ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ខាងមុខ។ ខណៈសម័យប្រឡងកាន់តែខិតជិតមកដល់នេះ អតីតសិស្សនិទ្ទេសA ទាំងថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្ត្រសង្គម បានលើកទឹកចិត្តបេក្ខជនបាក់ឌុបឆ្នាំនេះទាំងអស់ សូមពង្រឹងសមត្ថភាពខ្លួនជាប្រចាំ តែកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក។
កញ្ញា អឿម កក្កដា ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្ត្រពិត និងអតីតសិស្សមកពីវិទ្យាល័យហេបភីច័ន្ទតារានារីព្រែកថ្មី ប្រាប់ AMS ថា ពីមុនមក រូបនាងមិនធ្លាប់រំពឹងថា ចង់បាននិទ្ទេស A នោះទេ ព្រោះគិតថាមិនចង់ដាក់សម្ពាធឱ្យខ្លួនឯង ត្រូវតែរៀនឱ្យបាននិទ្ទេស A ប៉ុន្តែតែងប្រាប់ខ្លួនឯងវិញថា ត្រូវខិតខំធ្វើឱ្យល្អអស់ពីសមត្ថភាព។
កញ្ញា អឿម កក្កដា ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្រ្តពិត
អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្ត្រពិត រូបនេះ បន្ថែមថា កត្តាដែលជំរុញឱ្យរូបនាង ទទួលបាននិទ្ទេស A គឺដោយសារការរៀនបែបឯករាជ្យ រៀនបែបសេរី ដោយមិនដាក់សម្ពាធឱ្យខ្លួនឯងត្រូវតែយកនិទ្ទេស A ប៉ុន្តែនាងខិតខំរៀនឱ្យអស់ពីលទ្ធភាព ដើម្បីកុំឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។
កញ្ញា កក្កដា បញ្ជាក់ថា សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រពិត គឺជាមុខវិជ្ជាមួយដែលទាមទារការអនុវត្តច្រើន។ ដូច្នេះ ប្អូនៗត្រៀមប្រឡងបាក់ឌុប គួរចំណាយពេលរៀន ឬអនុវត្តលំហាត់ជាប្រចាំ ដោយអាចចំណាយពេល ១ម៉ោងទៅ៣ម៉ោង ក្នុងការរៀន និងអនុវត្តលំហាត់ឱ្យបានច្រើន ប៉ុន្តែសូមកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកទេ។
កញ្ញា អឿម កក្កដា ក៏លើកទឹកចិត្តដល់បេក្ខជនបាក់ឌុបទាំងអស់ ត្រូវសម្លឹងមើលឱ្យបានវែងឆ្ងាយលើសពីការប្រឡងបាក់ឌុប ហើយគួរពង្រីកចំណេះដឹងបន្ថែមទៀតដូចជា ភាសាបរទេស ការអានសៀវភៅជាដើម ដែលជួយអភិវឌ្ឍចំណេះដឹងជាច្រើនទៀត។
ជាមួយគ្នានេះដែរ កញ្ញា ស៊ីថន មុនីកល្យាណ ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្ត្រសង្គម និងជាអតីតសិស្សមកពី វិទ្យាល័យ ហេបភីច័ន្ទតារានារីព្រែកថ្មី ដូចគ្នា និយាយថា សិស្សថ្នាក់សង្គមប្រឡងជាប់ច្រើន តែភាគរយនៃការបាននិទ្ទេស A គឺមានចំនួនតិច បើធៀបជាមួយសិស្សថ្នាក់វិទ្យាសាស្ត្រពិត។ មុនីកល្យាណ បន្តថា រូបនាងមិនធ្លាប់រំពឹងថា អាចទទួលបាននិទ្ទេស A ដែរ ប៉ុន្តែដោយសារការតាំងចិត្ត ការដាក់គោលដៅ ការខិតខំប្រឹងប្រែងរៀនសូត្រតាំងពីដើមឆ្នាំរហូតជិតដល់ថ្ងៃប្រឡង ទើបទទួលបានលទ្ធផលល្អនេះ។ មុនីកល្យាណ បន្តថា ពេលរៀនក្នុងថ្នាក់ គឺនាងយកចិត្តទុកដាក់ស្ដាប់គ្រូបង្រៀន ពេលទំនេរស្វ័យសិក្សា អានសៀវភៅ និងកត់ត្រាជាប្រចាំ។
កញ្ញា ស៊ីថន មុនីកល្យាណ ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្រ្តសង្គម
អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្ត្រសង្គម រូបនេះ បានចែករំលែកបទពិសោធន៍របស់នាង ដោយថា នៅពេលជិតដល់ថ្ងៃប្រឡង ៣ខែមុនប្រឡង គឺនាងស្រាវជ្រាវវិញ្ញាសាចាស់ៗ យកមកសរសេរ និងអនុវត្តឆ្លើយសំណួរជាប្រចាំថ្ងៃ។ ក្នុងនោះ វិធីសាស្ត្រចងចាំមេរៀនបានល្អ គឺការកត់ត្រា ការធ្វើផែនទីគំនិត ក៏ដូចជាសង្ខេបចំណុចសំខាន់ៗរបស់មេរៀន។
កញ្ញា ស៊ីថន មុនីកល្យាណ ក៏បានលើកទឹកចិត្តប្អូនៗបេក្ខជនបាក់ឌុបឆ្នាំនេះ ទាំងថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវខិតខំប្រឹងប្រែងរៀននូវមុខវិជ្ជាគោលដែលត្រូវប្រឡង ជាពិសេស កុំដាក់សម្ពាធលើខ្លួនឯង ត្រូវថែរក្សាសុខភាព សម្រាក និងញ៉ាំអាហារឱ្យបានគ្រប់គ្រាន់៕