បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ រកឃើញយុវជន៤ក្រុម ​បន្ត​ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ រកឃើញយុវជន៤ក្រុម ​បន្ត​ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុប្រកបទៅដោយសុក្រឹតភាព និងតម្លាភាពក្នុងវគ្គជម្រុះជុំទី៣ កាលពីថ្ងៃសៅរ៍ (៣០ ឧសភា) ទីបំផុត​កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ បានរកឃើញបេក្ខជនឆ្នើម ៤ក្រុម ដែលអាចឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

បេក្ខជនឆ្នើមទាំង ៤ក្រុម ដែលនឹងបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន ១. ក្រុមបេក្ខជនមកពី វិទ្យាល័យដំដែក ខេត្តសៀមរាប, ២. ក្រុមបេក្ខជនមកពី វិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ, ៣. ក្រុមបេក្ខជនមកពី សាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ និង ៤. ក្រុមបេក្ខជនមកពី វិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី។

ក្នុងពិធីបើកវគ្គជម្រុះជុំទី៣ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះ មិនត្រឹមតែជាការប្រកួតនៅលើវេទិកាប៉ុណ្ណោះទេ ប៉ុន្តែជាសាលាបណ្ដុះបណ្ដាលសមត្ថភាពជាក់ស្ដែង ដែលជួយសូនរូបយុវជនសតវត្សរ៍ទី២១ ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។

រដ្ឋលេខាធិការ ក្រសួងអប់រំ បញ្ជាក់ថា នៅក្នុងការជជែកដេញដោល យុវជនត្រូវចេះរៀនផ្ដល់តម្លៃឱ្យ “មតិផ្ទុយ”។ ការចេះស្ដាប់ដោយយកចិត្តទុកដាក់ និងតបតវិញដោយសម្ដីថ្លៃថ្នូរ គឺជាវប្បធម៌សន្តិភាពដ៏សំខាន់សម្រាប់សង្គមជាតិកម្ពុជា។ ទន្ទឹមគ្នានេះ អំណាចនៃចំណេះដឹង និងភស្តុតាង ខ្លាំងជាងអំណាចនៃសំឡេង។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម សេរី ជំនះ បញ្ជាក់បន្ថែមថា គោលដៅសំខាន់ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ រួមមាន ១) បណ្ដុះវប្បធម៌នៃការអត់ឱន ឬសីលធម៌ក្នុងការពិភាក្សា, ២) ពង្រឹងការត្រិះរិះពិចារណា, ៣) បណ្ដុះស្មារតីទទួលខុសត្រូវ កសាងភាពជឿជាក់ និងភាពជាអ្នកដឹកនាំ, ៤) ពង្រឹងសិល្បៈនៃការទំនាក់ទំនង និងសហប្រតិបត្តិការ។

ឯកឧត្តម សេរី ជំនះ ក៏បានលើកទឹកចិត្តឱ្យប្អូនៗទាំងអស់រក្សានូវស្មារតីក្នុងការខិតខំប្រឹងប្រែង តស៊ូ ព្យាយាមរៀនសូត្រ រួមទាំងបន្តសិក្សាស្រាវជ្រាវ ដើម្បីក្លាយជាយុវជន យុវនារី ពោរពេញទៅដោយចំណេះដឹង ចំណេះធ្វើ ដែលអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គមជាតិ។

គួរជំរាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ «វគ្គជម្រុះជុំទី៣» មានបេក្ខជន ៨ក្រុមចូលរួមប្រកួតលើប្រធានបទផ្សេងគ្នា ដោយជម្រុះយកបេក្ខជនត្រឹម ៤ក្រុមប៉ុណ្ណោះដើម្បីបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា