បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) នៅប្រទេសអាល្លឺម៉ង់។
កម្មវិធីនេះផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញឯកទេសដែលជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យា (STEM) រួមមាន៖ គណិតវិទ្យា, វិទ្យាសាស្ត្រកុំព្យូទ័រ, វិទ្យាសាស្ត្រធម្មជាតិ និងវិស្វកម្ម។
លក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំ
ដើម្បីទទួលអាហារូបករណ៍នេះ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
-បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ (Bachelor’s Degree) ពីគ្រឹះស្ថានឧត្តមសិក្សាដែលត្រូវបានទទួលស្គាល់មិនលើសពី ៦ ឆ្នាំ គិតមកទល់ពេលដាក់ពាក្យ។
-មិនទាន់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ណាមួយពីមុនមកឡើយ។
-មានលទ្ធផលសិក្សាល្អ (លើសមធ្យម) និងបំពេញតាមលក្ខខណ្ឌចូលរៀនរបស់កម្មវិធី Master’s នៃសាកលវិទ្យាល័យដែលបានជ្រើសរើសនៅអាល្លឺម៉ង់។
-មានសមត្ថភាពភាសាយ៉ាងតិចកម្រិត B1 ក្នុងភាសាដែលប្រើសម្រាប់ការសិក្សា (ភាសាអង់គ្លេស ឬភាសាអាល្លឺម៉ង់ ទៅតាមកម្មវិធីសិក្សា)។
-មិនបានរស់នៅក្នុងប្រទេសអាល្លឺម៉ង់លើសពី ១៥ខែ គិតត្រឹមពេលដាក់ពាក្យ។
អត្ថប្រយោជន៍ដែលទទួលបានពីអាហារូបករណ៍
បេក្ខជនជោគជ័យនឹងទទួលបានការរ៉ាប់រងលើការចំណាយស្ទើរតែទាំងស្រុង រួមមាន៖
-ប្រាក់ឧបត្ថម្ភប្រចាំខែ ៩៩២ អឺរ៉ូ សម្រាប់ថ្លៃស្នាក់នៅ និងចំណាយប្រចាំថ្ងៃ។
-ការធានារ៉ាប់រង សុខភាព គ្រោះថ្នាក់ និងទំនួលខុសត្រូវផ្ទាល់ខ្លួន។
-ប្រាក់ឧបត្ថម្ភថ្លៃសំបុត្រយន្តហោះទៅ-មក ប្រទេសអាល្លឺម៉ង់។
-ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ៤៦០ អឺរ៉ូ សម្រាប់ទិញសៀវភៅ និងសម្ភារៈសិក្សា។
-ឱកាសចូលរៀនវគ្គភាសាអាល្លឺម៉ង់ និងទទួលសំណងថ្លៃប្រឡងភាសា។
-អាចស្នើសុំជំនួយថ្លៃជួលផ្ទះបន្ថែម (បើចាំបាច់) និងជំនួយបន្ថែមសម្រាប់បេក្ខជនដែលមានពិការភាព ឬជំងឺរ៉ាំរ៉ៃ។
-អាចទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ប្តី/ប្រពន្ធ និងកូន ប្រសិនបើពួកគេទៅរស់នៅជាមួយគ្នានៅប្រទេសអាល្លឺម៉ង់។
ដូច្នេះសម្រាប់សិស្ស និស្សិតដែលចាប់អារម្មណ៍ សូមរៀបចំឯកសារ និងដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះ។
ព័ត៌មានលម្អិត និងការដាក់ពាក្យតាមប្រព័ន្ធអនឡាញ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ DAAD ៕