មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ ព្រមជាមួយនឹងការបង្កើតថ្មី ដើម្បីឆ្លើយតបនឹងការវិវត្តនៃសេដ្ឋកិច្ចឌីជីថល។
ក្នុងសិក្ខាសាលាស្តីពីចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុសម្រាប់យុវជនក្នុងបរិបទឌីជីថល នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តសៀមរាប កាលពីសប្តាហ៍កន្លងទៅនេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងតែមានឥទ្ធិពលលើគ្រប់វិស័យ ដោយបានបង្កើតឱកាសថ្មីៗសម្រាប់ការបង្កើតមុខរបរ និងអាជីវកម្ម ដែលទាមទារយុវជនត្រូវមានទាំងចំណេះដឹងបច្ចេកទេស និងគំនិតសហគ្រិនភាព, ជាមួយគ្នាយុវជនក៏ត្រូវតែមានចំណេះដឹង និងជំនាញមូលដ្ឋានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយ សុវត្ថិភាព និងទទួលខុសត្រូវខ្ពស់ ដោយបង្កាពីហានិភ័យផ្សេងៗជាពិសេសចំណេះដឹងបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ ការរៀន និងការបំពេញការងារប្រចាំថ្ងៃ។
លោកបានណែនាំ និងលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវយល់ដឹងពីអត្ថប្រយោជន៍នៃការសន្សំ ការវិនិយោគ និងការប្រើប្រាស់សាច់ប្រាក់ចំគោលដៅ និងមានប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយហានិភ័យនៃការជាប់បំណុលធ្ងន់ធ្ងរ និងក្លាយជាជនរងគ្រោះផ្នែកហិរញ្ញវត្ថុមិនស្របច្បាប់ ដែលតែងតែកើតមាននាពេលបច្ចុប្បន្ន ដ៏ដូចជាទៅថ្ងៃអនាគត។
“យុវជនដែលឆ្លាតវៃផ្នែកហិរញ្ញវត្ថុ គឺជាសសរទ្រូងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ”
លោក ម៉ិល ផនសីហា បន្ថែមថា សម្រាប់យុវជនក្នុងយុគសម័យឌីជីថល ក៏ត្រូវបង្កើនការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីជៀសវាងការចាញ់បោកតាមអនឡាញ (Scams) ហើយលោករំពឹងថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល មិនត្រឹមតែជួយឱ្យយុវជនចេះគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការការពារពួកគេពីបំណុលលើសលប់ និងការបោកប្រាស់ក្នុងពិភពបច្ចេកវិទ្យា៕