ភាពអសកម្មក្នុងថ្នាក់រៀន ដូចជាករណីគ្រូប្រើហិង្សា ក៏ដូចជាការដាក់ទណ្ឌកម្មហួសហេតុ ច្រើនកើតចេញពីការបំពានវិន័យរបស់សិស្ស ដែលជាសម្ពាធធ្វើឱ្យគ្រូប្រើវិធានការធ្ងន់ធ្ងរ រហូតមានការរិះគន់។ ដើម្បីដោះស្រាយវិបត្តិនេះ អ្នកជំនាញផ្នែកអប់រំ បានជំរុញឱ្យគ្រូបង្រៀនប្រកាន់ខ្ជាប់នូវ «វិន័យបែបវិជ្ជមាន» ជំនួសឱ្យការប្រើហិង្សា ខណៈសិស្សានុសិស្សត្រូវផ្លាស់ប្ដូរឥរិយាបថមកខិតខំរៀនសូត្រ និងគោរពវិន័យសាលាឡើងវិញ។
លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា បច្ចុប្បន្ន ការរិះគន់គ្រូបង្រៀនលើបណ្ដាញសង្គមបានផ្ទុះឡើងយ៉ាងខ្លាំង ដែលបញ្ហានេះមានឫសគល់ចេញពីរបួសផ្លូវចិត្តអន្តរជំនាន់ និងដានដំបៅនៃរបបគាបសង្កត់ក្នុងអតីតកាល (របបខ្មែរក្រហម)។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរពីទម្លាប់អប់រំចាស់ដែលប្រើទណ្ឌកម្ម មកជាការអប់រំតាមបែបយោគយល់ គឺទាមទារពេលវេលា និងការអត់ធ្មត់ខ្ពស់ពីសង្គមជាតិទាំងមូល។
លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បើតាមលោកបណ្ឌិត សុខ សូត្រ បច្ចុប្បន្នក្រសួងអប់រំ ព្រមទាំងភាគីពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់ តាមរយៈគម្រោងលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងនាយកសាលាជាបន្តបន្ទាប់ ដើម្បីលុបបំបាត់អំពើហិង្សា និងពង្រឹងគុណភាពអប់រំ។
“ក្នុងនាមជាអ្នកអប់រំម្នាក់ដែរ និងជាអ្នកអានច្រើនអំពីហឹង្សារបស់គ្រូ… ខ្ញុំតាំងចិត្តថា នឹងក្លាយជាគ្រូដែលមិនធ្វើឱ្យសិស្សខ្ញុំណាមានបទពិសោធន៍ដូចខ្ញុំឡើយ”
សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចការសង្គម លើកឡើងថា ក្នុងសតវត្សរ៍ទី២១នេះ ទាំងគរុកោសល្យ និងច្បាប់រដ្ឋ មិនអនុញ្ញាតឱ្យគ្រូបង្រៀនប្រើហិង្សា ឬពាក្យសម្ដីគ្រោតគ្រាតចំពោះសិស្សឡើយ។ លោកបណ្ឌិតបន្ថែមថា ទោះបីគ្រូមានបំណងល្អចង់ឱ្យសិស្សរៀនពូកែយ៉ាងណា ក៏មិនអាចអនុវត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងបានដែរ។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចការសង្គម
លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ប្រសិនបើគ្រូអស់លទ្ធភាពក្នុងការណែនាំសិស្ស គួរតែបញ្ជូនករណីនោះទៅគណៈគ្រប់គ្រងសាលា ឬអញ្ជើញអាណាព្យាបាលមកជួបពិភាក្សា ជៀសវាងការប្រើប្រាស់ហិង្សាដែលនាំឱ្យមានកំហុសវិជ្ជាជីវៈ។ លោកបណ្ឌិតទទួលស្គាល់ថា សិស្សបច្ចុប្បន្នអាចមានការធ្លាក់ចុះសីលធម៌ដោយសារឥទ្ធិពលហ្គេម និងស្មាតហ្វូន ប៉ុន្តែគ្រូត្រូវតែរក្សាភាពអត់ធ្មត់ និងប្រើប្រាស់វិធីសាស្ត្រណែនាំតាមបែបវិជ្ជមាន។
ដោយឡែក ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការនៅក្នុងក្រសួងធម្មការ និងសាសនា វិញ យល់ឃើញថា ការវាយដំធ្វើឱ្យសិស្សរៀន ដោយសារភាពភ័យខ្លាច វានឹងបង្កើតជាគំរូខុសឆ្គងដែលនាំឱ្យក្មេងយល់ថា ហិង្សា គឺជាមធ្យោបាយដោះស្រាយបញ្ហា។ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម ជួន កក្កដា មានប្រសាសន៍ថា គ្រូបង្រៀនគួរតែប្រើវិធីសាស្ត្រវិន័យបែបថ្មី ដូចជា ការដកសិទ្ធិចូលរួមកម្មវិធីសប្បាយៗក្នុងថ្នាក់ ឬការផ្តល់រង្វាន់លើកទឹកចិត្តជំនួសវិញ។ “រំពាត់អាចធ្វើឱ្យសិស្សខ្លាចក្នុងរយៈពេលខ្លី ប៉ុន្តែសេចក្តីស្រឡាញ់និងការពន្យល់ ទើបអាចកែប្រែមនុស្សម្នាក់ឱ្យល្អបានយូរអង្វែង“៕