កម្ពុជា និងជប៉ុន បានប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យអប់រំ ទាំងក្នុងប្រព័ន្ធរដ្ឋនិងឯកជន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការកសាងមូលធនមនុស្សសម្រាប់សតវត្សរ៍ទី២១។
ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Kentaro Uesugi សមាជិកសភាជប៉ុន កាលពីថ្ងៃទី២ ខែកក្កដា។
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដោយផ្ដោតលើ៖ ១) ការបង្កើនកម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ២) ការបង្កើនអាហារូបករណ៍សម្រាប់សិស្ស-និស្សិតកម្ពុជា ៣) ការផ្លាស់ប្ដូរបទពិសោធន៍គ្រូបង្រៀន និងមន្ត្រីអប់រំ ៤) ការបណ្ដុះបណ្ដាលគ្រូ ការចុះកម្មសិក្សា និងទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ៥) ការលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និង ៦) ការបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំជប៉ុន ជាមួយសាលារៀនរដ្ឋ និងឯកជននៅកម្ពុជា ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីវឌ្ឍនភាព នៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដោយក្រសួងបានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅមជ្ឈមណ្ឌលគរុកោសល្យ និងបានអភិវឌ្ឍវេទិកាឌីជីថលសម្រាប់សិស្ស និងគ្រូ អាចប្រើប្រាស់មាតិកាសិក្សាតាមរយៈទូរស័ព្ទឆ្លាតវៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដើម្បីពង្រីកឱកាសទទួលបានការអប់រំឱ្យកាន់តែសម្បូរបែបប្រកបដោយគុណភាព និងសមធម៌។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការអនុវត្តវិធានការគន្លឹះសំខាន់ៗ របស់ក្រសួងអប់រំ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនអត្រាចូលរៀន ដោយពង្រីកការសាងសង់អគារសិក្សាបន្ថែមទៀតនៅក្នុងសហគមន៍ និងបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស ឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងមូលធនមនុស្សដែលមានជំនាញសតវត្សរ៍ទី២១។
វិធានការគន្លឹះទាំងនោះរួមមាន ៖ ១. ការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងសាលារៀន (សាលារៀនជំនាន់ថ្មី និងស្តង់ដារសាលាគំរូ), ២. កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូ ការលើកកម្ពស់គុណវុឌ្ឍិគ្រូ (ចាប់ពីកម្រិតអប់រំកុមារតូចដល់ឧត្តមសិក្សា) និងការដំឡើងបៀវត្សគ្រូបង្រៀន, ៣. ការពង្រឹងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM & ICT), ៤. លើកកម្ពស់ការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ, ៥. ជំរុញភាពជាដៃគូរវាងគ្រឹះស្ថានឧត្តមសិក្សា និងសហគ្រាស/ឧស្សាហកម្ម បង្កើនឱកាសផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តផ្ទាល់ និងឱកាសការងារសម្រាប់និស្សិត, ៦. ការយកចិត្តទុកដាក់លើសុខភាពសិក្សា និងអាហារូបត្ថម្ភ និង ៧. ជំរុញការចូលរួមរបស់វិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពអប់រំ ស្របតាមស្តង់ដារអប់រំក្នុងតំបន់ និងអន្តរជាតិ។
ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងបានបញ្ជាក់ពីបំណងរបស់កម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ (20th Asian Games) នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអញ្ជើញ ឯកឧត្តម Kentaro Uesugi មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដើម្បីបន្តរឹតចំណងមិត្តភាពឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