ឪពុកម្តាយភាគច្រើនតែងតែពិបាកចិត្តរឿងកូន «រើសម្ហូប» មិនព្រមញ៉ាំបន្លែ ឬមិនព្រមសាកអាហារថ្មីៗ។ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ទម្លាប់ញ៉ាំរបស់ឪពុកម្តាយ និងរបៀបដែលឪពុកម្តាយផ្តល់អាហារឱ្យកូន គឺជាគន្លឹះសំខាន់បំផុត។
ចង់ឱ្យកូនងាយស្រួលក្នុងការញ៉ាំ និងមានសុខភាពល្អ សូមសាកល្បងតិចនិកងាយៗខាងក្រោមនេះ៖
១. ធ្វើជាគំរូឱ្យកូនឃើញ (Set a Good Example)
ចង់ឱ្យកូនញ៉ាំអ្វី អ្នកត្រូវញ៉ាំរបស់នោះឱ្យកូនឃើញដោយក្តីរីករាយ។ បើឪពុកម្តាយញ៉ាំបន្លែ និងអាហារល្អៗ កូននឹងរៀនញ៉ាំតាមដោយស្វ័យប្រវត្ត។
២. កុំយកអាហារធ្វើជារង្វាន់ ឬលក្ខខណ្ឌ
ការនិយាយថា «បើញ៉ាំបន្លែអស់ ទើបបានញ៉ាំនំ» នឹងធ្វើឱ្យកូនកាន់តែស្អប់បន្លែ ហើយគិតថា នំផ្អែមៗមានតម្លៃជាង។ បើចង់ឱ្យកូនញ៉ាំនំ គួរផ្តល់ឱ្យនៅម៉ោងសម្រាកធម្មតា កុំយកមកឡូកឡំជាមួយម៉ោងបាយ។
៣. កុំអាលបោះបង់លឿនពេក
កុំទាន់អាលគិតថា កូនមិនចូលចិត្តអាហារនេះ អាហារនោះ ព្រោះតែគេខ្ជាក់ចេញម្តង ឬពីរដង។ តាមពិតទៅ កុមារអាចត្រូវការពេលសាកល្បងពី ១០ ទៅ ១៥ ដង មុនពេលពួកគេព្រមទទួលយករសជាតិអាហារថ្មីមួយមុខ។
៤. ផ្តល់ជម្រើសមានកំណត់
កុំធ្វើម្ហូបតាមចិត្តកូនរហូត។ ផ្ទុយទៅវិញ ត្រូវធ្វើម្ហូបរួមសម្រាប់គ្រួសារ ប៉ុន្តែផ្តល់ជម្រើសងាយៗពីរឱ្យកូនជ្រើសរើស (ឧទាហរណ៍៖ កូនចង់ញ៉ាំបាយជាមួយសាច់មាន់ ឬសាច់ជ្រូក?) ហើយធានាថា មានម្ហូបមួយមុខដែលកូនចូលចិត្តនៅលើតុ។
៥. កំណត់ម៉ោងញ៉ាំនំ និងទឹកផ្លែឈើ
ការឱ្យកូនញ៉ាំនំ ឬជញ្ជក់ទឹកផ្លែឈើពេញមួយថ្ងៃ នឹងធ្វើឱ្យកូនឆ្អែតពោះ ហើយនឹងមិនឃ្លាននៅពេលបាយឡើយ ដូច្នេះសូមកំណត់ម៉ោងញ៉ាំនំឱ្យច្បាស់លាស់។ ដោយឡែក សម្រាប់ការផឹកទឹកផ្លែឈើវិញ គួរកម្រិតត្រឹម ១២០ មីលីលីត្រ (១ កែវតូច) ក្នុងមួយថ្ងៃ សម្រាប់កុមារអាយុ ១ ដល់ ៣ ឆ្នាំ។
៦. បើកចិត្តទូលាយចំពោះការញ៉ាំប្រឡូសប្រឡាក់
ក្មេងរៀនសូត្រពីអាហារតាមរយៈការប៉ះពាល់។ ការឱ្យកូនចាប់កាន់ ច្របាច់ ឬធ្វើឱ្យកំពប់ខ្លះ គឺជាការបង្កើតភាពរីករាយជាមួយអាហារ។ វ័យនេះ «កូនព្រមញ៉ាំ» សំខាន់ជាង «កូនញ៉ាំស្អាត»។
៧. យល់ពីចិត្តសាស្ត្រខ្លាចអាហារថ្មី (Neophobia)
ការខ្លាចរអា និងបដិសេធអាហារថ្មីៗ ជាការវិវត្តធម្មជាតិរបស់កុមារតូច (មិនមែនមកពីគេខូច ឬរើសម្ហូបផ្ដេសផ្ដាសទេ)។ ចូរផ្តល់អាហារនោះឱ្យគេម្តងទៀតនៅពេលក្រោយដោយក្តីអត់ធ្មត់។ (ចំណាំ៖ បើកូនរើសអាហារខ្លាំងជ្រុល គួរពិគ្រោះជាមួយគ្រូពេទ្យកុមារ)។
៨. បន្ថយការបារម្ភ និងពិនិត្យការលូតលាស់ (Relax)
វិធីដឹងថាកូនញ៉ាំគ្រប់គ្រាន់ឬអត់ គឺមើលលើទម្ងន់ និងកម្ពស់របស់កូន។ បើកូនឡើងគីឡូ និងលូតកម្ពស់តាមស្តង់ដារធម្មតា មានន័យថា កូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយ។
គន្លឹះ ៖ សាកល្បងកត់ត្រារាល់អ្វីដែលកូនបានញ៉ាំ (សូម្បីតែមួយម៉ាត់) ក្នុងរយៈពេល ១ សប្តាហ៍។ ប្រសិនបើឃើញថា កូនបានញ៉ាំគ្រប់មុខ (ទាំងបន្លែ ផ្លែឈើ សាច់ និងបាយ) នោះស្ថានភាពមិនបានអាក្រក់ដូចអ្វីដែលអ្នកបារម្ភឡើយ៕