បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រ ៩យ៉ាង ដើម្បីគ្រប់គ្រង និងកាត់បន្ថយភាពឯកោ

វិធីសាស្ត្រ ៩យ៉ាង ដើម្បីគ្រប់គ្រង និងកាត់បន្ថយភាពឯកោ

ភាពឯកោ (Loneliness) គឺជាអារម្មណ៍ដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ ប៉ុន្តែវាមិនមែនគ្រាន់តែជាការរស់នៅម្នាក់ឯងនោះទេ។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Jeremy Nobel (អ្នកបង្កើតមូលនិធិសិល្បៈ និងការព្យាបាលនៅ Boston) បានឱ្យដឹងថា៖ ភាពឯកោគឺជាអារម្មណ៍ផ្ទាល់ខ្លួន វាជាគម្លាតរវាងទំនាក់ទំនងសង្គមដែលយើងចង់បាន និងទំនាក់ទំនងពិតប្រាកដដែលយើងមាន។

Advertisement

ប្រសិនបើភាពឯកោនេះកើតឡើងរ៉ាំរ៉ៃ វាអាចជះឥទ្ធិពលអាក្រក់ដល់សុខភាព ដែលស្មើនឹងការជក់បារី ១៥ ដើមក្នុងមួយថ្ងៃ។ ដើម្បីកាត់ផ្តាច់វដ្តនៃអារម្មណ៍មិនល្អនេះ ខាងក្រោមនេះជាវិធីសាស្ត្រវិទ្យាសាស្ត្រទាំង ៩ ដែលអ្នកអាចអនុវត្តបាន៖

១. ផ្លាស់ប្តូរការគិតចំពោះភាពឯកោ

មនុស្សភាគច្រើនតែងគិតថា ខ្លួនឯងមានចំណុចខ្វះខាតទើបគ្មានអ្នករាប់អាន ឬឯកោ។ ប៉ុន្តែតាមពិតទៅ ភាពឯកោគឺជា «សញ្ញាជីវសាស្ត្រ» ដែលរាងកាយប្រាប់ថា យើងកំពុងត្រូវការទំនាក់ទំនង ដូចគ្នានឹងអារម្មណ៍ស្រេកទឹកដែលប្រាប់ថារាងកាយកំពុងខ្សោះជាតិទឹកដែរ។ វាគ្មានអ្វីដែលត្រូវខ្មាសអៀននោះទេ។ យ៉ាងណាក៏ដោយ នៅពេលមានអារម្មណ៍ឯកោ ចូរដាក់ដៃលើបេះដូង ឬស្មាថ្នមៗ ដើម្បីដាស់ប្រព័ន្ធប្រសាទឱ្យធូរស្រាល និងបង្កើតអរម៉ូន Oxytocin (អរម៉ូនក្តីសុខ) រួចប្រាប់ខ្លួនឯងថា «វាមិនអីទេក្នុងការមានអារម្មណ៍ឯកោក្នុងពេលនេះ»។

២. ស្វែងយល់ពីប្រភេទនៃភាពឯកោរបស់អ្នក

ភាពឯកោត្រូវបានបែងចែកជា ៣ ប្រភេទធំៗ៖

  • ភាពឯកោខាងផ្លូវចិត្ត (Psychological) ចង់បានទំនាក់ទំនងជិតស្និទ្ធ ឬចង់មានដៃគូ/មិត្តភក្តិយល់ចិត្ត។
  • ភាពឯកោក្នុងសង្គម (Societal) មានអារម្មណ៍ថាខ្លួនឯងមិនស៊ីសង្វាក់ ឬមិនជាផ្នែកមួយនៃក្រុម/សង្គមជុំវិញខ្លួន។
  • ភាពឯកោ នៃអត្ថិភាព (Existential) ការបាត់បង់គោលដៅ ឬគ្មានអារម្មណ៍ថាជីវិតមានន័យ។

ការដឹងច្បាស់ពីប្រភេទនៃភាពឯកោ ជួយឱ្យអ្នករកដំណោះស្រាយបានចំគោលដៅ។

៣. ប្រឈមមុខនឹងគំនិតអវិជ្ជមានក្នុងការចូលសង្គម

ជារឿយៗ យើងមិនហ៊ានបង្កើតទំនាក់ទំនងព្រោះខ្លាចការបដិសេធ។ ការសិក្សាស្រាវជ្រាវលើគម្រោងជាង ៣០០ បានបង្ហាញថា ការកែប្រែទម្លាប់គិតអវិជ្ជមាន (ដូចជាគិតថា “បើគេចង់រាប់អានយើង គេទាក់ទងមកបាត់ហើយ”) គឺជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយភាពឯកោរ៉ាំរ៉ៃ។

៤. ធ្វើអ្វីដែលជាចំណូលចិត្ត ឬក្តីស្រឡាញ់

ចូរចូលរួមក្នុងក្លិបអានសៀវភៅ វគ្គសិក្សាធ្វើម្ហូប រៀនយោគៈ ឬសកម្មភាពក្រៅផ្ទះ។ ការធ្វើបែបនេះ មិនមែនគ្រាន់តែដើម្បីកំដរពេលនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមដ៏ល្អក្នុងការជួបមនុស្សដែលមានចំណូលចិត្តដូចគ្នា និងបង្កើតមិត្តភាពដោយធម្មជាតិ។

៥. ចំណាយពេលជាមួយសត្វចិញ្ចឹម

ការចិញ្ចឹម ឬលេងជាមួយសត្វអាចកាត់បន្ថយភាពឯកោបានយ៉ាងច្រើន។ សត្វចិញ្ចឹមក៏ជួយឱ្យយើងងាយស្រួលទាក់ទងជាមួយអ្នកដទៃផងដែរ (ឧទាហរណ៍៖ ការនាំឆ្កែទៅដើរលេងនៅសួនច្បារ ធ្វើឱ្យយើងងាយនឹងបានជជែកជាមួយអ្នកស្រឡាញ់សត្វដូចគ្នា)។

៦. ចេញទៅរកធម្មជាតិ

ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលចំណាយពេលត្រឹម ១ ទៅ ២ ម៉ោងក្នុងមួយសប្តាហ៍នៅកន្លែងដែលមានធម្មជាតិបៃតង យល់ឃើញថា ពួកគេកាត់បន្ថយអារម្មណ៍ឯកោបានយ៉ាងច្រើន។ ធម្មជាតិជួយកាត់បន្ថយស្ត្រេស និងធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនយើងជាផ្នែកមួយនៃពិភពលោកដ៏ធំនេះ។

៧. ចូលរួមការងារស្ម័គ្រចិត្តដើម្បីសហគមន៍

ការជួយអ្នកដទៃ (ដូចជាការងារមនុស្សធម៌ ការបង្រៀនក្មេងៗ ឬជួយអ្នកជិតខាង) ផ្តល់ឱ្យយើងនូវ «គោលបំណងជីវិតដ៏មានតម្លៃ»។ វាក៏ជួយបង្កើតទំនាក់ទំនងជាមួយមនុស្សដែលមានចិត្តធម៌ និងគិតគូរពីអ្នកដទៃដូចគ្នា។

៨. បង្កើតការប្រាស្រ័យទាក់ទងតូចៗប្រចាំថ្ងៃ

អ្នកមិនចាំបាច់ទៅចូលរួមកម្មវិធីជប់លៀងធំៗភ្លាមៗនោះទេ។ ចូរចាប់ផ្តើមពីចំណុចតូចៗ ដូចជា ញញឹម ឬសួស្តីទៅកាន់អ្នកជិតខាង និយាយអរគុណ ឬសរសើរអ្នកឆុងកាហ្វេ។ សកម្មភាពតូចៗទាំងនេះជួយបង្កើតក្តីសុខ និងកាត់បន្ថយភាពឯកោបានយ៉ាងប្រសើរ។

៩. ស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្ត

ប្រសិនបើអារម្មណ៍ឯកោនោះធ្ងន់ធ្ងរ រហូតធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ឬមានគំនិតចង់ធ្វើបាបខ្លួនឯង ចូរស្វែងរកការពិគ្រោះយោបល់ជាមួយអ្នកចិត្តវិទូ ឬគ្រូពេទ្យជំនាញខាងផ្លូវចិត្ត។ ពួកគាត់អាចប្រើប្រាស់វិធីសាស្ត្រព្យាបាលបែបគំនិត និងទម្លាប់ (CBT) ដើម្បីជួយអ្នកឱ្យឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា