បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​ចាត់​ទុក​ការ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​យោធា​ជំនាញ​ការពារ​អាកាស​របស់​ទាហាន​កម្ពុជា​ពី​រុស្ស៊ី​ ​កំពុង​ឆ្លើយតប​នឹង​កំណែទម្រង់​វិស័យ​យោធា​កម្ពុជា​

អ្នក​ជំនាញ​ចាត់​ទុក​ការ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​យោធា​ជំនាញ​ការពារ​អាកាស​របស់​ទាហាន​កម្ពុជា​ពី​រុស្ស៊ី​ ​កំពុង​ឆ្លើយតប​នឹង​កំណែទម្រង់​វិស័យ​យោធា​កម្ពុជា​

​រាជធានី​ភ្នំពេញ​ ​៖ ​នាយ​ទាហាន​កម្ពុជា​ ​ចំនួន​ ​៤​រូប ​នៃ​បណ្ឌិត្យ​សភា​យោធា​ការពារ​អាកាស​ នៃ​កងកម្លាំងប្រដាប់អាវុធ​សហព័ន្ធ​រុស្សី ​ទីក្រុង​ស្មូឡិន​ស្ក៍​ សហព័ន្ធ​រុស្ស៊ី ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​យោធា ​ដោយ​ជោគជ័យ​ បន្ទាប់ពី​សិក្សា​អស់​រយៈពេល​ ​៦​ឆ្នាំ។

Advertisement

​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី ​បាន​ឱ្យដឹង​កាល​ថ្ងៃទី​២១​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ថា​ ​នាយ​ទាហាន​កម្ពុជា​ ​ទាំង​ ​៤​រូប​ ​នោះ​រួមមាន​ លោក​អនុ​សេនីយ៍​ទោ ​ពូន ​សំរ៉ុង​, ​លោក​អនុ​សេនីយ៍​ទោ ​ស៊ុន ​ចាំ​, ​លោក​អនុ​សេនីយ៍​ទោ ​មាស ​ភារ៉ូ ​និង​លោក​អនុ​សេនីយ៍​ទោ ​វង់ ​ភក្តី។​

​បណ្ឌិត្យ​សភា​យោធា​ការពារ​ដែន​អាកាស​ នៃ​កងកម្លាំងប្រដាប់អាវុធ​សហព័ន្ធ​រុស្ស៊ី ​ទីក្រុង​ស្មូឡិន​ស្ក៍​ ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​យោធា ​ឈាន​មុខ​គេ​មួយ​របស់​សហព័ន្ធ​រុស្ស៊ី​ ​ក្នុង​ការ​បណ្ដុះបណ្ដាល​នាយ​ទាហាន​ជំនាញ ​ផ្នែក​ការពារ​ដែន​អាកាស។

​អ្នកឃ្លាំមើល​ចាត់ទុក​ការ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​យោធា​របស់​ទាហាន​ខ្មែរ​ ​៤​រូប ​លើ​ជំនាញ​ការពារ​ដែន​អាកាស​ ពី​ប្រទេស​រុស្ស៊ី ​ឆ្លុះបញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ ការ​តស៊ូ ​អត់ធ្មត់​ និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ ក្នុង​ការ​កសាង​សមត្ថភាព​វិជ្ជាជីវៈ ​ដើម្បី​ចូលរួម​បម្រើ​ជាតិ​ ​មាតុភូមិ ​និង​ប្រជាជន​កម្ពុជា។​

​លោក​បណ្ឌិត​ ញិល ​រដ្ឋា ​ប្រធាន​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី ​គូស​បញ្ជាក់​ថា​ ​ការ​បញ្ជូន​និស្សិត​កម្ពុជា​ឱ្យ​ទៅ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ប្រទេស​រុស្ស៊ី ​ឆ្លុះបញ្ចាំង​ពី​ចក្ខុវិស័យ​យ៉ាង​ស៊ីជម្រៅ​ ​នៃ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​របស់​កម្ពុជា​។​ «​បង្ហាញ​ថា​ ​កម្ពុជា​យើង​កន្លងមក​ ​បាន​សិក្សា​ស៊ីជម្រៅ​ហើយ​អំពី​ការ​រុញ​អ្នក​ជំនាញ​ៗ​ទៅ​សិក្សា​នៅ​ទីនោះ​ ​ដើម្បី​ជួយ​កម្ពុជា​នៅ​ពេល​នេះ​»។​

​លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង​ ​អ្នក​ជំនាញ​ទស្សនវិជ្ជា ​នៃ​រាជ្យ​បណ្ឌិត​សភា​កម្ពុជា​ ​យល់ឃើញ​ថា​ ​ការ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​យោធា​របស់​ទាហាន​ខ្មែរ​ ​៤​រូប ​លើ​ជំនាញ​ការពារ​ដែន​អាកាស​ ពី​ប្រទេស​រុស្ស៊ី​ ​កំពុង​ឆ្លើយតប​នឹង​តម្រូវការ​ធនធាន​មនុស្ស​ និង​កំណែទម្រង់​លើ​វិស័យ​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

​”ការ​បញ្ចប់​ការ​សិក្សា​របស់​គាត់​នេះ​ ​គឺ​ស្រប​នឹង​តម្រូវការ​របស់​យើង​កំពុង​ធ្វើ​កំណែទម្រង់​កងទ័ព​ ​ពង្រឹង​វិស័យ​យោធា​”

​យោង​តាម​តួលេខ​ក្រៅ​ផ្លូវការ​ដែល​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី ​ផ្ដល់​ឱ្យ​បណ្ដាញ​ ​AMS​ ​មាន​ និស្សិត​កម្ពុជា​ ​ចន្លោះ​ពី​ ​១៦០​នាក់​ ​ទៅ​២០០​នាក់​ ​ជា​ជន​ស៊ីវិល​ ​និង​ចន្លោះ​ពី​ ​៣០០​នាក់​ ​ទៅ​ ​៥០០​នាក់​ ​ផ្នែក​យោធា ​ដែល​បាន​ ​និង​កំពុង​សិក្សា​លើ​ជំនាញ​ផ្សេង​ៗ​ ​នៅ​ប្រទេស​រុស្ស៊ី​។​

​ប្រធាន​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី ​បាន​ឱ្យ​ដឹង​ទៀត​ថា​ វិស័យ​សំខាន់​ៗ​ ​ដែល​ប្រទេស​រុស្ស៊ី ​តែង​ជួយ​កម្ពុជា​ កន្លងមក​ ភាគ​ច្រើន​មាន​ វិស័យ​យោធា​, ​សន្តិសុខ​ជាតិ​, ​វេជ្ជសាស្ត្រ​, ​សេដ្ឋកិច្ច​ ​និង​ផ្នែក​ច្បាប់​ ​ជាដើម៕

​ដោយ​ ​៖ ​ខន ​ណារី​ ​AMS​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា