ទិន្នន័យចំណាត់ថ្នាក់ប្រព័ន្ធអប់រំពិភពលោកឆ្នាំ២០២៦ (Education Rankings by Country 2026) ចេញផ្សាយដោយ World Population Review បានបង្ហាញថា ប្រទេសដាណឺម៉ាក ស៊ុយអែត ចក្រភពអង់គ្លេស និងហ្វាំងឡង់ គឺជាប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតនៅលើពិភពលោក ដោយសារការវិនិយោគខ្លាំងលើគុណភាពគ្រូបង្រៀន សមត្ថភាពក្នុងការសិក្សា និងការអប់រំកុមារតូច។
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រទេសដាណឺម៉ាកទទួលបានពិន្ទុខ្ពស់បំផុត ១០០, ខណៈស៊ុយអែតទទួលបាន ៩៩.៩, ចក្រភពអង់គ្លេស ៩៦.៨ និងហ្វាំងឡង់ ៩៦.៦។
ដាណឺម៉ាក ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានប្រព័ន្ធអប់រំផ្តោតលើសុខុមាលភាពសិស្ស ការរៀនបែបច្នៃប្រឌិត និងការបង្កើតបរិយាកាសសិក្សាដែលមិនដាក់សម្ពាធខ្លាំងលើកុមារ។ ប្រទេសនេះក៏មានការវិនិយោគខ្ពស់លើការបណ្ដុះបណ្ដាលគ្រូ និងផ្តល់សេវាអប់រំដោយឥតគិតថ្លៃចាប់ពីកម្រិតបឋមរហូតដល់ឧត្ដមសិក្សា។
ស៊ុយអែតវិញ មានកេរ្តិ៍ឈ្មោះល្បីផ្នែកប្រព័ន្ធអប់រំដែលផ្ដល់សិទ្ធិស្មើគ្នា និងលើកទឹកចិត្តឱ្យសិស្សអភិវឌ្ឍជំនាញគិតវិភាគ និងការងារជាក្រុម។ ប្រទេសនេះផ្ដោតខ្លាំងលើការអប់រំបែបបត់បែន និងបរិយាកាសរៀនដែលគាំទ្រសុខភាពផ្លូវចិត្តរបស់សិស្ស។
ចំណែកហ្វាំងឡង់ តែងតែត្រូវបានលើកឡើងជាគំរូអប់រំល្អបំផុតមួយក្នុងពិភពលោក ដោយសារមានម៉ោងសិក្សាសមរម្យ ការធ្វើតេស្តតិច និងការជឿជាក់ខ្ពស់លើគ្រូបង្រៀន។ គ្រូនៅហ្វាំងឡង់ភាគច្រើនត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ហើយវិជ្ជាជីវៈគ្រូត្រូវបានគេចាត់ទុកថាមានកិត្យានុភាពខ្ពស់។
ដោយឡែក ចក្រភពអង់គ្លេស មានសាកលវិទ្យាល័យល្បីៗលំដាប់ពិភពលោកជាច្រើន ដូចជា Oxford និង Cambridge ហើយមានប្រព័ន្ធស្រាវជ្រាវ និងអប់រំឧត្តមសិក្សាដែលទទួលស្គាល់ជាសកល។
របាយការណ៍ដដែលបានបង្ហាញថា សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងពិភពលោក។ ទោះបីប្រទេសនេះមានគុណភាពអប់រំថ្នាក់ឧត្ដមសិក្សា និងសមិទ្ធផលស្រាវជ្រាវខ្ពស់ក៏ដោយ ប្រព័ន្ធអប់រំរបស់ខ្លួននៅតែប្រឈមបញ្ហាផ្នែកប្រសិទ្ធភាព ការចំណាយខ្ពស់ និងភាពមិនស្មើគ្នានៃលទ្ធផលសិក្សាកម្រិត K-12 បើប្រៀបធៀបនឹងប្រទេសឈានមុខផ្សេងៗ។
ការរៀបចំចំណាត់ថ្នាក់នេះ ផ្អែកលើកត្តាជាច្រើន រួមមាន គុណភាពប្រព័ន្ធអប់រំសាធារណៈ ការចូលដំណើរការថ្នាក់ឧត្តមសិក្សា និងការយល់ឃើញជាសកលចំពោះគុណភាពអប់រំរបស់ប្រទេសនីមួយៗ។
សូមជម្រាបជូនថា ទិន្នន័យនេះត្រូវបានប្រមូលពីរបាយការណ៍ Best Countries របស់ U.S. News និងមូលដ្ឋានទិន្នន័យអប់រំ World Top 20 (WT20) ដែលបានប្រមូលសូចនាករអន្តរជាតិពាក់ព័ន្ធនឹងអក្ខរកម្ម ប្រព័ន្ធសិក្សា និងសមិទ្ធផលអប់រំ ដើម្បីធ្វើការប្រៀបធៀបរវាងប្រទេសនានា៕