ជាមួយគ្នានេះ គ្រូបង្រៀនក៏ដូចជាគ្រឹះស្ថានអប់រំក៏ត្រូវយកចិត្តទុកដាក់លើភាពលំអៀង នៃក្បួនដោះស្រាយ ព្រោះថា AI ដែលរៀនពីសំណុំទិន្នន័យចាស់ អាចនឹងឆ្លុះបញ្ចាំង និងបង្កើតឡើងវិញនូវភាពលំអៀងសង្គមដែលមានក្នុងទិន្នន័យទាំងនោះ ដែលជាហេតុអាចជំរុញវិសមភាពអប់រំដែលមានស្រាប់ ជាជាងជួយកាត់បន្ថយ។ ក្នុងន័យនេះ គ្រូបង្រៀនត្រូវតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការណែនាំ ឬមាតិកា ដែលបង្កើតឡើងដោយ AI តាមរយៈការវាយតម្លៃដោយហ្មត់ចត់ និងការយល់ដឹងពី ភាពលំអៀងនៃក្បួនដោះស្រាយ (Algorithmic Bias)។
ក្រៅពីនេះ នៅពេលនិយាយអំពីការប្រើប្រាស់ AI គ្រូបង្រៀនតែងតែលើកឡើងពីការចម្លងទាំងស្រុងពីខ្លឹមសារផ្តល់ឱ្យដោយ AI ដែលនេះជាកង្វល់ចម្បងរបស់ពួកគេ។ ដូច្នេះ សំណួរសួរថា តើយើងមិនគួរអនុញ្ញាតឱ្យសិស្សប្រើប្រាស់បច្ចេកវិទ្យាទេ ឬ បង្រៀនពួកគេឱ្យចេះប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានត្រឹមត្រូវ? AI មិនមែនជា ជម្រើសទៀតទេ ប៉ុន្តែជាតម្រូវការសម្រាប់ពេលបច្ចុប្បន្ន។
ក្នុងន័យនេះ ជាជាងជ្រើសរើសការបិទមិនឱ្យសិស្សប្រើប្រាស់ គ្រឹះស្ថានអប់រំ ឬ គ្រូបង្រៀនគួរតែជំរុញការបង្រៀនសិស្សពីរបៀបប្រើប្រាស់ AI ជាជំនួយសម្រាប់ការរៀនសូត្រ ជាជាងពឹងផ្អែកលើបច្ចេកវិទ្យានេះទាំងស្រុង។ ជាមួយគ្នានេះ សិស្ស ក៏ត្រូវច្បាស់លាស់ និងស្មោះត្រង់ដូចគ្នា អំពីរបៀបដែល AI ត្រូវបានប្រើប្រាស់ក្នុងការងាររបស់ខ្លួន ដោយត្រូវប្រើប្រាស់ឧបករណ៍ AI ជាជំនួយគាំទ្រដល់ការរៀនសូត្រ មិនមែនជំនួសការត្រិះរិះពិចារណា ឬបញ្ញារបស់ខ្លួនឯងនោះទេ។