ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពដាក់មុខវិជ្ជាភាសាបរទេស ដូចជា ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត ដើម្បីលើកកម្ពស់សមត្ថភាពភាសារបស់សិស្ស និងឆ្លើយតបទៅនឹងតម្រូវការសង្គម-សេដ្ឋកិច្ចក្នុងសតវត្សរ៍ទី២១។ អ្នកជំនាញក្នុងវិស័យអប់រំបានសម្តែងការគាំទ្រចំពោះគំនិតនេះ ដោយចាត់ទុកថា ជំនាញភាសាបរទេសមានសារៈសំខាន់ខ្លាំងសម្រាប់ការសិក្សា និងទីផ្សារការងារ។
មុខវិជ្ជាកាតព្វកិច្ច មានន័យថា មុខវិជ្ជាដែលសិស្សទាំងអស់ត្រូវប្រឡងជាចាំបាច់ ហើយពិន្ទុមុខវិជ្ជានោះត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលប្រឡង ដោយមិនអាចជ្រើសរើសថា ប្រឡង ឬមិនប្រឡងបានទេ។
ការពិភាក្សាលើបញ្ហានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងបាក់ឌុប ដែលដឹកនាំដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
ក្រសួងអប់រំបានបញ្ជាក់ថា ការពិចារណានេះ កើតចេញពីការមើលឃើញសារៈសំខាន់ នៃភាសាបរទេសក្នុងការអភិវឌ្ឍសមត្ថភាពទំនាក់ទំនងរបស់សិស្ស តាមរយៈជំនាញស្នូលទាំង៤ រួមមាន ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ លើសពីនេះ ភាសាបរទេសក៏ជាឧបករណ៍សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ ការតភ្ជាប់ជាមួយពិភពលោក ការចូលរួមក្នុងបរិបទបច្ចេកវិទ្យាទំនើប និងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសម័យថ្មីផងដែរ។
លោកឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា បានប្រាប់ AMS ថា លោកគាំទ្រចំពោះផែនការរបស់ក្រសួងអប់រំ ព្រោះជំនាញភាសាបរទេសគឺជាកត្តាចាំបាច់សម្រាប់យុវជនក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងក្នុងទីផ្សារការងារអន្តរជាតិ។
លោកមានប្រសាសន៍ថា «ខ្ញុំគាំទ្រផែនការរបស់ក្រសួងអប់រំ ព្រោះវាជារឿងល្អណាស់។ យុវជនដែលមិនចេះភាសាបរទេស នឹងជួបការលំបាកក្នុងការស្វែងរកការងារធ្វើ។ យ៉ាងហោចណាស់ ពួកគេគួរតែចេះភាសាអង់គ្លេស បារាំង ឬភាសាចិន។ ប្រទេសជាតិត្រូវការយុវជនដែលមានសមត្ថភាពទំនាក់ទំនងក្នុងវិស័យការទូត ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
តាមចក្ខុវិស័យរបស់ក្រសួង គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នឹងត្រូវជំរុញឱ្យពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបង្រៀនភាសាបរទេស ដោយផ្អែកលើធនធាន សក្តានុពល និងកាលានុវត្តភាពដែលមានស្រាប់។
ដើម្បីត្រៀមសម្រាប់គោលនយោបាយនេះ ក្រសួងបានណែនាំឱ្យក្រុមការងារសិក្សា និងប្រមូលទិន្នន័យអំពីស្ថានភាពនៃការបង្រៀនភាសាបរទេសនៅតាមសាលារៀនទូទាំងប្រទេស រួមទាំងចំនួនសាលាដែលកំពុងបង្រៀនភាសាអង់គ្លេស បារាំង ចិន និងភាសាផ្សេងៗទៀត។
ជាមួយគ្នានេះ ក្រសួងក៏នឹងវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីសិក្សាភាសាបរទេសបច្ចុប្បន្ន ដោយផ្តោតលើម៉ោងសិក្សា សមត្ថភាពគ្រូបង្រៀន វិធីសាស្ត្របង្រៀន ធនធានសិក្សា និងសៀវភៅសិក្សាគោល ដើម្បីកំណត់តម្រូវការជាក់ស្តែងសម្រាប់ការកែលម្អ។
ក្រសួងរំពឹងថា លទ្ធផលនៃការសិក្សាទាំងនេះ នឹងជួយដល់ការរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការកែសម្រួលកម្មវិធីសិក្សា ឱ្យស្របតាមគោលដៅ និងតម្រូវការរបស់សិស្សកាន់តែមានប្រសិទ្ធភាព។
បន្ថែមពីនេះ ក្រសួងក៏បានណែនាំឱ្យរៀបចំយុទ្ធសាស្ត្រដាច់ដោយឡែកសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយបញ្ចូលការរៀនភាសាបរទេសទៅក្នុងថ្នាលរៀន PLP សម្រាប់កម្រិតបឋមសិក្សា និងជំរុញការផ្សារភ្ជាប់ការរៀន-បង្រៀនជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ទោះជាយ៉ាងណា ក្រសួងអប់រំបានបញ្ជាក់ថា គំនិតដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងបាក់ឌុប ស្ថិតក្នុងដំណាក់កាលសិក្សា និងពិភាក្សានៅឡើយ ហើយមិនទាន់មានការអនុវត្តជាផ្លូវការនោះទេ។
មុននឹងឈានទៅដល់ការអនុវត្ត គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវពិនិត្យ និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា ម៉ោងសិក្សា សៀវភៅសិក្សា ធនធាន និងកម្លាំងគ្រូបង្រៀន ដើម្បីធានាថា ការពង្រឹងការសិក្សាភាសាបរទេសអាចអនុវត្តបានប្រកបដោយគុណភាព និងប្រសិទ្ធភាព៕