បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CFE​ ​រៀបចំ​ព្រឹត្តិការណ៍​ «​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​» ​ខណៈ​កុមារ​ជិត​ ​៧​ពាន់​នាក់​នៅ​តំបន់​ព្រំដែន​បន្ត​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​

CFE​ ​រៀបចំ​ព្រឹត្តិការណ៍​ «​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​» ​ខណៈ​កុមារ​ជិត​ ​៧​ពាន់​នាក់​នៅ​តំបន់​ព្រំដែន​បន្ត​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​

​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ ​(​CFE​) ​ដោយ​គាំទ្រ​ពី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ «​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​» ​នៅ​ថ្ងៃទី​១២​ ​ខែ​កក្កដា ​ឆ្នាំ​២០២៦​ ​ខាងមុខ​ ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ ​និង​ធនធាន​សម្រាប់​ជួយ​កុមារ​នៅ​តំបន់​ព្រំដែន​ដែល​កំពុង​ប្រឈម​បញ្ហា​ក្នុង​ការ​ទទួលបាន​ការ​អប់រំ ​ដោយសារ​ផល​ប៉ះពាល់​ពី​ស្ថានភាព​ជម្លោះ​ ​និង​ការ​ផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​។​

Advertisement

​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​ ​៥:៤៥​ ​នាទី​ព្រឹក​ ​ថ្ងៃអាទិត្យ​ ​ទី​១២​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​ផ្សារ​ទំនើប​ ជី​ប ​ម៉ុង ​២៧១​ ​មេហ្គាម៉ល ​រាជធានី​ភ្នំពេញ​។​

​លោក​ ​ហុង ​លីម ​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​នេះ​ត្រូវបាន​ផ្ដួចផ្ដើម​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ឱកាស​សិក្សា​ ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​អប់រំ ​និង​ជួយ​ឱ្យ​កុមារ​នៅ​តំបន់​ព្រំដែន​អាច​បន្ត​ការ​សិក្សា​បាន​ ​ទោះបីជា​ពួកគេ​កំពុង​ទទួលរង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ និង​វិបត្តិ​មនុស្សធម៌​ក៏ដោយ​។​

​លោក​បាន​អំពាវនាវ​ដល់​សាធារណជន​ ស្ថាប័ន​រដ្ឋ ​ឯកជន ​និង​អង្គការ​ពាក់ព័ន្ធ​ទាំងអស់​ ចូលរួម​គាំទ្រ​កម្មវិធី​មនុស្សធម៌​នេះ​ឱ្យ​បាន​ផុសផុល ​ដើម្បី​រួមចំណែក​ស្តារ​និង​ពង្រឹង​អនាគត​ការ​អប់រំ​របស់​កុមារ​នៅ​តំបន់​ព្រំដែន​។​

​លោក​បាន​លើកឡើង​ថា​ «​ការ​ចូលរួម​របស់​អ្នក​ ​មិន​មែន​គ្រាន់តែ​ជា​ការ​រត់​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ឱកាស​សិក្សា​ ​និង​ជួយ​ឱ្យ​កុមារ​ព្រំដែន​ទទួល​បាន​អនាគត​ដែល​ពួកគេ​សម​នឹង​ទទួល​បាន​»​។​

​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ ធ្វើឡើង​ស្រប​ពេល​ដែល​កុមារ​ និង​គ្រួសារ​ជា​ច្រើន​នៅ​តំបន់​ព្រំដែន​នៅតែ​បន្ត​រង​ផល​ប៉ះពាល់​ពី​ស្ថានការណ៍​ក្រោយ​ជម្លោះ​។​

​យោង​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ ​គិត​មកដល់​ថ្ងៃទី​ ​២១​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ​នៅ​មាន​ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន​ ​២០៤៦៣​នាក់​ ​មិន​ទាន់​អាច​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​បាន​ ក្នុង​នោះ​មាន​ស្ត្រី​ ​១០៥៨១​នាក់​ និង​កុមារ​ ​៦៩២៧​នាក់​។​

​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ ​ទោះបី​បទ​ឈប់​បាញ់​រវាង​កម្ពុជា​ ​និង​ថៃ​បាន​ចូល​ជាធរមាន​តាំងពី​ថ្ងៃទី​២៧​ ​ខែធ្នូ ​ឆ្នាំ​២០២៥​ ​ក៏ដោយ​ ​ប៉ុន្តែ​ភាគី​ថៃ​ពុំ​ទាន់​អនុវត្ត​បាន​ពេញលេញ​តាម​សេចក្ដី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​ ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ ​(​GBC​) ​នៅឡើយ​ ​ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​រស់​នៅ​ក្រៅ​លំនៅឋាន​ ​និង​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​ទទួលបាន​សេវា​សង្គម​ជា​មូលដ្ឋាន​ ​រួមទាំង​ការ​អប់រំ​ផង​ដែរ​ពិសេស​លើ​កុមារ​។​

​អ្នករៀបចំ​កម្មវិធី​រំពឹង​ថា​ ​ព្រឹត្តិការណ៍​ «​រត់​ដើម្បី​ការ​អប់រំ​កុមារ​ព្រំដែន​» ​នឹង​ក្លាយជា​វេទិកា​ប្រមូលផ្តុំ​កម្លាំង​សាមគ្គី​ពី​សាធារណជន ​ដើម្បី​គាំទ្រ​កុមារ​ងាយ​រងគ្រោះ​ ​និង​ធានា​ថា​ ​កុមារ​គ្រប់​រូប​ ​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណា​ក៏ដោយ​ ​នៅតែ​មាន​ឱកាស​ទទួលបាន​ការ​អប់រំ​ប្រកបដោយ​គុណភាព​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា