បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះប្រឡងមុខវិជ្ជាភាសាខ្មែរឱ្យទទួលបានលទ្ធផលល្អ

អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះប្រឡងមុខវិជ្ជាភាសាខ្មែរឱ្យទទួលបានលទ្ធផលល្អ

នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មុខវិជ្ជាភាសាខ្មែរ គឺជាមុខវិជ្ជាមួយដ៏សំខាន់ ទទួលបាន​ពិន្ទុច្រើន ដោយ​វាផ្ដោតទៅលើការសរសេរសំណេរតែងសេចក្ដី ដូច្នេះ តើបេក្ខជន​ត្រូវត្រៀម​ខ្លួន​យ៉ាង​ដូចម្តេច ដើម្បីអាច​ទទួលបាន​និទ្ទេសល្អ​ក្នុង​វិញ្ញាសាភាសាខ្មែរ?

Advertisement

កញ្ញា ឃីន ស៊ីយ៉ា ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ បច្ចុប្បន្ននាង​ជានិស្សិតឆ្នាំទី២ ជំនាញ​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​ខេមតិច, ស៊ីយ៉ា ឱ្យដឹងថា ដើម្បីទទួលបាន​ពិន្ទុល្អ​ក្នុងការ​ប្រឡងមុខវិជ្ជាភាសាខ្មែរ មុនដំបូងសិស្សានុសិស្សត្រូវចងចាំគម្រោងតែងសេចក្ដីឱ្យបានច្បាស់លាស់ រួមមាន សេចក្ដីផ្ដើម តួសេចក្ដី និងបញ្ចប់សេចក្ដី ហើយត្រូវដឹងថា ពីមួយដំណាក់កាលទៅមួយដំណាក់កាលត្រូវយកអ្វីទៅសរសេរ។

កញ្ញា ឃីន ស៊ីយ៉ា ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២៣ នៃសាលារៀនសុវណ្ណភូមិ, បច្ចុប្បន្ន ជានិស្សិតឆ្នាំទី២ ជំនាញ​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​ខេមតិច

អតីតសិស្សនិទ្ទេស A រូបនេះ បញ្ជាក់បន្ថែមថា តែងសេចក្ដី គឺជាការបកស្រាយប្រធានដែលគេដាក់មក ហើយដើម្បីបកស្រាយឱ្យកាន់តែស៊ីជម្រៅ និងកាន់តែត្រឹមត្រូវ ចាំបាច់ត្រូវមានអំណះអំណាងមកបញ្ជាក់។ អំណះអំណាង គឺជាចំណុចដកចេញពីអក្សរសិល្ប៍ ហៅថា រឿង។​ ដូច្នេះ យើងត្រូវចេះរឿងទាំងអស់ ដើម្បីធ្វើជាអំណះអំណាងសម្រាប់បញ្ជាក់លើការបកស្រាយ។

កញ្ញា ឃីន ស៊ីយ៉ា បញ្ជាក់ថា សិស្សានុសិស្សត្រូវចេះរឿងឱ្យបានច្រើន ជាពិសេស ចងចាំឈ្មោះអ្នកនិពន្ធ (ឆ្នាំនិពន្ធ) និងឈ្មោះតួអង្គឱ្យបានច្បាស់ ដោយសារពីមួយរឿងទៅមួយរឿងឈ្មោះតួអង្គងាយច្រឡំគ្នា។ លើសពីនេះ ត្រូវលើកអំណះអំណាង​ឱ្យបានច្រើនរឿង ដោយគ្រាន់តែច្បិចយកចំណុចសកម្មភាពណាមួយដែលទាក់ទងនឹងការបកស្រាយប្រធានតែងសេចក្ដី ហើយដើម្បីច្បិចយកចំណុចសកម្មភាពតួអង្គបានទាល់តែចេះរឿងឱ្យច្រើន និងចងចាំសកម្មភាពតួអង្គដែលធ្វើសកម្មភាពក្នុងរឿង។

យុវតីវ័យ១៩ឆ្នាំរូបនេះ លើកឡើងទៀតថា ការប្រឡងតែងសេចក្ដីមិនដូចវិញ្ញាសាឆ្លើយសំណួរផ្សេងទៀតដែលមាន៥សំណួរ អាចឆ្លើយ៣សំណួរបាននោះទេ ប៉ុន្តែការប្រឡងតែងសេចក្ដី ចាំបាច់ត្រូវសរសេរឱ្យចប់ចុងចប់ដើម គឺទាល់តែបំពេញតាមគម្រោងតែងសេចក្ដីតាំងពីដើមរហូតដល់ចប់ ទើបទទួលបានលទ្ធផលល្អ។

កញ្ញា ឃីន ស៊ីយ៉ា ក៏បានលើកទឹកចិត្តបេក្ខជនដែល​ត្រៀម​ប្រឡង​បាក់ឌុបឆ្នាំនេះ ត្រូវតែស៊ូឡើង ហើយខំប្រឹងអស់ពីសមត្ថភាព។ ហើយក៏ត្រូវផ្អាកលេងទូរស័ព្ទមួយរយៈ ខំប្រឹងមើលមេរៀន ធ្វើលំហាត់ ធ្វើវិញ្ញាសាឆ្នាំចាស់ៗឡើងវិញ កុំចាំមួយសប្ដាហ៍មុនប្រឡងទើបមើលមេរៀន គឺមិនបានផលទេ។ ជាពិសេស ញ៉ាំអាហារឱ្យ​បានទៀងពេល និងថែរក្សាសុខភាពឱ្យបានល្អ។

គួរជំរាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២៥នេះ នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ខាងមុន។ ក្នុងនោះ មុខវិជ្ជាភាសាខ្មែរ មានពិន្ទុសរុប ១២៥ពិន្ទុ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា