បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញអាមេរិកព្រមានថា អេក្រង់ទូរស័ព្ទអាចប៉ះពាល់ខួរក្បាលកុមារដែលពិបាកកែប្រែវិញ

អ្នកជំនាញអាមេរិកព្រមានថា អេក្រង់ទូរស័ព្ទអាចប៉ះពាល់ខួរក្បាលកុមារដែលពិបាកកែប្រែវិញ

ការស្រាវជ្រាវថ្មីមួយបានព្រមានថា ការប្រើប្រាស់អេក្រង់ច្រើនពេកក្នុងវ័យកុមារភាព អាចបង្កផលប៉ះពាល់យូរអង្វែងដល់ការអភិវឌ្ឍខួរក្បាល និងបុគ្គលិកលក្ខណៈរបស់កុមារ ដែលក្នុងករណីខ្លះអាចពិបាកកែប្រែវិញនៅពេលក្រោយ។

Advertisement

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN ដោយដកស្រង់ឯកសារបោះពុម្ពផ្សាយក្នុងទិនានុប្បវត្តិ Brain Health កាលពីថ្ងៃទី៣ ខែមិថុនា បានបង្ហាញថា បទពិសោធន៍នានាដែលកុមារទទួលបានក្នុងវ័យកុមារភាព មានឥទ្ធិពលយ៉ាងសំខាន់លើសមត្ថភាព អាកប្បកិរិយា និងសុខភាពផ្លូវចិត្តពួកគេនៅពេលពេញវ័យ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បទពិសោធន៍ផ្នែកញ្ញាណ ចលនា ទំនាក់ទំនងសង្គម ព្រមទាំងវប្បធម៌ និងបរិស្ថានជុំវិញខ្លួនក្នុងអំឡុងពេលកុមារភាព មានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើការបង្កើតអត្តសញ្ញាណ និងការអភិវឌ្ឍរបស់មនុស្ស។

លោកវេជ្ជបណ្ឌិត Julio Licinio សាស្ត្រាចារ្យកិត្តិយសផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Upstate នៃសាកលវិទ្យាល័យរដ្ឋញូវយ៉ក និងជាសហអ្នកនិពន្ធការសិក្សា បានឱ្យដឹងថា អ្នកស្រាវជ្រាវបានដាក់ឈ្មោះគោលគំនិតនេះថា “Criticome” ដែលសំដៅលើឥទ្ធិពលរយៈពេលវែង នៃបទពិសោធន៍ក្នុងវ័យកុមារ។

លោកបញ្ជាក់ថា មានដំណាក់កាលសំខាន់ នៃការអភិវឌ្ឍខួរក្បាល ចាប់ពីកំណើតរហូតដល់អាយុប្រមាណ ២៥ឆ្នាំ ហើយអ្វីដែលកើតឡើងក្នុងអំឡុងពេលនេះ អាចកំណត់បុគ្គលិកលក្ខណៈ និងជីវិតរបស់មនុស្សម្នាក់ក្នុងរយៈពេលវែង។

អ្នកជំនាញបានបង្ហាញក្តីបារម្ភថា ការប្រើប្រាស់អេក្រង់កំពុងមានឥទ្ធិពលខ្លាំងលើយុវវ័យ ដោយសារមាតិកាឌីជីថលជាច្រើនត្រូវបានរចនាឡើងឱ្យទាក់ទាញតាមរយៈពណ៌ភ្លឺ ការផ្លាស់ប្តូររូបភាពលឿន និងមាតិកាដែលជំរុញការចាប់អារម្មណ៍ភ្លាមៗ។

លោកស្រី Melissa Greenberg អ្នកចិត្តសាស្ត្រគ្លីនិកនៅមជ្ឈមណ្ឌល Princeton Psychotherapy Center រដ្ឋ New Jersey បានលើកឡើងថា ការប្រើប្រាស់អេក្រង់ច្រើនអាចធ្វើឱ្យកុមារមានអារម្មណ៍ថា សកម្មភាពធម្មតាដូចជា ការលេងជាមួយមិត្តភក្តិ ការជិះកង់ ឬការចេញទៅកម្សាន្តក្រៅផ្ទះ ក្លាយជារឿងគួរឱ្យធុញទ្រាន់។

អ្នកជំនាញបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍជំនាញសង្គម ការគ្រប់គ្រងអារម្មណ៍ និងការរៀនសូត្ររបស់កុមារ។

លោកស្រីបានណែនាំឱ្យឪពុកម្តាយកាត់បន្ថយពេលវេលាប្រើប្រាស់អេក្រង់របស់កុមារ លើកទឹកចិត្តឱ្យពួកគេចំណាយពេលច្រើនជាមួយសមាជិកគ្រួសារ មិត្តភក្តិ និងសកម្មភាពក្រៅអេក្រង់ផ្សេងៗ។

ក្រៅពីផលប៉ះពាល់ផ្លូវចិត្ត អ្នកស្រាវជ្រាវក៏បានបង្ហាញថា ការប្រើប្រាស់អេក្រង់ច្រើនពេកអាចរួមចំណែកដល់បញ្ហាធាត់ជ្រុលក្នុងវ័យកុមារ ដោយសារការកាត់បន្ថយសកម្មភាពរាងកាយ និងទម្លាប់ទទួលទានអាហារពេលកំពុងមើលអេក្រង់។

ការសិក្សានេះក៏បានលើកទឹកចិត្តឱ្យឪពុកម្តាយផ្តល់ឱកាសដល់កុមារក្នុងការរៀនតន្ត្រី សិល្បៈ ភាសា និងសកម្មភាពបង្កើនជំនាញផ្សេងៗ ដែលមានអត្ថប្រយោជន៍ច្រើនជាងការចំណាយពេលលើឧបករណ៍ឌីជីថល៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា