ការបន្តការសិក្សានៅបរទេស គឺជាក្តីស្រមៃរបស់សិស្ស-និស្សិតកម្ពុជាជាច្រើន ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍ពិតជាក់ស្តែងនៅលើទឹកដីបរទេស មិនមែនមានតែភាពរលូននោះទេ ពោលគឺត្រូវទាមទារឱ្យមានការតស៊ូ និងការត្រៀមខ្លួនប្រឈមមុខនឹងការផ្លាស់ប្តូរ។
លោក គួយ ពៅ អតីតនិស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយសាធារណៈ ពីសាលាសិក្សាអភិបាលកិច្ច នៃសាកលវិទ្យាល័យ Meiji ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានចែករំលែកបទពិសោធរបស់លោក កំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស ដោយថា ការសិក្សានៅក្រៅប្រទេសពិតជាបានផ្តល់ផលប្រយោជន៍ដល់យើងជាច្រើន ទាំងចំណេះដឹង ការអភិវឌ្ឍន៍ជំនាញ ព្រមទាំងបទពិសោធន៍ថ្មីៗ ប៉ុន្តែទន្ទឹមនឹងនោះ សិស្ស-និស្សិតក៏អាចជួបប្រទះនូវបញ្ហាមួយចំនួនផងដែរដូចជា៖
១. បញ្ហាប្រឈមក្នុងការរស់នៅ (អាហារ និងអាកាសធាតុ)
បើតាម លោក គួយ ពៅ ពាក់ព័ន្ធទៅនឹងការរស់នៅក្នុងប្រទេសជប៉ុន គឺទាមទាររយៈពេលសម្របខ្លួននៅក្នុងការរស់នៅ។ តួយ៉ាងបញ្ហាអាហារហូបចុក ដោយហេតុថា អាហារមួយចំនួនពុំមានរស់ជាតិដូចអាហារដែលយើងធ្លាប់ទទួលទាន និងពុំសូវមានគ្រឿងទេសសម្រាប់ធ្វើម្ហូបខ្មែរជាដើម ។
ដូច្នេះ សម្រាប់លោកផ្ទាល់ ត្រូវការរយៈពេលជាង ២សប្ដាហ៍ ដើម្បីអាចសម្របខ្លួនទទួលទានអាហារជប៉ុនមួយចំនួនធំ។ ចំពោះអាកាសធាតុនៅប្រទេសជប៉ុន រដូវត្រជាក់អាចរហូតដល់ក្រោមសូន្យអង្សាសេ ត្រជាក់ខ្លាំង និងមានអាកាសធាតុក្តៅខ្លាំងផងដែរ ចំពោះរដូវទាំងពីរនេះ គឺអាចនឹងពិបាកសម្របខ្លួនក្នុងការរស់នៅ ពេលរដូវត្រជាក់យើងប្រើម៉ាស៊ីនកម្ដៅ ពេលរដូវក្តៅយើងត្រូវម៉ាស៊ីនត្រជាក់។
២. ភាពខុសគ្នានៃវប្បធម៌
វប្បធម៌ជប៉ុនមានភាពខុសគ្នាពីកម្ពុជា ដូច្នេះ និស្សិតចាំបាច់ត្រូវរៀនសូត្របន្ថែមពីវប្បធម៌ ពីរបៀបធ្វើការជាមួយជនជាតិជប៉ុន សកម្មភាពនៅទីសាធារណៈ ការរស់នៅ ដូចជាការគោរពពេលវេលា ជាដើម។ តែយើងអាចរៀនពីសង្គមជប៉ុន និងអាចបត់បែនបាន។
៣. ភាពខុសគ្នានៃប្រព័ន្ធអប់រំ និងការស្រាវជ្រាវ
