ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយស្ថានទូតសហរដ្ឋអាមេរិក និងអង្គការមូលនិធិអាស៊ី កាលពីថ្ងៃទី១៨ មិថុនា បានប្រកាសបើកកម្មវិធី «Access Summit 2026» នៅខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេស និងការគិតបែបស៊ីជម្រៅដល់សិស្សានុសិស្ស។

ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយស្ថានទូតសហរដ្ឋអាមេរិក និងអង្គការមូលនិធិអាស៊ី កាលពីថ្ងៃទី១៨ មិថុនា បានប្រកាសបើកកម្មវិធី «Access Summit 2026» នៅខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេស និងការគិតបែបស៊ីជម្រៅដល់សិស្សានុសិស្ស។
បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ Access Summit 2026 មានគោលបំណង ១.ផ្តល់ការអប់រំភាសាអង់គ្លេសប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្ស និងជួយឱ្យពួកគេអភិវឌ្ឍទំនុកចិត្ត ជំនាញភាពជាអ្នកដឹកនាំ សមត្ថភាពរិះគន់ពិចារណា ព្រមទាំងការយល់ដឹងកាន់តែទូលំទូលាយអំពីពិភពលោក។ ២.បង្កើនឱកាសដល់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ឱ្យទទួលបានការអប់រំភាសាអង់គ្លេសឱ្យមានប្រសិទ្ធភាព។ ៣.បង្កើតឱកាសឱ្យសិស្សានុសិស្សមកពីកម្ពុជា ឡាវ វៀតណាម និងសហរដ្ឋអាមេរិក បានរៀនសូត្រពីគ្នា ផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងកសាងចំណងមិត្តភាពអន្តរជាតិដ៏រឹងមាំទៅថ្ងៃអនាគត។ ៤. ជួយឱ្យយុវជនបង្កើនសមត្ថភាពប្រកួតប្រជែង ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តោតសំខាន់លើការអប់រំភាសាបរទេស ការធ្វើអន្តរជាតូបនីយកម្ម និងការអភិវឌ្ឍជំនាញដែលចាំបាច់សម្រាប់ការចូលរួមក្នុងកិច្ចការអន្តរជាតិ។
នៅក្នុងឱកាសនោះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងអង្គការមូលនិធិអាស៊ី ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យជ្រាលជ្រៅនេះឡើង។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ស្ថានទូតសហរដ្ឋអាមេរិកតែងតែជាដៃគូដ៏មានស្មារតីលះបង់ និងរឹងមាំក្នុងការជួយពង្រឹងការអប់រំភាសាអង់គ្លេសនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលគ្រូ ការបញ្ជូនអ្នកជំនាញភាសាអង់គ្លេស កម្មវិធីផ្លាស់ប្តូរការអប់រំ និងវគ្គសិក្សាអនឡាញឥតគិតថ្លៃ។

ឯកឧត្តមសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែស្របតាមចក្ខុវិស័យ និងអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្ស និងពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងយូរអង្វែង។
កម្មវិធីលើកកម្ពស់សមត្ថភាពភាសាអង់គ្លេស English Access Program ឬហៅកាត់ថា Access គឺជាកម្មវិធីដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពភាសាអង់គ្លេសនៅទូទាំងសកលលោក ដោយនាំយកនូវជំនាញអប់រំភាសាអង់គ្លេសឈានមុខរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងការយល់ដឹង គាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចគន្លឹះ ព្រមទាំងបង្កើតឱកាសសេដ្ឋកិច្ច និងការអប់រំជាច្រើនទៀត។

ចាប់តាំងពីការចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០០៤ កម្មវិធី Access សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានជួយដល់យុវជនប្រមាណ ២០០,០០០ នាក់ និងគ្រូបង្រៀនចំនួន ៧,៥០០ នាក់ នៅក្នុងប្រទេសជាង ៨៥ ឱ្យទទួលបានជំនាញភាសាអង់គ្លេស៕
