បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រក្សា​សុខភាព​ ​និង​ជៀសវាង​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ ​៖​ ​ស្វែងយល់​ពី​បន្លែ​ ​និង​ផ្លែ​ឈើ ​៥​ ​ប្រភេទ​ ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ខ្ពស់​

រក្សា​សុខភាព​ ​និង​ជៀសវាង​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ ​៖​ ​ស្វែងយល់​ពី​បន្លែ​ ​និង​ផ្លែ​ឈើ ​៥​ ​ប្រភេទ​ ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ខ្ពស់​

​លោក​អ្នក​ប្រាកដជា​ធ្លាប់​បាន​ឮ​ដំបូន្មាន​ជាញឹកញាប់​មក​ហើយ​ថា​ ​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​យ៉ាងហោចណាស់​ ​៨​ ​កែវ​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បីឱ្យ​ខួរក្បាល​ និង​រាងកាយ​ដំណើរការ​បាន​ល្អ​។ ​ប៉ុន្តែ​ ​លោក​វេជ្ជបណ្ឌិត​ ​Sean​ ​Hashmi​ ​ឯកទេស​រោគ​ធាត់​ និង​វេជ្ជសាស្ត្រ​គ្រួសារ​ ​នៅ​មណ្ឌល​ ​Kaiser​ ​Permanente​ ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​កត់សម្គាល់​ថា​ ​មនុស្ស​ភាគ​ច្រើន​តែងតែ​យល់​ច្រឡំ​ថា​មាន​តែ​ការ​ញ៉ាំ​ទឹក​មួយ​មុខ​ទើប​អាច​បំពេញ​ជាតិ​ទឹក​បាន​ តាមពិត​ទៅ​ «​របប​អាហារ​ដែល​អ្នក​ញ៉ាំ​ជារៀងរាល់​ថ្ងៃ​ ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជាតិទឹក​ដល់​រាងកាយ​ផងដែរ​»​។​

Advertisement

​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ ​និង​សម្បូរ​ទៅ​ដោយ​បន្លែ ​ផ្លែ​ឈើ​ ​អាច​ផ្តល់​ជាតិទឹក​ដល់​ទៅ​ ​២០​ ​ភាគរយ​ នៃ​តម្រូវការ​ជាតិ​ទឹក​ប្រចាំ​ថ្ងៃ​របស់​រាងកាយ​។ ​មិន​តែ​ប៉ុណ្ណោះ​ ​វា​ថែមទាំង​ផ្តល់​នូវ​វីតាមីន ​និង​ជាតិ​សរសៃ ​(​Fiber​) ​យ៉ាង​ច្រើន​ទៀតផង​។

​ដើម្បី​ជួយ​ដល់​ការ​ជ្រើសរើស​របប​អាហារ​ប្រចាំ​ថ្ងៃ​ ​អ្នកជំនាញ​បាន​ណែនាំ​បន្លែ​ ​និង​ផ្លែ​ឈើ​ចំនួន​ ​៥​ ​ប្រភេទ​ ​ដែល​មាន​ជាតិ​ទឹក​ខ្ពស់​បំផុត​ ​និង​ងាយស្រួល​រក​ទិញ​នៅលើ​ទីផ្សារ​ប្រទេស​យើង​ ​៖​

​១.​ ត្រសក់​

​ត្រសក់​គឺជា​បន្លែ​ដែល​មាន​ជាតិ​ទឹក​ខ្ពស់​បំផុត​មួយ​ ​ដោយ​វា​មាន​ផ្ទុក​ជាតិ​ទឹក​រហូតដល់ទៅ​ជាង​ ​៩៥​ ​ភាគរយ​។​ ក្រៅពី​យក​ទៅ​ស្ល ​ឬ​ធ្វើជា​បន្លែ ​លោក​អ្នក​អាច​ច្នៃ​វា​ធ្វើជា​អាហារ​សម្រន់​ ​ដោយ​ហាន់​ជា​បន្ទះ​ៗ​ញ៉ាំ​ជាមួយ​ទឹកជ្រលក់​ ​ឬ​ទឹក​គ្រឿង​ ​ដើម្បី​ជំនួស​ឱ្យ​ការ​ញ៉ាំ​ដំឡូង​បារាំង​បំពង​។​

