បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អត្ថប្រយោជន៍​ និង​ការ​ប្រុងប្រយ័ត្ន ​ចំពោះ​ «​ទឹក​ទទឹម​»

អត្ថប្រយោជន៍​ និង​ការ​ប្រុងប្រយ័ត្ន ​ចំពោះ​ «​ទឹក​ទទឹម​»

​ផ្លែ​ទទឹម​ ​គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ពេញ​និយម ​នៅក្នុង​ប្រទេស​យើង​ ​ដោយសារ​វា​មាន​រសជាតិ​ជូរ​អែម​ឆ្ងាញ់​ ​និង​ត្រូវ​បាន​គេ​ដឹង​ថា​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ការ​ញ៉ាំ​ទឹក​ទទឹម​មាន​ទាំង​ចំណុច​ល្អ​ ​និង​ចំណុច​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​មួយ​ចំនួន​ដែល​យើង​មិន​គួរ​រំលង​ឡើយ​។​

Advertisement

​១. ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​

​នៅក្នុង​ទឹក​ទទឹម​មាន​សារធាតុ​ម្យ៉ាង​ហៅ​ថា​ ​Punicalagins​ ​និង​ ​Polyphenols​ ​ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​(​ខ្លាំង​ជាង​ស្រា​ក្រហម​ និង​តែ​បៃតង​រហូតដល់​ ​៣​ដង​)​។ ​វា​មាន​តួនាទី​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ ​និង​ការពារ​កោសិកា​មិន​ឱ្យ​ងាយ​ខូចខាត​ ​ព្រមទាំង​ជួយ​ឱ្យ​សរសៃ​ឈាម​ដើរ​បាន​ស្រួល ​ដែល​ជា​ចំណែក​មួយ​ជួយ​ការពារ​បេះដូង​ផងដែរ​។​

​ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ​ទឹក​ទទឹម​ស្រស់​មាន​សមាសធាតុ​ដែល​ជួយ​ពង្រឹង​រាងកាយ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ផ្សេង​ៗ​ ​ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ ​(​ដូចជា​លើស​ឈាម​ ​បេះដូង​ ​ទឹកនោម​ផ្អែម​ និង​មហារីក​)​។​

​២. ​ចំណុច​ត្រូវ​ប្រុងប្រយ័ត្ន ​និង​ផល​ប៉ះពាល់​

​ទោះបីជា​ទឹក​ទទឹម​ល្អ ​តែ​ក្រុម​មនុស្ស​ខាងក្រោម​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​៖​

​អ្នក​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ ​៖ ​ទឹក​ទទឹម​សំបូរ​ទៅ​ដោយ​សារធាតុ​ប៉ូតាស្យូម​ ​(​Potassium​) ​ខ្លាំង​ ​ដែល​មិន​ល្អ​ចំពោះ​អ្នកជំងឺ​តម្រងនោម​ ​(​ព្រោះ​តម្រងនោម​ខ្សោយ​មិន​អាច​បញ្ចេញ​ប៉ូតាស្យូម​បាន​ល្អ​)​។ ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុននឹង​ញ៉ាំ​។

​ការ​ប្រើប្រាស់​លាយឡំ​ជាមួយ​ថ្នាំ​ពេទ្យ​ ​៖​ ​ទឹក​ទទឹម​អាច​ទៅ​ទាស់​ ​ឬ​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ​មួយចំនួន​ ​ដូចជា​ ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ និង​ថ្នាំ​ជួយ​បេះដូង​, ​ថ្នាំ​ពង្រាវ​ឈាម​ (​ដូចជា​ថ្នាំ​ ​Warfarin​)​, ​ថ្នាំ​គ្រប់គ្រង​ ​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។

​យ៉ាងណា​ក៏ដោយ​ ​ជា​ដំបូន្មាន​ពី​អ្នក​ជំនាញ​សុខភាព​ ​ប្រសិនបើ​លោក​អ្នក​ទិញ​ទឹក​ទទឹម​ដប​ស្រាប់ ​សូម​ពិនិត្យ​ស្លាក​សញ្ញា​ឱ្យ​ច្បាស់​ថា​ ​ជា​ «​ទឹក​ទទឹម​សុទ្ធ ​១០០​%​» ​ជៀសវាង​ទិញ​ចំ​ទឹក​ទទឹម​លាយ ​(​Juice​ ​drinks​/​Cocktails​) ​ដែល​គេ​ថែម​ស្ករ​គីមី​ច្រើន​។ ​តែ​បើ​អាច​ ​គួរ​ ញ៉ាំ​ផ្លែ​ទទឹម​ស្រស់​ទាំង​គ្រាប់​ ល្អ​ជាង​ការ​កៀប​យក​តែ​ទឹក​ញ៉ាំ​។ ​ហើយ​ប្រសិនបើ​បងប្អូន​មាន​ជំងឺ​ប្រចាំ​កាយ​ ​(​លើស​ឈាម​ ​ទឹកនោម​ផ្អែម ​ឬ​តម្រងនោម​) ​ហើយ​កំពុង​លេប​ថ្នាំ​ពេទ្យ​ប្រចាំ​កាយ ​គួរតែ​សួរនាំ​គ្រូពេទ្យ​ជាមុន​សិន​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា