បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
"​អ្នក​មិន​ផឹក​ស្រា​ ​ក៏​អាច​ត្រូវ​បង់​ពន្ធ​ជំនួស​អ្នក​ផឹក​" ​៖​ ​អ្នកជំនាញ​ព្រមាន​ពី​បន្ទុក​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ពី​ផលប៉ះពាល់​នៃ​គ្រឿងស្រវឹង​

"​អ្នក​មិន​ផឹក​ស្រា​ ​ក៏​អាច​ត្រូវ​បង់​ពន្ធ​ជំនួស​អ្នក​ផឹក​" ​៖​ ​អ្នកជំនាញ​ព្រមាន​ពី​បន្ទុក​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ពី​ផលប៉ះពាល់​នៃ​គ្រឿងស្រវឹង​

​រាជធានី​ភ្នំពេញ​ ​៖​ «​អ្នក​មិន​ផឹក​ស្រា​ ​ក៏​អាច​ត្រូវ​បង់​ពន្ធ​ជំនួស​អ្នក​ផឹក​ដែរ​»​។ ​នេះ​ជា​ការ​ព្រមាន​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​លោក​បណ្ឌិត​ ​គី ​សេរី​វឌ្ឍន៍​ ​ដែល​លើកឡើង​ថា​ ​ផលប៉ះពាល់​ពី​គ្រឿងស្រវឹង​មិន​ត្រឹមតែ​បំផ្លាញ​សុខភាព​ ​និង​បង្ក​បញ្ហា​សង្គម​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​អាច​ក្លាយជា​បន្ទុក​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​រដ្ឋាភិបាល​ ​និង​ប្រជាពលរដ្ឋ​ទាំងមូល​នៅ​ថ្ងៃ​អនាគត​។​

Advertisement

​ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ការ​ប្រកួត​វោហារ​សព្ទ​ជា​ក្រុម​ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ក្រោម​ប្រធានបទ​ «​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​» ​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​នា​ព្រឹក​ថ្ងៃទី​១៩​ ​ខែមិថុនា​។​

​លោក​បណ្ឌិត​ ​គី ​សេរី​វឌ្ឍន៍​ បាន​អះអាង​ថា​ ​ការ​ផឹក​គ្រឿងស្រវឹង​ជ្រុល​ហួសហេតុ​ ​បង្ក​ផលប៉ះពាល់​សំខាន់​ៗ​ចំនួន​បី​ ​គឺ​សុខភាព​ ​សង្គម​ ​និង​សេដ្ឋកិច្ច​។ ​ក្នុង​នោះ​ ​បញ្ហា​សុខភាព​គឺជា​ក្តីបារម្ភ​ធំ​បំផុត​ ​ដោយសារ​ជំងឺ​មិន​ឆ្លង​ជាច្រើន​ ​ដូចជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ​និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ ​អាច​កើតឡើង​ដោយ​មិន​មាន​សញ្ញា​ព្រមាន​ជាមុន​។​

​លោក​បាន​ជំរុញ​ឱ្យ​យុវជន​ផ្តោត​លើ​ការ​កសាង​សមត្ថភាព​ ​និង​ថែរក្សា​សុខភាព​ខ្លួនឯង​ ​ដោយ​លើកឡើង​ថា​ ​យុវជន​គួរតែ​មាន​កម្លាំង​ ​មាន​ចំណេះដឹង​ ​និង​មាន​សមត្ថភាព​ចូលរួម​អភិវឌ្ឍ​ប្រទេស​ ​ជាជាង​បណ្តោយ​ឱ្យ​គ្រឿងស្រវឹង​ប៉ះពាល់​ដល់​អនាគត​របស់​ខ្លួន​។​

​ក្រៅពី​បញ្ហា​សុខភាព​ ​អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​ក៏​បាន​ចង្អុលបង្ហាញ​ពី​ផលប៉ះពាល់​សង្គម​ដែល​បង្កឡើង​ដោយ​គ្រឿងស្រវឹង​ ​រួមមាន​គ្រោះថ្នាក់​ចរាចរណ៍​ ​អំពើហិង្សា​ ​និង​ការ​បាត់បង់​ធនធាន​មនុស្ស​ ​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​សង្គម​ ​និង​សេដ្ឋកិច្ច​ជាតិ​។​

​ប៉ុន្តែ​អ្វី​ដែល​លោក​ចាត់ទុក​ថា​ ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នា​ពេល​វែង​នោះ​ ​គឺ​បន្ទុក​ហិរញ្ញវត្ថុ​ដែល​រដ្ឋាភិបាល​ត្រូវ​រ៉ាប់រង​ក្នុង​ការ​ព្យាបាល​ និង​ផ្តល់​សេវា​សុខាភិបាល​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ពី​គ្រឿងស្រវឹង​។​

​លោក​បាន​ពន្យល់​ថា​ ​ការ​កើនឡើង​នៃ​ជំងឺ​ពាក់ព័ន្ធ​នឹង​គ្រឿងស្រវឹង​ ​នឹង​ធ្វើឱ្យ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​កាន់តែ​ច្រើន​លើ​វិស័យ​សុខាភិបាល​ ​និង​ប្រព័ន្ធ​គាំពារ​សង្គម​ ​ដូចជា​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​(​ប.​ស.ស.​) ​ខណៈ​ប្រភព​ថវិកា​ទាំង​នេះ​ ​គឺ​បាន​មកពី​ពន្ធ​ដែល​ប្រជាពលរដ្ឋ​បង់​ជូន​រដ្ឋ​។​

រដ្ឋាភិបាល​មិន​មែន​បោះពុម្ព​លុយ​យកមក​ចំណាយ​ទេ​។ ​នៅពេល​ការ​ចំណាយ​លើ​សុខាភិបាល​ ​និង​សុខុមាលភាព​សង្គម​កើនឡើង​ រដ្ឋ​ត្រូវ​រក​ចំណូល​បន្ថែម​។ ​ចំណូល​នោះ​គឺ​បាន​មកពី​ពន្ធ​

​លោក​បណ្ឌិត​ ​គី ​សេរី​វឌ្ឍន៍​

​លោក​បាន​ព្រមាន​ថា​ ​ប្រសិនបើ​កម្ពុជា​មិន​អាច​ទប់ស្កាត់​ ​ឬ​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រឿងស្រវឹង​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​ ​ក្នុង​រយៈពេល​១០​ឆ្នាំ​ ​២០​ឆ្នាំ​ ​ឬ​ ​៣០​ ​ឆ្នាំ​ខាងមុខ​ ​បន្ទុក​ចំណាយ​របស់​រដ្ឋ​អាចនឹង​កើនឡើង​យ៉ាង​ខ្លាំង​ ​ដែល​អាច​នាំឱ្យ​មាន​សម្ពាធ​លើ​ការ​បង្កើន​ពន្ធ ​ឬ​កាត់បន្ថយ​ថវិកា​សម្រាប់​វិស័យ​អភិវឌ្ឍន៍​ផ្សេង​ៗ​។​

​លោក​បន្ត​ថា​ «​បើ​រដ្ឋ​ត្រូវ​យក​លុយ​ទៅ​ដោះស្រាយ​បញ្ហា​សុខភាព​ ​និង​សុខុមាលភាព​កាន់តែ​ច្រើន​ ​នោះ​លុយ​សម្រាប់​សាងសង់​ផ្លូវ​ សាលារៀន​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ ​ក៏​អាចនឹង​ត្រូវ​ប៉ះពាល់​ដែរ​» ​។​

​តាម​ការ​លើកឡើង​របស់​លោក​ ​បញ្ហា​គ្រឿងស្រវឹង​មិន​មែន​ជា​បញ្ហា​ផ្ទាល់ខ្លួន​របស់​អ្នក​ផឹក​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​បញ្ហា​សាធារណៈ​ដែល​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទាំងមូល ​ព្រោះ​នៅ​ទីបំផុត​ ​សង្គម​ទាំងមូល​អាច​ជា​អ្នកទទួល​រ៉ាប់រង​ថ្លៃ​ចំណាយ​ដែល​កើត​ចេញ​ពី​ផលវិបាក​នៃ​គ្រឿងស្រវឹង​។​

​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​សុខាភិបាល​ ​បាន​ឱ្យដឹង​ថា​ ​ក្នុង​១​ឆ្នាំ​ៗ ​ពលរដ្ឋ​កម្ពុជា​ម្នាក់​អាច​ចំណាយ​ថវិកា​ប្រមាណ​ជា​ ​៤៨៦​ដុល្លារ​ ​លើ​ការ​ទិញ​គ្រឿងស្រវឹង​។ ​ដោយឡែក​ក្នុង​១​ឆ្នាំ​ៗ​ ​មាន​ពលរដ្ឋ​ខ្មែរ​អាយុ​ចាប់ពី​ ​១៥​ឆ្នាំ​ឡើង​ទៅ​ ​ជាង​ ​៤​លាន​នាក់​ ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ​១,៩៤៤​លាន​ដុល្លារ​ ​លើ​ការ​ទិញ​គ្រឿងស្រវឹង​នេះ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា