ភ្នំពេញ — អ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំកុមារតូច បានអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតមាតាបិតា ក្នុងការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន ដើម្បីទាញយកសក្តានុពលខួរក្បាលរបស់កុមារឱ្យអស់លទ្ធភាព ស្របតាមតម្រូវការបំណិនសម្រាប់សតវត្សទី២១។

ភ្នំពេញ — អ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំកុមារតូច បានអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតមាតាបិតា ក្នុងការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន ដើម្បីទាញយកសក្តានុពលខួរក្បាលរបស់កុមារឱ្យអស់លទ្ធភាព ស្របតាមតម្រូវការបំណិនសម្រាប់សតវត្សទី២១។
ក្នុងពិធីសម្ពោធសៀវភៅស៊ីធីដា ជាភាសាខ្មែរ នៅមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា ជប៉ុន CJCC កាលពីសប្តាហ៍កន្លងទៅនេះ លោកស្រី សរ ម៉ុន្ថា នាយិកានៃមណ្ឌលអប់រំកុមារតូច ស៊ីជីដាកម្ពុជា បានសង្កត់ធ្ងន់ថា គន្លឹះសំខាន់បំផុតនៃការអប់រំកូនបែបវិជ្ជមាន គឺត្រូវផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ឪពុកម្តាយជាមុនសិន ទើបកូនៗអាចផ្លាស់ប្តូរតាមក្រោយបាន។ តាមរយៈបទពិសោធន៍ជិតមួយទសវត្សរ៍កន្លងមកនេះ លោកស្រីបានទទួលការផ្តល់មតិវិជ្ជមានជាច្រើនពីអាណាព្យាបាលរបស់កុមារតូច ក្នុងការចិញ្ចឹមបីបាច់កូនដោយការទទួលយក ការផ្តល់នូវសេចក្តីស្រលាញ់ និងការកោតសរសើរ។

ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នៅពេលដែលឪពុកម្តាយក្លាយជាគ្រូ ផ្ទះនឹងក្លាយជាសាលារៀនដ៏កក់ក្តៅ និងពេញដោយក្តីស្រលាញ់សម្រាប់កូនៗ។ ឯកឧត្តមបន្តថា កុមារនឹងអាចប្រើអស់សក្តានុពលរបស់គាត់ក្លាយជាមូលធនមនុស្ស នៅពេលដែលទទួលបានការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ទាំងផ្នែកសុខមាលភាពកាយ សុខភាពផ្លូវចិត្ត រួមជាមួយការហ្វឹកហាត់បំផុសសមត្ថភាពខួរក្បាលជាមួយនឹងវិធីសាស្ត្រដ៏ត្រឹមត្រូវ។
ឯកឧត្តមប្រាក់ កុសល មានប្រសាសន៍ថា ឆ្នាំ២០២៦នេះ ពិតជាពិសេសដែលស៊ីជីដាកម្ពុជា បានប្រឹងប្រែង ប្រែសម្រួលសៀវភៅជាភាសារខ្មែរ ដែលមានចំណងជើងថា “កុមារអាចផ្លាស់ប្តូរតាមរយៈខួរក្បាលខាង ស្តាំ”។ ឯកឧត្តមថា សៀវភៅនេះផ្តោតលើវិធីសាស្ត្រអប់រំដែលអាចទាញយកនូវឆន្ទៈ និងសក្តានុពលដ៏ខ្លាំងខ្លារបស់ កុមារតូច។ សៀវភៅនេះជាស្នាដៃរបស់លោក ស៊ីជីដា ម៉ាកូតូ ស្ថាបនិករបស់វិទ្យាស្ថានស៊ីជីដា នៅ ប្រទេសជប៉ុន ដែលមានសំណៅដើមជាភាសាជប៉ុន និងអង់គ្លេស។ ឯកឧត្តមជឿជាក់ថា យើងនឹងរៀនសូត្រទាំងអស់គ្នា ហើយមាតាបិតាអាចធ្វើបានព្រោះកន្លែងនេះមានទាំងទ្រឹស្តីសៀវភៅ និងកន្លែងអនុវត្តផ្ទាល់។

តាមរយៈលទ្ធផលស្រាវជ្រាវ បានបង្ហាញថា វិធីសាស្ត្រនៃការអប់រំស៊ីជីដា “SHICHIDA Method” គឺជាកម្មវិធី សំខាន់ ដែលជាវិធីសាស្ត្រ នៃការអប់រំបណ្តុះបណ្តាលខួរក្បាល ទាំងសងខាង ជាពិសេសផ្តោតទៅលើការ លើកទឹកចិត្ត និងបណ្តុះទេពកោសល្យរបស់កុមារ។ អ្នកស្រី សោម លក្ខិណា ដែលជាអាណាព្យាបាលម្នាក់ បានបង្ហាញក្តីសង្ឃឹមថា ការយកចិត្តទុកដាក់អភិវឌ្ឍកូនតាំងពីតូច ស្របតាមចំណេះដឹងដែលទទួលបានពីស៊ីជីដា នឹងជួយឱ្យកូនរបស់អ្នកស្រីនឹងក្លាយជាថ្នាក់ដឹកនាំដ៏ល្អទាំងនៅក្នុងកន្លែងការងារ និងក្នុងជីវិតនាពេលអនាគត៕
