បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្មានអ្វីយឺតពេលឡើយ! អ្នកសម្អាតជនជាតិចិនម្នាក់ ប្រឡងជាប់ថ្នាក់អនុបណ្ឌិត ក្រោយសិក្សាដោយខ្លួនឯង១ឆ្នាំ

គ្មានអ្វីយឺតពេលឡើយ! អ្នកសម្អាតជនជាតិចិនម្នាក់ ប្រឡងជាប់ថ្នាក់អនុបណ្ឌិត ក្រោយសិក្សាដោយខ្លួនឯង១ឆ្នាំ

ស្ត្រីជនជាតិចិនម្នាក់ដែលធ្វើការជាអ្នកសម្អាតនៅសាកលវិទ្យាល័យ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីនាងទទួលបានកន្លែងសិក្សាថ្នាក់អនុបណ្ឌិត ក្រោយពីខិតខំសិក្សាដោយខ្លួនឯងអស់រយៈពេលមួយឆ្នាំ ខណៈកំពុងចិញ្ចឹមកូនតូចពីរនាក់។

Advertisement

យោងតាមសារព័ត៌មាន South China Morning Post ស្ត្រីរូបនេះមានឈ្មោះ លី ជា (Li Jia) អាយុ ៣៣ ឆ្នាំ មកពីទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ បច្ចុប្បន្ន នាងធ្វើការពេញម៉ោងជាអ្នកសម្អាតនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Chengdu។

មុនពេលធ្វើការជាអ្នកសម្អាត លី និងស្វាមីធ្លាប់បើកភោជនីយដ្ឋានមួយនៅជិតបរិវេណសាកលវិទ្យាល័យ ប៉ុន្តែអាជីវកម្មនោះត្រូវបិទទ្វារ។ ក្រោយមក នាងបានជ្រើសរើសការងារជាអ្នកសម្អាត ដោយសារវាមានប្រាក់ចំណូលស្ថិរភាព ស្ថិតនៅជិតផ្ទះ និងមានម៉ោងការងារត្រឹមត្រូវ ដែលអាចឱ្យនាងមើលថែកូនៗបានកាន់តែងាយស្រួល។
ដោយ​សារតែផ្លូវដែលនាងទទួលខុសត្រូវសម្អាត ស្ថិតនៅក្បែរកន្លែងប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ក្រោយឧត្តមសិក្សា លី តែងបានជួប និងប្រាស្រ័យទាក់ទងជាមួយនិស្សិតជាច្រើនមកពីទូទាំងប្រទេស។ នាងបានរំឭកថា សូម្បីតែមនុស្សខ្លះដែលមានសក់ស្កូវហើយ ក៏នៅតែខិតខំប្រឡងដើម្បីបន្តការសិក្សាផងដែរ។

ដោយមានអត្តចរិតរួសរាយរាក់ទាក់ លី បានបង្កើតទំនាក់ទំនងជាមួយនិស្សិតជាច្រើនតាមបណ្ដាញសង្គម។ ការមើលឃើញពីការតស៊ូ និងការលះបង់របស់និស្សិតទាំងនោះ បានជំរុញឱ្យនាងសម្រេចចិត្តប្រឡងចូលរៀនថ្នាក់អនុបណ្ឌិតដោយខ្លួនឯង ដោយចង់ក្លាយជាគំរូល្អមួយសម្រាប់កូនៗរបស់នាង។

ទោះជាយ៉ាងណា ផ្លូវឆ្ពោះទៅរកក្តីសុបិននេះមិនងាយស្រួលឡើយ

ដោយសារនាងជានិស្សិតបញ្ចប់ការសិក្សាពីសាលាវិជ្ជាជីវៈ និងមិនមានសញ្ញាបត្របរិញ្ញាបត្រ នាងត្រូវប្រឡងបន្ថែមចំនួនពីរមុខវិជ្ជា ដើម្បីបំពេញលក្ខខណ្ឌចូលរៀន។ លើសពីនេះ នាងមានពេលត្រឹមតែប្រាំបីខែប៉ុណ្ណោះសម្រាប់ត្រៀមខ្លួន មុនការប្រឡងចាប់ផ្តើម។

បន្ទុកការងាររបស់នាងក៏កើនឡើងផងដែរ បន្ទាប់ពីត្រូវបានដំឡើងតួនាទីជាអ្នកគ្រប់គ្រង។ ទោះបីជាយ៉ាងណា លី បានឆ្លៀតសិក្សាគ្រប់ពេលវេលាដែលអាចធ្វើទៅបាន ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

ទីបំផុត ការខិតខំប្រឹងប្រែងរបស់នាងបានទទួលផល។ កាលពីខែមេសាកន្លងទៅ លី ត្រូវបានអនុញ្ញាតឱ្យចូលរៀនកម្មវិធីថ្នាក់អនុបណ្ឌិតរយៈពេលបីឆ្នាំ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងច្បាប់ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Chengdu។

លី និយាយថា ទោះបីជាជីវិតជានិស្សិតថ្នាក់អនុបណ្ឌិតនឹងពោរពេញដោយបញ្ហាប្រឈមក៏ដោយ ប៉ុន្តែបទពិសោធន៍ការងារ និងការទទួលខុសត្រូវក្នុងគ្រួសាររយៈពេលជាច្រើនឆ្នាំ បានជួយឱ្យនាងមានភាពអត់ធ្មត់ និងភាពរឹងមាំ ដែលជាគុណសម្បត្តិមួយខុសប្លែកពីមិត្តរួមថ្នាក់ជាច្រើន។

នាងក៏បានថ្លែងអំណរគុណដល់និស្សិតទាំងឡាយដែលបានផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តនាងឱ្យបន្តក្តីសុបិន។ លី បានផ្ញើសារទៅកាន់អ្នកដែលកំពុងខិតខំប្រឹងប្រែងថា «ប្រសិនបើវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ កុំបារម្ភខ្លាំងពេកអំពីលទ្ធផល។ នៅទីបំផុត អ្នកនឹងទទួលបានរង្វាន់សម្រាប់ការខិតខំរបស់ខ្លួន»។

រឿងរ៉ាវរបស់នាងបានទទួលការកោតសរសើរយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមចិន។ អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់បានសរសេរថា «បរិស្ថានអាចកំណត់ផ្នត់គំនិត និងជម្រើសរបស់មនុស្សម្នាក់។ សូមអបអរសាទរដល់ លី។ នាងគឺជាគំរូដ៏ល្អបំផុតសម្រាប់កូនៗរបស់នាង»៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា