សាកលវិទ្យាល័យនានានៅប្រទេសចិនកំពុងធ្វើកំណែទម្រង់ដ៏ធំមួយលើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ដោយលុបចោល ឬផ្អាកកម្មវិធីសិក្សាដែលត្រូវបានចាត់ទុកថា «ហួសសម័យ» ចំនួន ១២,២០០ កម្មវិធី និងជំនួសដោយកម្មវិធីថ្មីចំនួន ១០,២០០ ដែលផ្តោតលើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI)។
សារព័ត៌មាន South China Morning Post ឱ្យដឹងថា យោងតាមទិន្នន័យរបស់ក្រសួងអប់រំចិន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានស៊ីនហួ កម្មវិធីសិក្សាជាង ៣០ភាគរយ នៃគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស បានឆ្លងកាត់ការកែសម្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីផ្សារការងារ និងបច្ចេកវិទ្យា។
ការកាត់បន្ថយនេះបានផ្តោតជាចម្បងលើកម្មវិធីសិក្សាសិល្បៈ មនុស្សសាស្ត្រ ភាសាបរទេស និងការគ្រប់គ្រង ដែលត្រូវមើលឃើញថា មាននិស្សិតលើសតម្រូវការ ឬមិនសូវសមស្របនឹងទិសដៅអភិវឌ្ឍសេដ្ឋកិច្ចថ្មីរបស់ប្រទេស។ ផ្ទុយទៅវិញ សាកលវិទ្យាល័យជាច្រើនបានបើកកម្មវិធីថ្មីៗពាក់ព័ន្ធនឹង AI បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអនាគត ដើម្បីគាំទ្រយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍។
ជាឧទាហរណ៍ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសៀងហៃ បានផ្អាកការទទួលនិស្សិតថ្មីសម្រាប់ជំនាញរចនាផលិតផល ដោយសារឱកាសការងាររបស់និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះមានការធ្លាក់ចុះ។
អតីតនិស្សិតម្នាក់បានលើកឡើងថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ AI បានធ្វើឱ្យភារកិច្ចស្នូលជាច្រើនក្នុងការរចនាផលិតផល ដូចជាការបង្កើតគំរូ និងការបង្ហាញរូបភាព អាចត្រូវបានអនុវត្តដោយប្រព័ន្ធ AI បានយ៉ាងមានប្រសិទ្ធភាព។
ស្រដៀងគ្នានេះដែរ សាកលវិទ្យាល័យទំនាក់ទំនងចិន (CUC) បានធ្វើការបង្រួមកម្មវិធីសិក្សាមួយចំនួនក្នុងវិស័យភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវេទិកាផ្សាយផ្ទាល់ និងវីដេអូខ្លីៗ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនូវតម្រូវការជំនាញនៅក្នុងឧស្សាហកម្មនេះ។
ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនបានព្រមានថា ការលុបចោលកម្មវិធីចាស់ និងបង្កើតកម្មវិធីថ្មីតែមួយមុខ ប្រហែលជាមិនអាចដោះស្រាយបញ្ហាបានក្នុងរយៈពេលវែងនោះទេ។លោក Chu Zhaohui អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានវិទ្យាសាស្ត្រអប់រំជាតិចិន បានអំពាវនាវឱ្យសាកលវិទ្យាល័យបង្កើតប្រព័ន្ធសិក្សាដែលមានភាពបត់បែនខ្ពស់ជាងមុន ដោយអនុញ្ញាតឱ្យនិស្សិតជ្រើសរើសមុខវិជ្ជាតាមចំណាប់អារម្មណ៍ សមត្ថភាព និងគោលដៅអាជីពរបស់ខ្លួន។
លោកបានបញ្ជាក់ថា វិធីសាស្ត្របែបនេះនឹងជួយឱ្យនិស្សិតអភិវឌ្ឍជំនាញចម្រុះ និងមានសមត្ថភាពសម្របខ្លួនបានល្អប្រសើរនៅក្នុងទីផ្សារការងារដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយសារបច្ចេកវិទ្យា AI។
ការកែទម្រង់នេះកើតឡើងក្នុងពេលដែលប្រទេសចិនកំពុងប្រឈមនឹងបញ្ហាអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជននៅកម្រិតខ្ពស់ និងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការក្លាយជាមហាអំណាចបច្ចេកវិទ្យាពិភពលោក។
អ្នកសង្កេតការណ៍ជាច្រើនមើលឃើញថា សញ្ញាបត្រសាកលវិទ្យាល័យលែងជាគោលដៅចុងក្រោយទៀតហើយ ប៉ុន្តែកំពុងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍជំនាញថ្មីៗជាបន្តបន្ទាប់៕