បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថា ក្មេងទំនើងកើតឡើងដោយសារចន្លោះប្រហោង នៃឪពុកម្តាយ និងកត្តាបញ្ហាសង្គម

អ្នកជំនាញថា ក្មេងទំនើងកើតឡើងដោយសារចន្លោះប្រហោង នៃឪពុកម្តាយ និងកត្តាបញ្ហាសង្គម

កាលពីអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ យុវជនមួយក្រុមបានព្រួតគ្នាវាយសំពងរថយន្តសេរីថ្មីមួយគ្រឿង នៅក្បែររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រុងភ្នំពេញ ដោយគ្មានហេតុផលច្បាស់លាស់។ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនក្រុមយុវជនទាំងនេះបានចំនួន ១១នាក់ បញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

Advertisement

ក៏ប៉ុន្តែអំពើហឹង្សានេះហាក់ដូចជាមិនមែនជាហេតុការណ៍ថ្មីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ។ ជាក់ស្តែង ក្នុងអំឡុងខែមេសា ដូចគ្នា ក្រុមក្មេងទំនើងជាច្រើននាក់បានត្រួតវាយប្រតាយប្រតប់គ្នាបែបអាណាធិបតេយ្យនៅស្ថានីយចាក់ប្រេងកាល់តិចមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

បើតាមអ្នកឃ្លាំមើលសង្គម ករណីក្មេងទំនើងទាំងនេះទំនងជាបណ្តាលមកពីភាពចន្លោះប្រហោង នៃការអប់រំពីឪពុកម្តាយ ការសេពគប់មិត្តភក្តិមិនល្អ ខ្វះការអប់រំណែនំាពីសាលារៀន កត្តាអូសទាញរបស់សង្គម ដូចជាគ្រឿងស្រវឹង និងគ្រឿងញៀន និងការដោះស្រាយបញ្ហាក្មេងទំនើងនៅមិនទាន់មានប្រសិទ្ធភាព។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម បានលើកឡើងថា យុវវ័យដែលមានអាយុចន្លោះ១០ឆ្នាំ ទៅ២០ឆ្នាំ គឺងាយនឹងឆាប់ក្លាយជាក្មេងទំនើង។ ប្រសិនជាគ្មានការអប់រំទូន្មានប្រៀនប្រដៅ ការតម្រង់ទិស និងការតាមដានពីឪពុកម្តាយ អាចធ្វើឱ្យពួកគេសេពគប់ជាមួយមិត្តភក្តិមិនល្អ និងងាយគេចវេសពីការរៀនសូត្រ។ “ឪពុកម្តាយខ្លះគាត់ធ្វើការងារនៅក្រៅ មមាញឹកអត់បានយកចិត្តទុកដាក់លើកូនចៅ ទំយឿកូនខ្លាំងពេកឱ្យតែលុយកូន និងសម្ភារ រៀនសាលាថ្លៃ សាលារៀនគេមិនអាចមើលកូនយើងបានគ្រប់២៤ម៉ោងទេ ដូច្នេះឪពុកម្តាយត្រូវបន្តពិនិត្យចំណុចខ្វះចន្លោះ កែលម្អឡើងវិញ“។

លោក សេក សុជាតិ អ្នកវិភាគសង្គម លើកឡើងថា ភាពចន្លោះប្រហោងរបស់លោកគ្រូអ្នកគ្រូក្នុងការអប់រំ និងអាជ្ញាធរមូលដ្ឋានក៏ជាកត្តានាំឱ្យមានការកើនឡើងចំនួនក្មេងទំនើងផងដែរ។ “បញ្ហាផ្សេងៗទៀតទាក់ទងនឹងការអនុវត្តច្បាប់របស់មន្ត្រីនៅទន់ខ្សោយ ដែលធ្វើឱ្យក្មេងទំនើងរីកដុះដាល ធ្វើឱ្យពួកគេមិនគោរពច្បាប់កម្ពុជា ជាកត្តាជំរុញឱ្យពួកគេហ៊ានប្រព្រឹត្តិនូវសកម្មភាព មិនខ្វល់ពីការអនុវត្តច្បាប់ មានន័យថាការអនុវត្តច្បាប់របស់មន្ត្រីមានភាពធូររលុងពេក មិនមានភាពរឹងមាំ ទើបធ្វើឱ្យក្មេងទំនើងកើនឡើង“។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ក្លាយជាក្មេងទំនើង ប្រឈមនឹងបាត់បង់ឱកាសសិក្សា ភាពអត់ការងារធ្វើ ប្រឈមនឹងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន បាត់បង់អនាគត ប៉ះពាល់កិត្តិយសគ្រួសារ សណ្តាប់ធ្នាប់សង្គម ព្រមទាំងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរបរទេស។

អ្នកតាមដានសង្គមរូបនេះ បាននិយាយថា ដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើង គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយអាជ្ញាធរត្រូវមានវិធានការឃ្លាំងមើល និងចាត់វិធានការឱ្យបានតឹងរ៉ឹង។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្មេងទំនើងដែលធ្វើសកម្មភាពវាយដំគ្នាមិនមានរបួសស្នាមនឹងរងទណ្ឌកម្មផ្នែករដ្ឋបាលដោយកោរសក់ ឬធ្វើពលកម្ម និងធ្វើកិច្ចសន្យាណែនាំ។ ប៉ុន្តែប្រសិនពួកគេប្រើអំពើហិង្សាដោយចេតនានឹងប្រឈមជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ហើយប្រសិនឈានដល់បង្កឱ្យមានមនុស្សស្លាប់ ប្រឈមជាប់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ៕

អត្ថបទ ៖ សៅ សុខអេង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា