រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសផែនការដ៏ធំមួយក្នុងការហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្ដាញសង្គមសំខាន់ៗ ដោយគ្រោងអនុវត្តចាប់ពីឆ្នាំ២០២៧ ក្នុងគោលបំណងការពារសុខភាពផ្លូវចិត្ត សុវត្ថិភាព និងការអភិវឌ្ឍរបស់កុមារនៅក្នុងបរិយាកាសឌីជីថល។

រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសផែនការដ៏ធំមួយក្នុងការហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្ដាញសង្គមសំខាន់ៗ ដោយគ្រោងអនុវត្តចាប់ពីឆ្នាំ២០២៧ ក្នុងគោលបំណងការពារសុខភាពផ្លូវចិត្ត សុវត្ថិភាព និងការអភិវឌ្ឍរបស់កុមារនៅក្នុងបរិយាកាសឌីជីថល។
យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer បានឱ្យដឹងថា បណ្តាញសង្គមដូចជា TikTok ; Instagram; Snapchat; Facebook; YouTube និង X នឹងមិនអនុញ្ញាតឱ្យកុមារអាយុក្រោម ១៦ ឆ្នាំចូលប្រើបានទៀតឡើយ ខណៈកម្មវិធីផ្ញើសារដូចជា WhatsApp និង Signal ព្រមទាំង YouTube Kids នឹងត្រូវបានលើកលែង។
រដ្ឋាភិបាលអង់គ្លេសក៏គ្រោងដាក់កម្រិតបន្ថែមលើមុខងារមួយចំនួន ដូចជាការផ្សាយផ្ទាល់ (Livestream) ការទាក់ទងពីមនុស្សចម្លែកនៅលើវេទិកាហ្គេម និងការប្រើប្រាស់ AI Chatbot ដែលមានលក្ខណៈស្នេហា ឬផ្លូវភេទសម្រាប់អ្នកអាយុក្រោម ១៨ ឆ្នាំផងដែរ។
លោក Starmer បានលើកឡើងថា រដ្ឋាភិបាលមិនអាចមើលរំលងផលប៉ះពាល់នៃបណ្ដាញសង្គមចំពោះកុមារបានទៀតទេ ហើយវិធានការនេះគឺជាជម្រើសចាំបាច់ដើម្បីផ្តល់ឱ្យកុមារ «មានវ័យកុមារភាពដែលមានសុវត្ថិភាពជាងមុន»។

ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសមិនមែនជាករណីដាច់ដោយឡែកនោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានចាប់ផ្តើមរឹតបន្តឹងការចូលប្រើបណ្ដាញសង្គមរបស់កុមារ ដោយសារក្តីបារម្ភអំពីការញៀនអេក្រង់ ការគំរាមកំហែងតាមអ៊ីនធឺណិត ព័ត៌មានមិនពិត និងបញ្ហាសុខភាពផ្លូវចិត្ត។
ជាពិសេសប្រទេសអូស្រ្តាលីបានក្លាយជាប្រទេសដំបូងគេដែលអនុម័តច្បាប់ហាមអ្នកអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់បណ្ដាញសង្គមធំៗ ដោយច្បាប់នេះបានទាក់ទាញការចាប់អារម្មណ៍ពីពិភពលោក និងក្លាយជាគំរូសម្រាប់ការរៀបចំគោលនយោបាយនៅប្រទេសផ្សេងៗ។
ក្រៅពីនេះ ប្រទេសដូចជា កាណាដា; ប្រេស៊ីល និងឥណ្ឌូនេស៊ីក៏បានប្រកាស ឬកំពុងពិចារណាវិធានការកំណត់អាយុ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណសម្រាប់កុមារដែលប្រើប្រាស់បណ្ដាញសង្គមផងដែរ។
ក្រុមអ្នកការពារសិទ្ធិកុមារ និងអ្នកជំនាញសុខភាពផ្លូវចិត្តជាច្រើនបានស្វាគមន៍វិធានការនេះ ដោយចាត់ទុកថា ជាជំហានសំខាន់ក្នុងការកាត់បន្ថយហានិភ័យអនឡាញសម្រាប់កុមារ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ការហាមឃាត់ទាំងស្រុងអាចជំរុញឱ្យយុវជនប្ដូរទៅប្រើវេទិកាដែលមិនមានការគ្រប់គ្រង ឬប្រើវិធីបន្លំដូចជា VPN ដើម្បីចូលប្រើបណ្ដាញសង្គមទៅវិញ។
ទោះជាមានការជជែកដេញដោលក្តី ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសបានបង្ហាញថា ពិភពលោកកំពុងឈានទៅរកយុគសម័យថ្មីមួយ ដែលរដ្ឋាភិបាលនានាកាន់តែចូលរួមគ្រប់គ្រង និងកំណត់ការចូលប្រើបច្ចេកវិទ្យារបស់កុមារ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេក្នុងសង្គមឌីជីថល៕
