រយៈពេល២ឆ្នាំមកនេះ ពោលគឺចាប់តាំងពីចុងឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន យុវជនប្រមាណ ១២,៥ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពីកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។

រយៈពេល២ឆ្នាំមកនេះ ពោលគឺចាប់តាំងពីចុងឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន យុវជនប្រមាណ ១២,៥ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពីកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយត្រូវបានប្រកាសជាកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោម ៦ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះ មានគោលបំណង ផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងយុវជន នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ដើម្បីទទួលបានឱកាសការងារ ឬ បង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជំនាញចំនួន ៤៥ ក្នុងវិស័យអាទិភាពចំនួន១០ ត្រូវបានកំណត់សម្រាប់ការបណ្តុះបណ្តាលយុវជនក្នុងកម្មវិធី ១,៥លាននាក់នេះ ដោយវិស័យទាំងនោះរួមមាន ៖ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកំដៅ, កម្មន្តសាល, មេកានិក/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យធុរកិច្ច និងព័ត៌មានវិទ្យា។

យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការបន្តជំរុញ ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ ឱ្យស្របតាមតម្រូវការឧស្សាហកម្ម៕
