បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌល ACE-C នាំយកស្តង់ដារពីអូស្ត្រាលី កសាងកម្លាំងជំនាញលើវិស័យយានយន្តកម្រិតពិភពលោក នៅកម្ពុជា

មជ្ឈមណ្ឌល ACE-C នាំយកស្តង់ដារពីអូស្ត្រាលី កសាងកម្លាំងជំនាញលើវិស័យយានយន្តកម្រិតពិភពលោក នៅកម្ពុជា

មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE-C) បានបើកទ្វារជាផ្លូវការហើយនៅថ្ងៃចន្ទនេះ។ ក្រោមសមិទ្ធផលនៃកិច្ចសហការរវាងរដ្ឋ និងឯកជន ACE-C ត្រូវបានគេមើលឃើញថា ក្លាយជាក្បាលម៉ាស៊ីនបណ្តុះបណ្តាលយានយន្តកម្រិតពិភពលោកថ្មីមួយ ដែលបំពាក់នូវបទពិសោធន៍ និងស្តង់ដារបច្ចេកទេសផ្ទាល់ពីវិទ្យាស្ថាន Kangan នៃប្រទេសអូស្ត្រាលី។

Advertisement

លោក វ៉ាន់ វិចិត្រ ដេវីដ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE-C) បានប្រកាសនូវទស្សនវិស័យថ្មីមួយដែលបំបែកចេញពីក្របខណ្ឌ សាលារៀនធម្មតា ឆ្ពោះទៅរកការបង្កើតវេទិកាជាតិ ដើម្បីធ្វើទំនើបកម្មឧស្សាហកម្មយានយន្តទាំងមូល។

បើតាមលោកនាយកប្រតិបត្តិដដែល ACE-C មិនមែនបង្កើតឡើងត្រឹមតែដើម្បីផ្តល់សញ្ញាបត្រនោះទេ ប៉ុន្តែជាស្ពានចម្លងដែលតភ្ជាប់ធាតុសំខាន់ៗចំនួនបី គឺគោលនយោបាយរដ្ឋាភិបាល តម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញកម្រិតអន្តរជាតិ។

លោក វ៉ាន់ វិចិត្រ ដេវីដ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE-C)

ក្រោមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ACE-C បានក្លាយជាសក្ខីភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របតាមការកើនឡើងនៃចំនួនយានយន្ត និងការឈានចូលមកដល់នៃបច្ចេកវិទ្យាសម័យថ្មី។

តាមរយៈភាពជាដៃគូដ៏រឹងមាំរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រុមហ៊ុន RMA Cambodia និងវិទ្យាសា្ថន Kangan Institute របស់អូស្រ្តាលី ACE-C កំពុងដើរតួជាក្បាលម៉ាស៊ីនក្នុងការបណ្តុះបណ្តាលអ្នកជំនាញជំនាន់ក្រោយ ដែលនឹងជំរុញការធ្វើទំនើបកម្មវិស័យយានយន្តនៅកម្ពុជាឱ្យមានភាពប្រកួតប្រជែងក្នុងតំបន់។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានលើកឡើងថា ការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ និងសមត្ថភាពខ្ពស់ គឺជាកត្តាចាំបាច់បំផុតសម្រាប់អនាគតនៃវិស័យឧស្សាហកម្មនេះ។

ក្រុមហ៊ុន RMA Cambodia គាំទ្រគំនិតផ្តួចផ្តើម ក្នុងការរួមគ្នាជាមួយ ក្រសួងការងារ និងដៃគូបណ្តុះបណ្តាលអន្តរជាតិ គឺវិទ្យាស្ថាន BKI Melbourne របស់អូស្រ្តាលី។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia

បើតាមលោក ងន សាំង កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីសារៈសំខាន់នៃ ភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលរដ្ឋាភិបាល វិស័យឯកជន និងដៃគូអន្តរជាតិធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍធនធានមនុស្សដែលមានជំនាញសម្រាប់កម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន RMA Cambodia ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០០ កន្លែង សម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃដោយសារជម្លោះព្រំដែន ដើម្បីទទួលបានការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជានេះ ផងដែរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅថ្ងៃបើកជាផ្លូវនេះដែរថា មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ACE-C នឹងដើរតួជាវេទិកាដ៏សំខាន់សម្រាប់ការបណ្តុះបណ្តាលយានយន្តដែលផ្តោតលើការអនុវត្តជាក់ស្តែង និងកិច្ចសហការយូរអង្វែងជាមួយវិស័យឧស្សាហកម្ម។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម រដ្ឋមន្រ្តី យល់ឃើញថា មជ្ឈមណ្ឌលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យ TVET របស់កម្ពុជាឱ្យដល់ស្តង់ដារអន្តរជាតិ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ACE-C មានសមត្ថភាពអាចបណ្តុះបណ្តាលធនធានមនុស្ស​រហូតដល់ ៣០០០ នាក់ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់វិស័យយានយន្ត និងយានយន្តអគ្គិសនី (EV) នៅកម្ពុជា នាថ្ងៃអនាគត៕

អត្ថបទ៖ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា