បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី «ដាស់ស្មារតីជាតិ» ជំរុញយុវជនជំនាន់ក្រោយមានស្មារតីរួបរួមគ្នា ពង្រឹងសមត្ថភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិ

កម្មវិធី «ដាស់ស្មារតីជាតិ» ជំរុញយុវជនជំនាន់ក្រោយមានស្មារតីរួបរួមគ្នា ពង្រឹងសមត្ថភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិ

កម្មវិធី «ដាស់ស្មារតីជាតិ» ឬ Day of Reckoning ត្រូវ​បានសហភាពសហព័ន្ធយុវជន​កម្ពុជា រៀបចំ​ធ្វើ​ឡើង​កាលពីល្ងាចថ្ងៃទី២៨ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រុមយុវជនដែលបានចូលរួមកម្មវិធី យល់ថា ព្រឹត្តិការណ៍នេះ ជំរុញពួកគេដែលជាយុវជនជំនាន់ក្រោយ មានស្មារតីរួបរួមគ្នា ពង្រឹងសមត្ថភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

Advertisement

យុវតី ឡន ផាន់ណា និស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យន័រតុន បានប្រាប់ AMS ថា កម្មវិធី «ដាស់ស្មារតីជាតិ» ជាព្រឹត្តិការណ៍ដែលល្អ ក្នុងការជួយដាស់ស្មារតីយុវជនជំនាន់ក្រោយឱ្យចេះឈឺចាប់ចំពោះរឿងរ៉ាវដែលកម្ពុជាធ្លាប់បានជួបក្នុងសង្គា្រមឈ្លានពាន​ និងចេះចងចាំទុក។ ផាន់ណា បន្តថា យើងមានតែយកការឈឺចាប់នេះ មកអភិវឌ្ឍទៅជាសមត្ថភាពរបស់ខ្លួន និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនខ្លាំងជាងនេះទៀត។

យុវតី ឡន ផាន់ណា និស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យនរតុន

«យើងមានតែយកការឈឺចាប់នេះ មកធ្វើជាកម្លាំងចិត្ត នៃការខំប្រឹង កុំយកការគុំកួននេះ មកស្អប់គ្នា វាយគ្នាទៅវិញទៅមក វាមិនចំណេញនោះទេ វាខាតប្រយោជន៍ទាំងសងខាង»។

ក្នុងនាមជាយុវជនមួយរូប យុវតី ឡន ផាន់ណា លើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រ បង្កើនសមត្ថភាពខ្លួនឱ្យខ្លាំង មានការងារល្អ ជៀសឆ្ងាយពីអំពើអបាយមុខ និងចូលរួមការងារស្ម័គ្រចិត្តឱ្យបានច្រើន។

ជាមួយគ្នានេះ យុវជន វ៉ាន់ ឆានុ ជានិស្សិតឆ្នាំទី២ មកពីវិទ្យាស្ថានស៊ីតិច លើកឡើងថា កម្មវិធី «ដាស់ស្មារតីជាតិ» នេះ បានរំលឹកដល់ប្រទេសកម្ពុជា បានជួបប្រទះបញ្ហាសង្គ្រាមឈ្លានពានម្ដងហើយម្ដងទៀត ហើយរូបគេក៏ស្រណោះស្រណោកដល់វីរកងទ័ពខ្មែរ ដែលបានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ។ ក្នុងនោះ មានជនភៀសសឹក ត្រូវជម្លៀសចេញពីផ្ទះ សិស្សានុសិស្សមិនបានទៅសាលារៀន។ យើងមិនចង់ឱ្យវាកើតមានឡើងទៀតទេ។

និស្សិតឆ្នាំទី២ មកពីវិទ្យាស្ថានស៊ីតិច រូបនេះ បញ្ជាក់ថា ការគុំកួនតែងនាំមកនូវសេចក្ដីវិនាសអន្តរាយ, នៅពេលណាយើងមានស្មារតីរួបរួមគ្នា ​យើងជំរុញឱ្យប្រទេសជាតិមានការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់។ ដូច្នេះ យើងជាយុវជន ត្រូវរួបរួមគ្នា ដើម្បីឱ្យប្រទេសជាតិរុងរឿងថ្កើងថ្កានឡើងវិញ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីជាស្ពានអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។

ថ្លែងក្នុងយុទ្ធនាការ «ដាស់ស្មារតីជាតិ» ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា កម្មវិធី «ដាស់ស្មារតីជាតិ» នាំមកនូវការជួបជុំក្រោមដំបូលតែមួយ ដើម្បីរំឭក និងចងចាំអំពីអតីតកាលដ៏ជូរចត់ ប៉ុន្តែពោរពេញដោយមនោសញ្ចេតនា ដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យដែលប្រជាជនកម្ពុជាទាំងមូល បានឆ្លងកាត់រួមគ្នា ក្នុងនាមជាប្រជាជាតិមួយ។ ឯកឧត្តម បន្តថា គ្រប់ជំហានទាំងអស់នៃការរៀបចំ ទាំងការដង្ហែរចូល ដែលឆ្លុះបង្ហាញអ្វីដែលជាសោកនាដកម្ម នៃអតីតកាលគ្រប់ទម្រង់ រូបភាព​ បទចម្រៀង ការសម្ដែងទាំងអស់ ទាំងនេះហើយដែលជាស្មារតី និងជាសារនៃការជួបជុំគ្នា។

«ប្រទេសកម្ពុជា គឺពិតជាស្រឡាញ់សន្តិភាព ពិតជាត្រូវការសុខសន្តិភាព និងពិតជាមិនត្រូវការសត្រូវនោះទេ»

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺមិត្តភក្ដិល្អ និងកិច្ចសហប្រតិបត្តិការពីគ្រប់វិស័យ ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា