ការអប់រំកុមារតូចនៅកម្ពុជា កំពុងបន្តបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ខណៈអត្រាចូលរៀនរបស់កុមារអាយុ៥ឆ្នាំ មាននិន្នាការកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ការអប់រំកុមារតូចនៅកម្ពុជា កំពុងបន្តបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ខណៈអត្រាចូលរៀនរបស់កុមារអាយុ៥ឆ្នាំ មាននិន្នាការកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា អត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុ ៥ ឆ្នាំ បានកើនឡើងពី ៦១,៤ ភាគរយ ក្នុងឆ្នាំសិក្សា ២០១៤–២០១៥ ដល់ ៧៧,៩ ភាគរយ ក្នុងឆ្នាំសិក្សា ២០២៥–២០២៦។ វឌ្ឍនភាពនេះបង្ហាញថា អត្រាចូលរៀនរបស់កុមារអាយុ ៥ ឆ្នាំ មានកំណើនប្រមាណ ១,៧ ភាគរយក្នុងមួយឆ្នាំសិក្សា។
ក្នុងចំណោមនោះ អត្រាចុះឈ្មោះចូលរៀនរបស់កុមារី បានកើនឡើងពី ៥០,៣ ភាគរយ ក្នុងឆ្នាំសិក្សា ២០១៤–២០១៥ ដល់ ៧៨,៣ ភាគរយ ក្នុងឆ្នាំសិក្សា ២០២៥–២០២៦ ខណៈអត្រាចុះឈ្មោះចូលរៀនរបស់កុមារា ក៏បានកើនឡើងពី ៥៩ ភាគរយ ដល់ ៧៨,២ ភាគរយ ក្នុងរយៈពេលដូចគ្នា។

លោក កាន់ ពុទ្ធី បានពន្យល់ថា កំណើននេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាអប់រំកុមារតូចឱ្យកាន់តែទូលំទូលាយ។ កិច្ចខិតខំប្រឹងប្រែងនេះរួមមាន ការបង្កើនចំនួនសាលាមត្តេយ្យសិក្សាសាធារណៈ និងសាលាមត្តេយ្យសិក្សាសហគមន៍ ព្រមទាំងការកើនឡើង នៃការយល់ដឹងរបស់មាតាបិតាអំពីសារៈសំខាន់ នៃការអប់រំកុមារក្នុងវ័យដំបូង និងការអភិវឌ្ឍខួរក្បាលកុមារ។
លោកបញ្ជាក់ថា «កំណើនអត្រាចូលរៀនរបស់កុមារតូច បង្ហាញថា វិស័យអប់រំកុមារតូចនៅកម្ពុជា កំពុងមានការរីកចម្រើន។ វាឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយបានត្រឹមត្រូវ ការយល់ដឹងកាន់តែប្រសើររបស់មាតាបិតា និងសហគមន៍ ព្រមទាំងការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដែលជួយជំរុញការអភិវឌ្ឍធនធានមនុស្ស ចាប់ផ្តើមពីការអប់រំកុមារតូច»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញគោលនយោបាយ និងវិធានការកំណែទម្រង់ជាច្រើន ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូច ស្របតាមវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល។ វិធានការទាំងនេះរួមមាន ការបង្កើនការចូលរៀននៅកម្រិតអប់រំកុមារតូចសម្រាប់កុមារទាំងអស់ ដោយផ្តោតលើសមភាពយេនឌ័រ សមធម៌ និងបរិយាបន្ន ការលើកកម្ពស់គុណភាពកម្មវិធីអប់រំកុមារតូច និងការពង្រឹងប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការនៃការអប់រំកុមារតូច។
ជាមួយគ្នានេះ លោកស្រី យឹម សិរីនីតា អគ្គលេខាធិការសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានប្រាប់ AMS ថា ការអប់រំកុមារតូចនៅកម្ពុជា បច្ចុប្បន្នកំពុងមានភាពប្រសើរឡើង ដោយសារមាតាបិតាកាន់តែយល់ដឹងពីសារៈសំខាន់ នៃការចុះឈ្មោះកូនឱ្យបានសិក្សាតាំងពីថ្នាក់មត្តេយ្យ ព្រោះការអប់រំថ្នាក់មត្តេយ្យគឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការបន្តការសិក្សានៅកម្រិតខ្ពស់។

លោកស្រីមានប្រសាសន៍ថា «ខ្ញុំមើលឃើញថា ការអប់រំកុមារតូចបច្ចុប្បន្ន មានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនសិស្សចូលរៀន និងការកើនឡើង នៃចំនួនសាលារៀន ទាំងសាលារដ្ឋ និងឯកជន។ មាតាបិតាបច្ចុប្បន្នចង់ឱ្យកូនទទួលបានការអប់រំតាំងពីថ្នាក់មត្តេយ្យ»។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកការពង្រឹងគុណភាពសេវាអប់រំកុមារតូច ជាផ្នែកសំខាន់ នៃកំណែទម្រង់វិស័យអប់រំ។ ការពង្រឹងនេះមានគោលបំណងជួយឱ្យកុមារក្លាយជាធនធានមនុស្សបន្តវេនដែលមានសមត្ថភាពរឹងមាំ និងអាចរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕
ដោយ ៖ សែន ដាវិត
