស័ព្ទឱ្យកូនភ្លាមនៅពេលពួកគេរអ៊ូថាអផ្សុក។
ធ្វើជាគំរូដ៏ល្អ ៖ ប្រសិនបើឪពុកម្តាយនៅតែចុចទូរស័ព្ទជាប់ពេលនៅក្បែរកូន កូននឹងធ្វើតាម។ ត្រូវកំណត់ “តំបន់គ្មានទូរស័ព្ទ” សម្រាប់សមាជិកគ្រប់គ្នា ដូចជាពេលញ៉ាំបាយជាដើម។
ស្វែងរកជំនួយពីអ្នកជំនាញ ៖ ប្រសិនបើអាការៈកូនមិនធូរស្រាល ឬមានសញ្ញាប៉ះពាល់ផ្លូវចិត្តខ្លាំង កុំរួញរានៅក្នុងការពិភាក្សាជាមួយគ្រូពេទ្យកុមារ ឬអ្នកជំនាញផ្នែកចិត្តវិទ្យា៕