ស្ថានភាពកុមារអូទីស្សឹមនៅកម្ពុជានៅតែប្រឈមនឹងការរើសអើងពីសង្គម ហើយត្រូវការការយកចិត្តទុកដាក់បន្ថែម ទោះបីជារដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានខិតខំប្រឹងប្រែងគាំទ្រក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។

ស្ថានភាពកុមារអូទីស្សឹមនៅកម្ពុជានៅតែប្រឈមនឹងការរើសអើងពីសង្គម ហើយត្រូវការការយកចិត្តទុកដាក់បន្ថែម ទោះបីជារដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានខិតខំប្រឹងប្រែងគាំទ្រក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។
លោក ចាន់ សារិន បានប្រាប់ AMS ថា បញ្ហាប្រឈមសំខាន់ៗចំនួន ៤ ដែលកុមារអូទីស្សឹមកំពុងជួបប្រទះ រួមមាន ការរើសអើងពីសង្គម ការខ្វះសាលារៀនសម្រាប់អប់រំពិសេស ការខ្វះគ្រូបង្រៀនជំនាញ និងមាតាបិតាខ្លះនៅតែមានការលាក់បាំងស្ថានភាពកូនរបស់ខ្លួន។
លោកបានបញ្ជាក់ថា ការរើសអើងចំពោះកុមារអូទីស្សឹមនៅក្នុងសង្គមកម្ពុជានៅតែមាន ប៉ុន្តែបានថយចុះខ្លះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើង នៃការយល់ដឹងរបស់សាធារណៈជន និងមាតាបិតា។
លោកមានប្រសាសន៍ថា «បញ្ហាប្រឈមផ្សេងទៀតសម្រាប់កុមារអូទីស្សឹម គឺខ្វះសាលារៀន និងខ្វះគ្រូបង្រៀនជំនាញ។ មាតាបិតាខ្លះក៏នៅតែមានការលាក់បាំងស្ថានភាពកូន។ ដូច្នេះត្រូវការការយកចិត្តទុកដាក់បន្ថែម ដើម្បីធានាថា កុមារអូទីស្សឹមអាចទទួលបានការអប់រំពេញលេញដូចកុមារធម្មតាដទៃ»។

ការលើកឡើងនេះធ្វើឡើងស្របពេលដែល វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានរៀបចំពិធីអបអរសាទរ ទិវាអូទីស្សឹមកម្ពុជាលើកទី១៣ និងទិវាអូទីស្សឹមអន្តរជាតិលើកទី១៩ នៅថ្ងៃទី២ ខែមេសា ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល និងបរិយាបន្នជនអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ”។
លោកស្រី សេង សុជាតិតា ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាបានរៀបចំប្រារព្ធទិវាអូទីស្សឹមជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មក ដោយមានការចូលរួមគាំទ្រពីក្រសួងសង្គមកិច្ច ក្រសួងអប់រំ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យពិការភាព និងជនអូទីស្សឹម។
លោកស្រីបានបញ្ជាក់ថា បុគ្គលអូទីស្សឹមត្រូវបានកំណត់តាមលក្ខណៈសំខាន់ៗចំនួន ៣ រួមមាន៖ ១. ពិបាកក្នុងការប្រាស្រ័យទំនាក់ទំនងសង្គម, ២. វិបត្តិភាសា និងការនិយាយស្តី និង ទី៣. បញ្ហាអាកប្បកិរិយាជាមួយមនុស្សជុំវិញខ្លួន សហគមន៍ និងគ្រួសារ។

បើតាមការបញ្ជាក់របស់លោក ចាន់ សារិន កុមារអូទីស្សឹមប្រមាណជិត ៣០០០ នាក់ ត្រូវបានកត់ត្រា នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប តាមទិន្នន័យជំរឿនឆ្នាំ២០១៩។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ចំនួនកុមារអូទីស្សឹមអាចមានរាប់ម៉ឺននាក់ទូទាំងប្រទេស។
លោកថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងធ្វើជំរឿនឡើងវិញនៅឆ្នាំ២០២៨ខាងមុខ ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ និងអាចរៀបចំវិធានការដោះស្រាយបញ្ហាប្រឈមរបស់កុមារអូទីស្សឹមឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕
