ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងសិក្សាពីបទពិសោធរបស់ប្រទេសអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL) ដែលជាប្រព័ន្ធបណ្តុះបណ្តាលមួយតម្រូវឱ្យសិស្សសិក្សាទ្រឹស្តីនៅសាលា និងអនុវត្តការងារជាក់ស្តែងនៅកន្លែងការងារ។
ប្រទេសអាល្លឺម៉ង់ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានកំពុងអនុវត្តគម្រោងជាច្រើននៅប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ទាក់ទងនឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL)។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាទីក្រុងហ្រ្វេងហ្វឺត ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក ថស៍ស្ទីន ហ្សាវហ្វឺ ហ្គាមបល (Thorsten Schafer Gumbel) ប្រធានក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយបានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍជំនាញ ដែលជាកត្តាចាំបាច់សម្រាប់កម្ពុជាក្នុងការបន្តរក្សាបាននូវភាពប្រកួតប្រជែងនៅពេលកម្ពុជាបានចាកចេញពីប្រទេសអភិវឌ្ឍតិចតួច (LDC)។

លោក ថស៍ស្ទីន ហ្សាវហ្វឺ ហ្គាមបល ប្រធានក្រុមប្រឹក្សាភិបាល GIZ បានកត់សម្គាល់ថា ការធ្វើទំនើបកម្មកម្លាំងពលកម្មគឺជាកាតាលីករចម្បងសម្រាប់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ លោកមានប្រសាសន៍បន្ថែមថា ការលើកកម្ពស់ជំនាញនៅតែជាអាទិភាពដ៏សំខាន់សម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា និង GIZ ក៏បានពិនិត្យឡើងវិញនូវគម្រោងដែលសម្របស្តង់ដារបណ្តុះបណ្តាលអឺរ៉ុបទៅនឹងតម្រូវការឧស្សាហកម្មក្នុងស្រុក ក្នុងនោះក៏មាន ការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង ដែលសិស្សនិស្សិតត្រូវបែងចែកពេលវេលារបស់ពួកគេរវាងសាលា និងកន្លែងធ្វើការដៃគូ ដើម្បីតម្រឹមជំនាញជាមួយនឹងតម្រូវការរបស់និយោជក៕
























