តើកូនរបស់ខ្ញុំដល់ពេលចូលរៀនហើយឬនៅ? នេះគឺជាសំណួរ ដែលតែងសួរជាញឹកញាប់ នៅពេលឪពុកម្តាយថ្មីថ្មោង ឃើញកូនតូចរបស់ខ្លួនចាប់ផ្តើមមានភាពរហ័សរហួន និងចង់ចេះចង់ដឹងពីពិភពខាងក្រៅកាន់តែខ្លាំង។ បើយោងតាមអ្នកជំនាញអប់រំកុមារតូច ចន្លោះអាយុធម្មតារបស់កុមារថ្នាក់មត្តេយ្យគឺចាប់ពី ៣ ដល់ ៥ ឆ្នាំ។ តែយ៉ាងណាសាលារៀនមានលក្ខខណ្ឌខុសៗគ្នា ដោយសាលាខ្លះទទួលកុមារដែលគ្រប់អាយុ ៣ ឆ្នាំនៅក្នុងអំឡុងពេលណាមួយនៃឆ្នាំសិក្សា ខណៈដែលមជ្ឈមណ្ឌលថែទាំកុមារ អាចទទួលកុមារតូចជាងនេះ ពោលគឺចាប់ពីអាយុ ១៨ ខែឡើងទៅ។
អត្ថប្រយោជន៍ នៃការចូលរៀនមត្តេយ្យ
សាលាមត្តេយ្យផ្តល់នូវមូលដ្ឋានគ្រឹះសំខាន់ៗជាច្រើនសម្រាប់កុមារ រួមមាន៖
១. មូលដ្ឋានគ្រឹះការសិក្សា ៖ កុមាររៀនស្គាល់អក្សរ លេខ រូបរាង និងពណ៌ ព្រមទាំងជួយពង្រីកវាក្យសព្ទ និងការបញ្ចេញមតិ។
២. ជំនាញសង្គម ៖ កុមាររៀនពីរបៀបរស់នៅក្នុងក្រុម ការចែករំលែក ការប្តូរវេនគ្នា និងការគោរពវិន័យ។ ពួកគេក៏រៀនពីការរស់នៅជាមួយមិត្តភក្តិដែលមានភាពខុសគ្នាពីខ្លួនផងដែរ។
៣. ភាពឯករាជ្យ និងទំនុកចិត្ត ៖ ការនៅឆ្ងាយពីផ្ទះ និងការរៀនធ្វើអ្វីៗដោយខ្លួនឯង ជួយឱ្យកុមារមានភាពជឿជាក់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្នាក់បឋមសិក្សា។
លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ លើកឡើងថា ការសិក្សានៅថ្នាក់មត្តេយ្យពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់កុមារ ព្រោះមួយជីវិតដំបូងរបស់មនុស្សមុនអាយុ៦ឆ្នាំនេះ ជាពេលវេលាដែលកោសិកាខួរក្បាលអភិវឌ្ឍខ្លាំងក្លាជាងវ័យណាទាំងអស់។
ការជ្រើសរើសសាលាមត្តេយ្យសម្រាប់កូន
ការជ្រើសរើសសាលារៀនមត្តេយ្យសម្រាប់កូនអ្នក អាស្រ័យលើការរំពឹងទុក និងទីតាំងរបស់ឪពុកម្តាយ, ថ្នាក់មត្តេយ្យគួររៀននៅសាលាជិតផ្ទះបំផុត។ ដោយឡែកលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសសាលាប្រកបដោយគុណភាព គួរគិតទៅលើគុណវុឌ្ឍិរបស់គ្រូ និងមើលទៅលើសមាមាត្រនៃគ្រូបង្រៀន និងកុមារ ដូចជា ប្រសិនបើកុមារមានអាយុពី ២ ទៅ ៣ ឆ្នាំ សមាមាត្រនៃកុមារគឺ ៥ នាក់ មានគ្រូបង្រៀន ១ នាក់, នៅពេលពួកគេធំឡើងនៅអាយុ ៣ – ៤ ឆ្នាំ សមាមាត្រគ្រូបង្រៀនអាច១នាក់ ក្នុងកុមារ ៦នាក់។ តែយ៉ាងណាសមាមាត្រគ្រូ និងសិស្សក្នុងថ្នាក់អាចមានការប្រែប្រួលច្រើនជាងនេះបាន តែថ្នាក់មត្តេយ្យមិនគួរលើសពី ១៥នាក់ ក្នុង ១បន្ទប់នោះទេ។
វិធីត្រៀមខ្លួនសម្រាប់បុត្រធីតា
ដើម្បីជួយកូនឱ្យសម្របខ្លួនបានលឿន ឪពុកម្តាយអាចសាកល្បងវិធីដូចជា នាំកូនទៅទស្សនាសាលាឱ្យបានមុនពេលចូលរៀន, អានសៀវភៅរឿងដែលនិយាយអំពីការទៅសាលារៀន, បង្រៀនកូនឱ្យចេះជួយខ្លួនឯងក្នុងរឿងសាមញ្ញៗ (ដូចជាការលាងដៃ ឬការដោះស្បែកជើង), ទិញកាតាប ឬប្រអប់បាយដែលកូនអាចបើកបិទដោយខ្លួនឯងបាន។
ជួយកូនតូចឱ្យស៊ាំនឹងការបែកពីឪពុកម្តាយ
នៅថ្ងៃដំបូងពេលឈានជើងចូលសាលា កុមារភាគច្រើនមានអារម្មណ៍ភ័យខ្លាច ពិសេសនៅពេលបែកពីអ្នកផ្ទះ, តែកុំបារម្ភ វាគឺជាដំណាក់កាលលូតលាស់ធម្មតារបស់កុមារ។ ដើម្បីជួយកូនឱ្យមានអារម្មណ៍កក់ក្តៅ និងឆាប់ស៊ាំនឹងសាលា ឪពុកម្តាយអាចអនុវត្តតាមវិធីខាងក្រោម៖
១. បង្កើតភាពស្និទ្ធស្នាលជាមួយគ្រូ មុនចូលរៀន ៖ គួរនាំកូនទៅស្គាល់គ្រូ និងសាលាឱ្យបានមុន។ កាលណាកូនឃើញឪពុកម្តាយមានទំនាក់ទំនងល្អ និងទុកចិត្តលោកគ្រូអ្នកគ្រូ ពួកគេនឹងមានអារម្មណ៍សុវត្ថិភាព និងកាត់បន្ថយការភ័យខ្លាចបានច្រើន។
២. បង្កើនរយៈពេលសិក្សាបន្តិចម្តងៗ ៖ កុំបង្ខំឱ្យកូននៅសាលាពេញមួយថ្ងៃភ្លាមៗក្នុងថ្ងៃដំបូង។ អ្នកអាចឱ្យកូនរៀនត្រឹមតែកន្លះម៉ោង ឬមួយម៉ោងសិន បន្ទាប់មកសឹមពន្យារពេលបន្តិចម្តងៗនៅថ្ងៃបន្ទាប់ រហូតដល់ពួកគេមានអារម្មណ៍ស៊ាំ និងអាចនៅរៀនបានពេញមួយថ្ងៃដោយរីករាយ។
៣. ផ្ដល់វត្ថុតំណាងចិត្ត ៖ ការឱ្យកូនកាន់វត្ថុដែលពួកគេស្រឡាញ់ចេញពីផ្ទះទៅជាមួយ (ដូចជា តុក្កតា ភួយ ឬរបស់លេងដែលគេចូលចិត្ត) នឹងជួយឱ្យកុមារមានអារម្មណ៍កក់ក្តៅដូចមានអ្នកផ្ទះនៅក្បែរ ដែលជាបង្អែកផ្លូវចិត្តជួយកាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។
សរុបមកវិញ ការចូលរៀនមត្តេយ្យសិក្សារបស់កូនតូចអ្នក គឺជាការផ្លាស់ប្តូរមួយដែលធ្វើឱ្យទាំងឪពុកម្តាយ និងកុមារមានអារម្មណ៍ភ័យអរខ្លះៗ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏រំភើបនៅក្នុងពិភពនៃការអប់រំផងដែរ៕