សម្រាប់ឪពុកម្តាយ អ្នកអាណាព្យាបាលជាច្រើន ការពោលពាក្យសរសើរទៅកាន់កូនៗហាក់ដូចជាពិបាកហាមាត់។ បើសរសើរតិចពេក កូនអាចមានអារម្មណ៍ថា ខ្វះភាពកក់ក្តៅ តែបើសរសើរជ្រុលហួសហេតុ អាចធ្វើឱ្យពួកគេក្លាយជាក្មេងអំនួត។ តើឪពុកម្តាយ អ្នកអាណាព្យាបាលត្រូវធ្វើដូចម្តេច ដើម្បីអាចបង្ហាញមោទនភាពចំពោះពួកគេ ប៉ុន្តែចង់ឱ្យពួកគេនៅតែរក្សាភាពដាក់ខ្លួន និងចេះឱ្យតម្លៃចំពោះការទទួលស្គាល់នោះ?
ខាងក្រោមនេះ គឺជាវិធីសាស្រ្តចំនួន៨ ដែលត្រូវបានណែនាំពីអ្នកជំនាញ ក្នុងការជួយឱ្យឪពុកម្តាយ អ្នកអាណាព្យាបាល ក្នុងការសរសើរលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់កូនៗដោយត្រឹមត្រូវ៖
១. សរសើរកូនលើអ្វីដែលជាចំណុចសំខាន់
ក្នុងជីវិតរបស់ក្មេងៗ ពួកគេធ្វើរឿងរ៉ាវជាច្រើន ប៉ុន្តែមានរឿងខ្លះសំខាន់ជាងរឿងខ្លះទៀត ដែលសមនឹងទទួលបានការសរសើរ។ ឧទាហរណ៍ ៖ ប្រសិនបើកូនចូលរួមក្នុងការសម្តែងរបស់សាលា ហើយពួកគេបានខំប្រឹងហាត់ជារៀងរាល់ថ្ងៃ រហូតមានការរីកចម្រើន និងអាចសម្តែងបានល្អ នោះការផ្តល់ពាក្យសរសើរគឺជារឿងសមស្របបំផុត។ ផ្ទុយទៅវិញ បើកូនធ្វើមិនបានល្អដោយសារតែមិនព្រមហាត់សោះ អាណាព្យាបាលគួរតែដកការសរសើររបស់ខ្លួនទុកសិន។
២. ទទួលស្គាល់រាល់ការខិតខំប្រឹងប្រែង
ឧបមាថាកូនរបស់អ្នកទើបតែឈ្នះការប្រកួតអ្វីមួយ។ លោកអ្នកអាចសរសើរចំពោះជោគជ័យនៃការឈ្នះនោះ ប៉ុន្តែការនិយាយត្រឹមតែពាក្យថា “ពុកម៉ែមានមោទនភាពចំពោះកូនណាស់” អាចនឹងមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះក្មេងអាចគិតថា “ការឈ្នះ” គឺជាអ្វីតែមួយគត់ដែលសំខាន់។ ផ្ទុយទៅវិញ គួរនិយាយថា “តើកូនមានអារម្មណ៍ល្អទេ នៅពេលដឹងថាការខិតខំប្រឹងប្រែងកន្លងមកពិតជាផ្តល់ផ្លែផ្កា?” វិធីនេះនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា ការព្យាយាមរបស់គេត្រូវបានមើលឃើញ ដែលជាកម្លាំងចិត្តសម្រាប់ពេលអនាគត។
៣. ទទួលស្គាល់រាល់ឧបសគ្គដែលពួកគេបានពុះពារ
នៅពេលក្មេងៗសម្រេចបានអ្វីមួយ ពួកគេតែងតែឆ្លងកាត់ការលំបាកជាច្រើន។ ប្រហែលជាពួកគេសុខចិត្តលះបង់ការដើរលេងជាមួយមិត្តភក្តិដើម្បីពង្រឹងពិន្ទុរៀនសូត្រ។ ការបង្ហាញមោទនភាពចំពោះការតស៊ូជម្នះឧបសគ្គទាំងនេះ នឹងធ្វើឱ្យកូនៗដឹងថា អ្នកបានយកចិត្តទុកដាក់លើការប្តេជ្ញាចិត្ត និងការតស៊ូរបស់ពួកគេ។
៤. បង្ហាញទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការសម្រេចជោគជ័យ
ការទទួលស្គាល់សមិទ្ធផលរបស់កូន ធ្វើឱ្យពួកគេដឹងថា អ្នកសប្បាយចិត្តនឹងជោគជ័យរបស់គេ។ ការបង្ហាញទំនុកចិត្តថា ពួកគេនឹងអាចធ្វើរឿងដដែលនេះបានកាន់តែល្អនៅថ្ងៃមុខ នឹងក្លាយជាកម្លាំងរុញច្រានឱ្យពួកគេបន្តឈោងចាប់ក្តីស្រមៃឱ្យកាន់តែខ្ពស់ជាងមុន។
៥. កុំសរសើរជ្រុលហួសហេតុពេក
សូមរក្សាការបង្ហាញមោទនភាពឱ្យស្របតាមបរិបទជាក់ស្តែង ព្រោះក្មេងៗក៏មានវិចារណញ្ញាណដឹងពីទំហំនៃរឿងរ៉ាវក្នុងជីវិតពួកគេដែរ។ ការស៊ុតចូលទីក្នុងការប្រកួតបាល់ទាត់គឺជាចំណុចគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែវាមិនមែនជារឿងដែលត្រូវរៀបចំកម្មវិធីជប់លៀងធំដុំផ្អើលអ្នកភូមិឡើយ។ ផ្ទុយទៅវិញ ត្រឹមតែការនាំកូនទៅញ៉ាំការ៉េម កុម្ម៉ង់ភីហ្សាមកផ្ទះ ឬអនុញ្ញាតឱ្យកូនជ្រើសរើសហ្គេមលេងក្នុងគ្រួសារគឺជារឿងសមរម្យហើយ។
៦. ជ្រើសរើសពេលវេលាសមស្របក្នុងការសរសើរ
ការសរសើរនឹងមានប្រសិទ្ធភាពបំផុត នៅពេលដែលវាត្រូវបានផ្តល់ឱ្យភ្លាមៗបន្ទាប់ពីសម្រេចបានសមិទ្ធផល។ ប្រៀបដូចជាការប្រកួតបាល់ទាត់ដែរ ការទះដៃផ្តល់កម្លាំងចិត្តនៅទីលានប្រកួត ដូច្នេះលោកអ្នកអាចរៀបចំការញ៉ាំការ៉េម ឬភីហ្សាអបអរក្នុងគ្រួសារនៅយប់នោះ គឺមានន័យជាងការរង់ចាំរហូតដល់មួយសប្តាហ៍ក្រោយ។
៧. ផ្តោតលើកូនឱ្យចំគោលដៅនៅពេលសរសើរ
ក្មេងម្នាក់ៗសមនឹងទទួលបានការចាប់អារម្មណ៍ដោយមិនចាំបាច់យកទៅប្រៀបធៀបជាមួយអ្នកដទៃឡើយ។ ផ្តល់ការសរសើរដោយផ្ទាល់ទៅកាន់កូន ដោយកុំលើកយកពីភាពខ្លាំងរបស់បងប្អូន ឬភាពពូកែរបស់កូនអ្នកដទៃមកនិយាយឡើយ។
៨. ទទួលស្គាល់ការជួយជ្រោមជ្រែងពីអ្នកជុំវិញខ្លួន
ដើម្បីបង្រៀនកូនឱ្យចេះដាក់ខ្លួន លោកអ្នកគួរជួយឱ្យពួកគេមើលឃើញពីការរួមចំណែករបស់អ្នកដទៃចំពោះជោគជ័យរបស់គេ។ ឧទាហរណ៍ ក្រោយពេលទទួលបានព្រឹត្តិបត្រពិន្ទុល្អ លោកអ្នកអាចសរសើរកូនផង និងលើកទឹកចិត្តឱ្យគេនឹកឃើញដល់អ្នកដែលបានជួយ (ដូចជា លោកគ្រូអ្នកគ្រូ មិត្តភក្តិ ឬអាណាព្យាបាល)។ ពួកគេក៏អាចសរសេរសំបុត្រថ្លែងអំណរគុណដើម្បីបង្ហាញពីការដឹងគុណផងដែរ៕