ខណៈដែលឧបករណ៍វាស់កម្រិតខ្យល់ពុលទូទៅមានតម្លៃចាប់ពី ១៧០ដុល្លារ ទៅដល់២៥០ដុល្លារអាមេរិក, យុវជនមួយក្រុមដែលឱ្យឈ្មោះខ្លួនឯងថា Blu Blu បានបង្ហាញពីគំនិតក្នុងការបង្កើតឧបករណ៍វាស់គុណភាពខ្យល់ ដែលចំណាយអស់ត្រឹមតែ៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាមានសមត្ថភាព និងគុណភាពខ្ពស់ អាចជួយដល់សហគមន៍បានដឹងព័ត៌មានច្បាស់ពីគុណភាពខ្យល់ ដែលនាំទៅដល់ការត្រៀមខ្លួនក្នុងការការពារសុខភាពពីខ្យល់មិនល្អ។
គំនិតនៃការបង្កើតឧបករណ៍វាស់គុណភាពខ្យល់ដែលមានតម្លៃទាបនេះ បានឈ្នះជ័យលាភីលេខ២ ក្នុងការប្រកួតគំនិតពីកម្មវិធី Youth Ideathon ក្រោមប្រធានបទ “ភាពធន់នឹងគ្រោះមហន្តរាយក្នុងសហគមន៍”។
លោក ថាច បូវិន និស្សិតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិនៅ IISPP និងជំនាញគណនេយ្យហិរញ្ញវត្ថុ នៅ EAMU តំណាងក្រុម Blu Blu លើកឡើងថា ក្រុមរបស់ខ្លួនមានចំណាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាខ្យល់កង្វក់ ឬការបំពុលខ្យល់នៅក្នុងទីក្រុង ហើយចង់រកដំណោះស្រាយបែបបច្ចេកវិទ្យាមួយ ដើម្បីជួយដល់សហគមន៍, ហេតុនេះ ទើបក្រុម Blu Blu ចូលរួមក្នុងកម្មវិធី Youth Ideathon ដើម្បីបង្ហាញគំនិតដែលផ្តល់សារប្រយោជន៍ដល់សង្គម និងបរិស្ថាននេះ។
លោក បូវិន និយាយថា ក្រុមរបស់លោកបានរកឃើញគំនិតក្នុងការបង្កើតឧបករណ៍វាស់កម្រិតខ្យល់នេះ កាលពីអំឡុងពេលប្រទេសកម្ពុជាជួបប្រទះបញ្ហាខ្យល់ពុល កាលពីដើមឆ្នាំ២០២៥ ដោយពេលនោះក្រុមរបស់ខ្លួនបានពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ។ ស្របពេលមានការប្រកួត ដែលនិយាយពីគ្រោះមហន្តរាយ ទើបលោកយកគំនិតដែលមានស្រាប់នេះ មកចូលរួមប្រកួតក្នុងកម្មវិធី Youth Ideathon នេះតែម្តង។
លោក ថាច បូវិន ជានិស្សិតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិ នៅ IISPP និងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅ EAMU
លោក សារ៉ន បូរ៉ាក់ និស្សិតឆ្នាំទី៣ ជំនាញប្រព័ន្ធព័ត៌មានអាជីវកម្ម (BIS) នៅ EAMU ដែលសមាជិកក្រុម blu blu និយាយថា គម្រោងឧបករណ៍ពិនិត្យគុណភាពខ្យល់នេះ ក្រុមរបស់ខ្លួនបានសិក្សាស្រាវជ្រាវពីវិបសាយ AirGradient and Air Quality ហើយក្រុមក៏បានយកមកសិក្សាអំពី Hardware ដែលមានប្រើប្រាស់នៅក្នុងឧបករណ៍។ ក្រោយពីបានសិក្សារួច ក្រុមខ្លួនបានស្វែងរកឃើញគ្រឿងអេឡិចត្រូនិចដែលមានគុណភាពអាចប្រើប្រាស់ក្នុងឧបករណ៍នេះបាន ប៉ុន្តែមានតម្លៃទាបសមរម្យអាចឱ្យសហគមន៍យកទៅប្រើប្រាស់បាន។
បើតាមលោក សារ៉ន បូរ៉ាក់ ឧបករណ៍វ៉ាស់កម្រិតខ្យល់នេះ គេអាចទិញគ្រឿងអេឡិចត្រូនិចដែលមានស្រាប់ពី Taobao មកផ្គុំដោយខ្លួនឯង។ ក្នុងនោះ ក្រុមក៏រៀបចំបង្ហាញពីធីផ្គុំគ្រឿងអេឡិចត្រូនិច ដើម្បីឱ្យក្លាយជាឧបករណ៍វ៉ាស់កម្រិតខ្យល់ ហើយក៏រៀបចំឱ្យមានវេបសាយ ដើម្បីភ្ជាប់ជាមួយឧបករណ៍វ៉ាស់កម្រិតខ្យល់។
លោក បូរ៉ាក់ លើកឡើងថា នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រើឧបករណ៍វ៉ាស់កម្រិតខ្យល់ដែលមានតម្លៃថ្លៃ ខណៈតំបន់ខ្លះមិនមានឧបករណ៍វាស់កម្រិតខ្យល់នៅឡើយ ធ្វើឱ្យព័ត៌មានទទួលបានមិនគ្រប់គ្រាន់ ដូច្នេះឧបករណ៍វ៉ាស់កម្រិតខ្យល់មានតម្លៃទាបនេះ នឹងអាចដាក់ឱ្យប្រើប្រាស់បានគ្រប់ទីកន្លែង ដើម្បីឱ្យទិន្នន័យវាស់កម្រិតខ្យល់ទទួលបានកាន់តែច្បាស់។
យ៉ាងណាក៏ដោយ ទាំងលោក ថាច បូវិន និងលោក សារ៉ន បូរ៉ាក់ រំពឹងថា គំនិតផ្តួចផ្តើមរបស់ក្រុម blu blu ក្នុងការបង្កើតឧបករណ៍វាស់គុណភាពខ្យល់នេះ នឹងអាចលេចចេញជារូបរាងនៅពេលអនាគត ខណៈប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រើឧបករណ៍វ៉ាស់កម្រិតខ្យល់ដែលមានតម្លៃថ្លៃ ហើយតំបន់ខ្លះក៏មិនទាន់មានឧបករណ៍វាស់កម្រិតខ្យល់នៅឡើយ ធ្វើឱ្យព័ត៌មានទទួលបានមិនគ្រប់គ្រាន់ ដូច្នេះឧបករណ៍វ៉ាស់កម្រិតខ្យល់មានតម្លៃទាបនេះ នឹងអាចដាក់ឱ្យប្រើប្រាស់បានគ្រប់ទីកន្លែង ដើម្បីឱ្យទិន្នន័យវាស់កម្រិតខ្យល់ទទួលបានកាន់តែច្បាស់៕