នៅក្នុងយុគសម័យឌីជីថល និងការវិវត្តនៃសង្គមបច្ចុប្បន្ន បញ្ហា «ការគំរាមកំហែង ឬបៀតបៀន» (Bullying) បានក្លាយជាបញ្ហាសកលដែលប៉ះពាល់ដល់សុខុមាលភាពកុមារយ៉ាងធ្ងន់ធ្ងរ។ វាមិនមែនគ្រាន់តែជាការលេងសើចបន្តិចបន្តួចនោះទេ ប៉ុន្តែវាគឺជាសកម្មភាពអវិជ្ជមានដែលកើតឡើងដដែលៗ និងមានបំណងបង្កការឈឺចាប់ដល់អ្នកដទៃ។
១. តើអ្វីទៅដែលហៅថា ការគំរាមកំហែង (Bully)?
យោងតាមអង្គការ UNICEF ការគំរាមកំហែង ឬ Bully អាចកើតឡើងតាមរូបភាពជាច្រើនដូចជា ការវាយដំ រុញច្រាន ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ, ការប្រមាថ បង្អាប់ ឬការប្រើរហស្សនាមមិនល្អ, ការរុញច្រានឱ្យនៅឯកោ ការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្ខូចឈ្មោះ, ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) ដូចជាការផ្ញើសារគំរាម ឬបង្ហោះរូបភាពអាម៉ាស់តាមបណ្តាញសង្គមជាដើម។
២. សញ្ញាព្រមានដែលអាណាព្យាបាលគួរដឹង
កុមារដែលរងគ្រោះដោយការ Bully ច្រើនតែមិនហ៊ាននិយាយប្រាប់ត្រង់ៗនោះទេ។ ដូច្នេះឪពុកម្តាយ ឬអ្នកអាណាព្យាបាលគួរយកចិត្តទុកដាក់ប្រសិនបើកូនៗមានសញ្ញាដូចជា ៖ មានស្នាមរបួសលើរាងកាយដែលមិនអាចពន្យល់បាន, បាត់បង់សម្ភារៈសិក្សា ឬសម្លៀកបំពាក់រហែក, ផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារ ឬការគេង (យល់សប្តិអាក្រក់), លែងចង់ទៅសាលារៀន ឬលទ្ធផលសិក្សាធ្លាក់ចុះភ្លាមៗ, មានអាការៈភ័យខ្លាច បិទបាំង ឬដកខ្លួនចេញពីមិត្តភក្តិ។
៣. វិធីសាស្ត្រជួយសង្គ្រោះ និងដោះស្រាយ
ប្រសិនបើលោកអ្នកដឹងថា កូនកំពុងរងគ្រោះ សូមកុំស្លន់ស្លោ ប៉ុន្តែត្រូវអនុវត្តតាមជំហានខាងក្រោមនេះ ៖
- បង្កើតបរិយាកាសសុវត្ថិភាពឱ្យកូននិយាយរៀបរាប់ ដោយមិនបន្ទោសពួកគេ។
- ប្រាប់កូនថា “វាមិនមែនជាកំហុសរបស់កូនទេ” និងសន្យាថានឹងជួយពួកគេ។
- ជួបជាមួយគ្រូបង្រៀន ឬនាយកសាលា ដើម្បីរកដំណោះស្រាយរួមគ្នាស្របតាមច្បាប់សាលា។
- បង្រៀនកូនឱ្យចេះនិយាយពាក្យថា “ឈប់” ដោយភាពជឿជាក់ ឬដើរចេញពីស្ថានភាពគ្រោះថ្នាក់។
៤. ចុះបើកូនរបស់អ្នកគឺជា “អ្នកបង្ក” ការគំរាមកំហែង (Bully) វិញ?
ប្រសិនបើអ្នកដឹងថា កូនរបស់ខ្លួនកំពុងធ្វើបាប ឬគំរាមកំហែង (Bully) ក្មេងដទៃ សូមចងចាំថា “កូនរបស់អ្នកមិនមែនជាក្មេងអាក្រក់ពីកំណើតនោះទេ”។ ពួកគេអាចកំពុងមានបញ្ហាផ្លូវចិត្ត បំណងចង់ឱ្យគេចាប់អារម្មណ៍ ឬគ្រាន់តែមិនទាន់ចេះគ្រប់គ្រងអារម្មណ៍ស្មុគស្មាញរបស់ខ្លួន។
ដើម្បីជួយឱ្យកូនបញ្ឈប់សកម្មភាពនេះ លោកអ្នកគួរអនុវត្តជំហានសំខាន់ៗដូចខាងក្រោម៖
(ក). ការប្រាស្រ័យទាក់ទង៖ ព្យាយាមសួរនាំដើម្បីយល់ថា តើមានអ្វីកើតឡើងចំពោះគេ? តើគេមានអារម្មណ៍មិនសុវត្ថិភាពនៅសាលា ឬមានជម្លោះជាមួយមិត្តភក្តិដែរឬទេ? ប្រសិនបើកូនពិបាកពន្យល់ លោកអ្នកអាចពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត ឬគ្រូពេទ្យកុមារ។
(ខ). បង្រៀនពីវិធីសាស្ត្រដោះស្រាយបញ្ហាដោយសន្តិវិធី ៖ សាកល្បងសួរកូនពីស្ថានភាពដែលធ្វើឱ្យគេខឹង រួចជួយគេរកដំណោះស្រាយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ បង្រៀនពួកគេឱ្យចេះ «ដាក់ចិត្តខ្លួនឯង ក្នុងចិត្តអ្នកដទៃ» ដើម្បីឱ្យគេយល់ពីការឈឺចាប់របស់ជនរងគ្រោះ។
(គ). ពិនិត្យមើលឥរិយាបថក្នុងគ្រួសារ ៖ កុមារច្រើនតែរៀនសូត្រតាមអ្វីដែលគេឃើញនៅផ្ទះ។ តើកូនបានឃើញសកម្មភាពហិង្សា ឬការប្រើសម្តីអសុរោះពីអ្នក ឬសមាជិកគ្រួសារ ដែរឬទេ? ចូរស្មោះត្រង់ជាមួយខ្លួនឯង និងធ្វើជាគំរូដ៏ល្អសម្រាប់កូន។
(ឃ). ការកំណត់វិន័យ និងការកែប្រែកំហុស ៖ ត្រូវមានវិន័យដែលមិនមែនជាហិង្សា ដូចជាការកាត់បន្ថយការដើរលេង ឬការប្រើប្រាស់ទូរសព្ទ។ សំខាន់បំផុត ត្រូវលើកទឹកចិត្តឱ្យកូនចេះសុំទោស និងរៀនរស់នៅដោយបរិយាបន្ន (ការរាប់អានគ្រប់គ្នា)៕