ខណៈបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាបច្ចេកវិទ្យាស្នូលដែលជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ច និងទីផ្សារការងារនៅទូទាំងពិភពលោក អ្នកជំនាញ AI កម្ពុជាមើលឃើញថា ប្រជាពលរដ្ឋ និងស្ថាប័នក្នុងប្រទេសកំពុងចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យានេះកាន់តែច្រើន ប៉ុន្តែកម្រិតនៃការប្រើប្រាស់នៅមិនទាន់ឈានដល់ដំណាក់កាលដែលអាចបញ្ចូល AI ទៅក្នុងដំណើរការអាជីវកម្មបានពេញលេញនៅឡើយទេ។
លោក ហ៊ឹន សុភាព គ្រូបណ្ដុះបណ្ដាលបញ្ញាសិប្បនិម្មិត (AI) និងជាអ្នកបង្កើតប្រព័ន្ធបញ្ញា (Intelligent System) បានប្រាប់ AMS ថា តាមរយៈបទពិសោធន៍បណ្ដុះបណ្ដាលនៅតាមក្រុមហ៊ុន និងសាកលវិទ្យាល័យនានា លោកសង្កេតឃើញថា អក្ខរកម្ម AI របស់កម្ពុជានៅមានកម្រិត បើធៀបនឹងប្រទេសដែលកំពុងនាំមុខក្នុងវិស័យនេះ។
លោកបញ្ជាក់ថា បច្ចុប្បន្នអ្នកប្រើប្រាស់ភាគច្រើននៅកម្ពុជានៅតែប្រើ AI ក្នុងទម្រង់សួរឆ្លើយ ឬជួយការងារទូទៅប៉ុណ្ណោះ ខណៈការប្រើប្រាស់កម្រិតខ្ពស់ ដូចជាការភ្ជាប់ AI ទៅក្នុងប្រព័ន្ធអាជីវកម្ម និងដំណើរការងារស្វ័យប្រវត្តិ នៅមានតិចតួចនៅឡើយ។
អ្វីដែលយើងប្រើបច្ចុប្បន្ននេះនៅកម្រិតទូទៅនៅឡើយ។ ការយក AI ទៅភ្ជាប់ក្នុងការងារប្រចាំថ្ងៃ ឬដំណើរការអាជីវកម្មពេញលេញ នៅមិនទាន់មានទូលំទូលាយទេ លើកលែងតែស្ថាប័នធំៗមួយចំនួន ដូចជាវិស័យធនាគារ ដែលមានធនធាន និងអ្នកជំនាញគ្រប់គ្រាន់
ទោះជាយ៉ាងណា លោកកត់សម្គាល់ថា ការយល់ដឹង និងការចាប់អារម្មណ៍លើ AI នៅកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៦ បើប្រៀបធៀបនឹងឆ្នាំមុន។ ប្រជាពលរដ្ឋកាន់តែច្រើនចាប់ផ្ដើមស្គាល់ និងប្រើប្រាស់ឧបករណ៍ AI ដូចជា ChatGPT, DeepSeek, Claude និង Gemini ជាដើម។
លោកមានប្រសាសន៍ថា ក្រៅពីការប្រើប្រាស់ទូទៅ ក្រុមហ៊ុនមួយចំនួនក៏បានចាប់ផ្តើមអភិវឌ្ឍកម្មវិធី (Application) និងដំណោះស្រាយឌីជីថលដែលមាន AI ជាផ្នែកសំខាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការផ្ដល់សេវាកម្មដល់អតិថិជន។
ជុំវិញអនាគត AI នៅកម្ពុជា លោក ហ៊ឹន សុភាព មានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបានប្រហាក់ប្រហែលប្រទេសដទៃ ព្រោះ AI ជាបច្ចេកវិទ្យាដែលរីកសាយភាយយ៉ាងឆាប់រហ័ស និងអាចចូលដំណើរការបានសម្រាប់មនុស្សគ្រប់ទីកន្លែង។
ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា បញ្ហាប្រឈមធំបំផុតរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនមែនជាការប្រើប្រាស់ AI នោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការបង្កើត និងអភិវឌ្ឍ AI ដោយខ្លួនឯង។
លោកពន្យល់ថា កម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា មជ្ឈមណ្ឌលទិន្នន័យ (Data Center) ថាមពលសម្រាប់ដំណើរការប្រព័ន្ធកុំព្យូទ័រកម្រិតខ្ពស់ និងឧបករណ៍ GPU ដែលចាំបាច់សម្រាប់ការបណ្ដុះបណ្ដាល និងអភិវឌ្ឍគំរូ AI ក្នុងស្រុក។
លើសពីនេះ កម្ពុជាក៏នៅខ្វះធនធានមនុស្សដែលមានជំនាញ AI កម្រិតអនុវត្តជាក់ស្ដែង ដែលអាចរចនា អភិវឌ្ឍ និងដាក់ឱ្យដំណើរការប្រព័ន្ធ AI សម្រាប់ដោះស្រាយបញ្ហាជាក់លាក់ក្នុងសង្គម និងសេដ្ឋកិច្ចផងដែរ។
លោកបានសង្កត់ធ្ងន់ថា ការវិនិយោគលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាកត្តាគន្លឹះដែលនឹងកំណត់ថា កម្ពុជាអាចផ្លាស់ប្ដូរពីប្រទេស “អ្នកប្រើប្រាស់ AI” ទៅជាប្រទេសដែលមានសមត្ថភាពបម្លែង និងបង្កើតម៉ូដែល AI ផ្អែកលើសង្គម វប្បធម៌ គុណតម្លៃ ភាសាអក្សរសាស្ត្រខ្មែរ៕