​២.​ ឪ​ឡឹក​

​ឪឡឹក​មាន​ជាតិ​ទឹក​ខ្ពស់​ និង​មាន​កាឡូរី​ទាប ​(​ត្រឹមតែ​ ​៤៦​ ​កាឡូរី​ប៉ុណ្ណោះ​ក្នុង​មួយ​ពែង​)​។ ​វា​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ញ៉ាំ​លាង​មាត់​ ​ឬ​ធ្វើជា​សាឡាត់​ផ្លែ​ឈើ​ ​លាយ​ជាមួយ​ស្លឹក​ជី​អង្កាម ​ដើម្បី​បង្កើន​រសជាតិ​ ​និង​ផ្តល់​ភាព​ស្រស់ស្រាយ​នៅពេល​មាន​អាកាសធាតុ​ក្តៅ​។​

​៣. ​ស្ពៃ​ក្តោប​

​ទោះបីជា​បន្លែ​បៃតង​ស្ទើរតែ​គ្រប់​ប្រភេទ​សុទ្ធតែ​មាន​ជាតិ​ទឹក​ក៏ដោយ​ ​ប៉ុន្តែ​ស្ពៃ​ក្តោប ​មាន​ជាតិ​ទឹក​ខ្ពស់​ជាង​គេ​ ​បើ​ធៀប​នឹង​ទម្ងន់​ ​ពោល​គឺ​មាន​រហូតដល់​ ​៩៦​ ​ភាគរយ​។​ ក្រៅពី​ធ្វើជា​សាឡាត់​ លោក​អ្នក​អាច​ប្រើ​សន្លឹក​ស្ពៃ​នេះ​មក​ខ្ចប់​សាច់​អាំង​។​

​៤. ​ផ្លែ​ប៉េងប៉ោះ​

​ប៉េងប៉ោះ​មាន​ផ្ទុក​ជាតិ​ទឹក​ប្រហែល​ ​៩៤​ ​ភាគរយ​ ​និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ប៉ូតាស្យូម​ ​(​២៩២​ ​មីលីក្រាម​ ក្នុង​ប៉េងប៉ោះ​ទំហំ​មធ្យម​មួយ​ផ្លែ​)​។ ​ប៉េងប៉ោះ​ជា​បន្លែ​ដែល​ងាយស្រួល​ចម្អិន ​និង​ច្នៃ​បាន​ច្រើន​មុខ​ ​មិន​ថា​យក​ទៅ​ធ្វើ​ទឹកជ្រលក់​ ​ឆា ​ស្ល ​ឬ​គ្រាន់តែ​ហាន់​ជា​ចំណិត​ស្តើង​ៗ​ ​រួច​រោយ​អំបិល​ ​និង​ម្រេច​បន្តិច​ ​ក៏​មាន​រសជាតិ​ឆ្ងាញ់​បាត់​ទៅ​ហើយ។​

​៥.​ ​ម្ទេស​ប្លោក​

​ម្ទេស​ប្លោក​ ​(​ពណ៌​បៃតង​ ក្រហម​ លឿង​) ​មាន​ជាតិ​ទឹក​ប្រហែល​ ​៩២​ ​ភាគរយ​។ ​លោក​អ្នក​អាច​ហាន់​វា​ជា​ដុំ​តូច​ៗ​ដើម្បី​បន្ថែម​ភាព​ស្រួយ​នៅក្នុង​សាឡាត់​ ​ឬ​ហាន់​ជា​កង់​ធំ​ៗ​សម្រាប់​ជ្រលក់​ជាមួយ​ទឹក​គ្រឿង​ផ្សេង​ៗ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​ ​អ្នកជំនាញ​បាន​ផុ្តល់​ដំបូន្មាន​ថា​ ​”​ទោះបីជា​ការ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ខាងលើ​នេះ​មាន​ផ្តល់​ជាតិ​ទឹក​ក៏ដោយ​ ​តែ​សូម​កុំ​ប្រើ​វា​ធ្វើជា​លេស​ដើម្បី​កាត់បន្ថយ​ការ​ញ៉ាំ​ទឹក​ស្អាត​ឱ្យ​សោះ​”​។ ​វិធីសាស្ត្រ​ដែល​ល្អ​បំផុត​គឺ​ ការ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ទាំង​នេះ​ ​រួមផ្សំ​ជាមួយនឹង​ការ​ញ៉ាំ​ទឹក​ស្អាត​ឱ្យ​បាន​ទៀងទាត់​ជារៀងរាល់​ថ្ងៃ​ ​ដើម្បី​ធានា​ថា​ ​រាងកាយ​របស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ​និង​មាន​សុខភាព​មាំមួន​ជានិច្ច​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា