កម្មវិធី Changemakers 2026 ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយពង្រីកវិសាលភាពទៅកាន់ខេត្តរតនគិរី និងស្ទឹងត្រែង បន្ថែមពីលើរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពត និងកំពង់ចាម ក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសហគ្រិនភាពសម្រាប់កុមារីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា។
កម្មវិធីនេះ គឺជាកិច្ចសហការរវាងអង្គការភ្លែនអន្តរជាតិនៅកម្ពុជា អ៊ីមផេក ហាប់ ភ្នំពេញ (Impact Hub Phnom Penh) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៃក្រសួងកិច្ចការនារី ដើម្បីកសាងប្រព័ន្ធគាំទ្រដ៏រឹងមាំមួយសម្រាប់ស្ត្រីវ័យក្មេងនៅទូទាំងប្រទេស។
លោកស្រី សុវត្ថា នឿ អគ្គនាយកប្រតិបត្តិរបស់ Impact Hub Phnom Penh បានឱ្យដឹងថា កម្មវិធី Changemakers 2026 គឺជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាល វិស័យសាធារណៈ និងវិស័យឯកជន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់សមត្ថភាពភាពជាអ្នកដឹកនាំរបស់កុមារីនៅកម្ពុជា។
លោកស្រីមានប្រសាសន៍ថា «កម្មវិធីស្នូលរបស់យើង Changemakers ត្រូវបានបង្កើតឡើងដំបូង ដើម្បីពង្រឹងយុវជនកម្ពុជាជាមួយជំនាញភាពជាអ្នកដឹកនាំ និងផ្នត់គំនិតសហគ្រិនភាព។ នៅឆ្នាំ ២០២៦ កម្មវិធីនេះបានត្រឡប់មកវិញ ដើម្បីគាំទ្រកុមារីនៅកម្ពុជា»។
ជាមួយគ្នានេះ លោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានថ្លែងថា កម្មវិធីនេះនឹងជួយឱ្យកុមារី និងស្ត្រីវ័យក្មេង ក្លាយជាអ្នកដឹកនាំ និងសហគ្រិនដែលមានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ព្រមទាំងអាចជំរុញការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
លោកមានប្រសាសន៍ថា «យើងជឿជាក់ថា កុមារី និងស្ត្រីវ័យក្មេង អាចក្លាយជាគំរូ និងអ្នកដឹកនាំដ៏មានឥទ្ធិពលក្នុងសង្គម»។
សូមជម្រាបថា គម្រោង “Changemakers 2026” នឹងអនុវត្តរយៈពេល ១២ខែ ដោយផ្ដោតលើការបង្កើនភាពអង់អាចរបស់ក្មេងស្រីជំទង់ និងស្ត្រីវ័យក្មេងនៅតំបន់គោលដៅសំខាន់ៗ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ស្ទឹងត្រែង និងរតនគិរី។
គម្រោងនេះ នឹងផ្ដោតលើការអភិវឌ្ឍភាពជាអ្នកដឹកនាំ សហគ្រិនភាព ការបង្កើតដំណោះស្រាយបែបនវានុវត្តន៍ និងគំនិតអាជីវកម្មថ្មីៗ តាមរយៈការអនុវត្តគម្រោងសហគមន៍ ដើម្បីបង្កើនសក្ដានុពលរបស់ក្មេងស្រីជំទង់ និងស្ត្រីវ័យក្មេង ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍៕