បន្ទាប់ពីមានការផ្តួចផ្តើមគំនិតកាលពីចុងឆ្នាំ២០២៤ ទីបំផុតទៅ “មជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota” នឹងលេចចេញជារូបរាងឆាប់ៗនេះហើយ បន្ទាប់ពីក្រុមហ៊ុន Toyota (Cambodia) រួមជាមួយនឹងក្រុមហ៊ុន Toyota Tsusho Manufacturing និងវិទ្យាស្ថានបច្ចេកទេស JVC បានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈ ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ដោយផ្តោតទៅលើជំនាញមេកានិចរថយន្ត ដើម្បីឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបនាពេលបច្ចុប្បន្ន។
ក្នុងឱកាសធ្វើជាសក្ខីភាពភាព នៃការចុះហត្ថលេខាលើអនុស្សរណៈនេះ កាលពីល្ងាចថ្ងៃទី២៥ មីនា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ខណៈវិស័យឧស្សាហកម្មរថយន្តកំពុងមានសន្ទុះរីកចម្រើនខ្លាំងនៅកម្ពុជា អនុស្សរណៈ នៃការបង្កើត “មជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota” នេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ បង្កើតឱកាសការងារកាន់តែច្រើន និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការសម្រេចរបស់ក្រុមហ៊ុន Toyota ជ្រើសរើសយកសាលា JVC ជាមជ្ឈមណ្ឌលដៃគូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមហ៊ុន Toyota ជប៉ុន នាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដែលនឹងធ្វើការជាមួយ Toyota នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការភ្ជាប់ទៅនឹងឬសគល់់ នៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ។
បើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុស្សរណៈរវាងក្រុមហ៊ុន Toyota និងវិទ្យាស្ថានបច្ចេកទេស JVC នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ៕