ក្រុមបេក្ខជនសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានសមាជិក ៣នាក់សុទ្ធសឹងតែជានារី បានជាប់ជ័យលាភីលេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតវោហារស័ព្ទជាក្រុម ស្ដីពី «ឥទ្ធិពលនៃគ្រឿងស្រវឹង» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ រៀបចំឡើងរាជបណ្ឌិតសភាកម្ពុជា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា។
កញ្ញា ឈុន លាប ជានិស្សិតឆ្នាំទី៣ ជំនាញឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងតំណាងក្រុមជ័យលាភីលេខ១ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នាងថា ការចូលរួមប្រកួតក្នុងកម្មវិធីប្រកួតនេះ គឺជាឱកាសបញ្ចេញមតិយោបល់របស់នាង ដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានយល់ពីឥទ្ធិពលអវិជ្ជមានរបស់គ្រឿងស្រវឹង និងស្វែងរកវិធានការទប់ស្កាត់បញ្ហារីករាលដាលនៃគ្រឿងស្រវឹង។
ក្រុមបេក្ខជនមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាប់ជ័យលាភីលេខ១
សម្រាប់ លាប នាងមានក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលធនមនុស្សកម្ពុជា។ កញ្ញា បន្តថា នៅពេលកុមារ និងយុវជនទទួលរងឥទ្ធិពលការផ្សាយពាណិជ្ជកម្ម ហើយឈានជើងចូលក្នុងវដ្តនៃការសេពគ្រឿងស្រវឹង វាមិនត្រឹមតែទៅបំផ្លាញកោសិកាខួរក្បាល បញ្ញាស្មារតី និង សមត្ថភាពសិក្សារបស់ពួកគេទាំងវ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលួចប្លន់យកសុខភាព ផលិតភាពការងារ និងកាត់ផ្តាច់ឱកាសក្នុងការអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត ហើយពួកគេនឹងប្រែក្លាយពី “សសរទ្រូងជាតិដ៏រឹងមាំ” ទៅជា “បន្ទុកសង្គមដ៏ធ្ងន់ធ្ងរ” វិញ។
ពីកម្មវិធីប្រកួតនេះ ទាំងក្រុមជ័យលាភីលេខ១ លេខ២ ក៏ដូចជាក្រុមជ័យលាភីលេខ៣ សុទ្ធសឹងតែបានសំណូមពរដល់រដ្ឋាភិបាលឱ្យហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា។ ក្នុងស្ថានភាពបច្ចុប្បន្នដែលកម្ពុជាពុំទាន់ហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងស្រុងបាន ពួកគេយល់ថា រាជរដ្ឋាភិបាលគួរហាមឃាត់ដាច់ខាត នូវការផ្សាយពាណិជ្ជគ្រឿងស្រវឹងក្នុងបណ្តាញព័ត៌មានសង្គម ព្រមទាំងហាមឃាត់មិនឱ្យមានវត្តមានតារា ឬបុគ្គលមានឥទ្ធិពល ចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងជាដាច់ខាត។ ទន្ទឹមនឹងនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរមានត្រឹមតែ “ម៉ាក និងឡូហ្គោ” ផលិតផលប៉ុណ្ណោះ។
ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានប្រសាសន៍ថា ការប្រកួតវោហារសព្ទ ស្ដីពី ”ឥទ្ធិពលនៃគ្រឿងស្រវឹង” មានសារសំខាន់ណាស់ ព្រោះជាវេទិកាមួយដែលគេបានស្តាប់ឮសម្លេងព្រួយបារម្ភរបស់យុវជនអំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងអាចយកធាតុចូលរបស់ក្មួយៗទៅពិចារណាសម្រាប់ការចាត់វិធានការបន្តទៀត។
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា វិញលើកឡើងថា ប្រទេសខ្លាំង ត្រូវមានប្រជាពលរដ្ឋខ្លាំង ដើម្បីអភិវឌ្ឍន៍ប្រជាពលរដ្ឋ ដូច្នេះចាំបាច់ត្រូវដកគ្រឿងស្រវឹងចេញពីខួរក្បាលមនុស្ស។ ក្នុងនោះលោកបណ្ឌិត ក៏បានស្នើឱ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងផងដែរ។
ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា
គួរជំរាបជូនថា សម្រាប់ការប្រកួតវោហារស័ព្ទជាក្រុម ស្ដីពី ”ឥទ្ធិពលនៃគ្រឿងស្រវឹង” នេះ មានយុវជនចំនួនជាង៧០០នាក់ បានផ្ញើអត្ថបទចូលរួមការប្រកួត ចាប់ពីថ្ងៃទី១០ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦៕