នៅក្នុងសង្គមបច្ចុប្បន្ន មិនថាជាសិស្ស និស្សិត ឬអ្នកធ្វើការនោះទេ តែងតែជួបប្រទះនូវសម្ពាធពីការងារ គ្រួសារ និងសង្គម រហូតដល់ចំណុចមួយដែលធ្វើឱ្យយើងមានអារម្មណ៍ថា “ទៅមុខលែងរួច” មានអារម្មណ៍តានតឹង ដែលហៅថា Overwhelmed។ ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវយល់ពីឫសគល់នៃបញ្ហា និងអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
១. រៀបចំអ្វីៗឡើងវិញ (Reset)
នៅពេលដែលអ្នកមានអារម្មណ៍ថា វង្វេងវង្វាន់ ឬគិតធ្វើអ្វីមិនឃើញ ចូរឈប់មួយភ្លែតដើម្បីរៀបចំខ្លួនឡើងវិញ។ សម្អាតតុធ្វើការ មើលបញ្ជីការងារដែលត្រូវធ្វើ និងកត់ចំណាំថ្ងៃដែលត្រូវបញ្ចប់ការងារនីមួយៗឱ្យបានច្បាស់។
២. បង្កើតទម្លាប់ល្អៗ
កុំរំលងទម្លាប់តូចតាចដែលផ្ដល់កម្លាំងចិត្ត។ ព្យាយាមក្រោកពីគេងឱ្យទៀងទាត់ ផឹកទឹកឱ្យបានច្រើន និងដើរហាត់ប្រាណបន្តិចបន្តួច ដូចជាការដើរ ដើម្បីឱ្យរាងកាយមានថាមពល។
៣. ចេះជ្រើសរើស និងរៀនបដិសេធ
កុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងក្នុងពេលតែមួយ។ ចូរផ្ដោតលើអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ហើយរៀននិយាយថា “ទេ” ចំពោះរឿងណាដែលមិនចាំបាច់ ឬការងារណាដែលមិនបម្រើដល់គោលដៅធំរបស់អ្នក។
៤. មើលថែខ្លួនឯងខ្លះ
ការលះបង់ដើម្បីអ្នកដទៃជារឿងល្អ ប៉ុន្តែការធ្វេសប្រហែសមិនមើលថែខ្លួនឯងនឹងធ្វើឱ្យអ្នកបាក់កម្លាំង។ ការមើលថែខ្លួនឯងមិនមែនជាភាពអាត្មានិយមនោះទេ ប៉ុន្តែវាគឺជាការសាកថ្ម ដើម្បីឱ្យអ្នកមានសមត្ថភាពជួយអ្នកដទៃបានកាន់តែប្រសើរ។
៥. ហ៊ានទទួលស្គាល់ការពិត
មនុស្សជោគជ័យច្រើនតែមានមោទនភាពលើសមត្ថភាពរបស់ខ្លួន ប៉ុន្តែប្រសិនបើអ្នកទទួលការងារច្រើនហួសប្រមាណ ចូរហ៊ានទទួលស្គាល់ថាអ្នក “លើសចំណុះ” ហើយ។ ការកាត់បន្ថយការងារខ្លះ មិនមែនជាបរាជ័យនោះទេ តែវាជាការសម្រេចចិត្តដ៏ឆ្លាតវៃ។
៦. រកវិធីរំងាប់អារម្មណ៍
នៅពេលមានអារម្មណ៍តានតឹងខ្លាំង ឬមួរម៉ៅខ្លាំង ចូរប្រើវិធីសាមញ្ញៗដូចជា ៖ ដកដង្ហើមវែងៗ ឬធ្វើសមាធិ, ស្ដាប់តន្ត្រីដែលអ្នកចូលចិត្ត ឬងូតទឹកក្ដៅអ៊ុនៗ, សរសេរកំណត់ហេតុ (Journaling) ដើម្បីបញ្ចេញអារម្មណ៍មកខាងក្រៅ។
៧. កុំខ្លាចក្នុងការសុំជំនួយ
ប្រសិនបើអ្នកមានអារម្មណ៍ថាដោះស្រាយមិនរួច ចូរនិយាយជាមួយមិត្តភក្តិ គ្រួសារ ឬថ្នាក់លើរបស់អ្នក។ ប្រសិនបើសម្ពាធនោះប៉ះពាល់ដល់សុខភាពផ្លូវចិត្តខ្លាំង ការពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬអ្នកប្រឹក្សាផ្លូវចិត្តគឺជាជម្រើសដ៏ល្អបំផុត។
សរុបមកវិញ អារម្មណ៍តប់ប្រមល់ ឬតានតឹង យើងអាចគ្រប់គ្របបានតាមរយៈការរៀបចំប្រព័ន្ធជីវិតឡើងវិញ និងការស្គាល់ពីដែនកំណត់របស់ខ្លួនឯង នោះអ្នកនឹងអាចយកឈ្នះវា និងត្រឡប់មកគ្រប់គ្រងជីវិតដោយភាពជឿជាក់ឡើងវិញ៕