ពាក់ព័ន្ធនឹងប្រព័ន្ធអប់រំនៅក្នុងប្រទេសជប៉ុន គឺសិស្សនិស្សិតត្រូវ រៀន និងស្រាវជ្រាវដោយខ្លួនឯងច្រើនជាងនៅក្នុងថ្នាក់។ ការសិក្សានៅទីនោះ ទាមទារការសិក្សាដោយខ្លួនឯង ធ្វើការស្រាវជ្រាវបន្ថែមទៅលើមេរៀនដែលបានរៀននៅក្នុងថ្នាក់ ដោយពេលខ្លះ ការស្រាវជ្រាវអាចលើសពីអ្វីដែលបានរៀនទៅទៀត។
លោកបញ្ជាក់ថា ការយកកម្រិតពិន្ទុនៅជប៉ុន គឺវាយតម្លៃលើសមត្ថភាពផ្អែកលើការគិតត្រិះរិះ និងសមត្ថភាពនៃការដោះស្រាយបញ្ហា។ ដូច្នេះ រាល់កិច្ចការដែលសាលាដាក់ដល់និស្សិតផ្អែកលើការផ្ដល់មតិ និងយោបល់នៃការដោះស្រាយបញ្ហា ដែលមានលក្ខណៈសមហេតុផលបែបជាវិទ្យាសាស្ត្រ។ ពិន្ទុតាមមុខវិជ្ជានីមួយៗជាផ្នែកមួយតែប៉ុណ្ណោះ តែការសរសេរអត្ថបទស្រាវជ្រាវរបស់និស្សិត គឺជាកត្តាកំណត់ការបញ្ចប់ការសិក្សា។
សម្រាប់លោក គួយ ពៅ ផ្ទាល់ ការសិក្សានៅជប៉ុនពីរឆ្នាំ គឺចំណាយពេលរៀងរាល់សប្ដាហ៍ក្នុងម៉ោង Zemi (ជាសិក្ខាសាលាថ្នាក់តូច) ជួបគ្រូដឹកនាំស្រាវជ្រាវ និងបង្ហាញលទ្ធផលស្រាវជ្រាវ ដើម្បីធានាថា យើងអាចបញ្ចប់ការសិក្សាបានដោយជោគជ័យតាមពេលវេលាគ្រោងទុក។
ជាមួយគ្នានេះ លោក គួយ ពៅ ក៏បានផ្តល់ជាដំបូន្មានដល់និស្សិតដែលចង់បន្តការសិក្សានៅប្រទេសជប៉ុន គឺចាំបាច់ត្រូវមានគោលដៅច្បាស់លាស់ពីការរំពឹងទុកនៅប្រទេសជប៉ុន ដើម្បីពង្រឹងសមត្ថភាពលើជំនាញរបស់ខ្លួន និងការស្រាវជ្រាវ។ និស្សិតដែលចង់ដាក់ពាក្យ ត្រូវពង្រឹងសមត្ថភាពជាមូលដ្ឋានដូចជា គណិតវិទ្យា ភាសាអង់គ្លេស និងការស្រាវជ្រាវ, លើសពីនេះ ត្រូវស្វែងយល់ព័ត៌មានអាហារូបករណ៍ និងសាកលវិទ្យាល័យដែលចង់ទៅបន្តការសិក្សាផ្អែកលើជំនាញរបស់ខ្លួន។ ករណីនិស្សិតចង់ដាក់ពាក្យត្រូវស្វែងរកព័ត៌មានបន្ថែមពីរៀមច្បងដែលបានឆ្លងកាត់ការដាក់ពាក្យទទួលបានជោគជ័យពីរបៀបសរសេរពាក្យអាហារូបករណ៍ និងការរៀបចំគម្រោងស្រាវជ្រាវ និងដំណាក់កាលផ្សេងៗទៀត។
ការត្រៀមខ្លួនជាមុនក្នុងការដាក់ពាក្យ ជាផ្នែកមួយដ៏ធំដែលអាចឱ្យបេក្ខជនយល់ពីនីតិវិធីក្នុងការដាក់ពាក្យ និងអាចស្វែងយល់ពីអ្វីដែលម្ចាស់អាហារូបករណ៍ចង់បាន។ ដូច្នេះ ការទទួលបានព័ត៌មានមុនពេលដាក់ពាក្យ ក៏ជាផ្នែកមួយដែលអាចទទួលបានប្រកួតប្រជែងជាមួយបេក្ខជនផ្សេងទៀតដ៏មានគុណភាព និងអាចទទួលបានជោគជ័យក្នុងការដាក់អាហារូបករណ៍៕