អាល្លឺម៉ង់ត្រូវបានចាត់ថ្នាក់ជាប្រទេសនាំមុខគេនៅលើពិភពលោកក្នុងការទទួលនិស្សិតបរទេសមកសិក្សា ដោយមានចំនួនជាង ៤២ម៉ឺននាក់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខណៈនិស្សិតភាគច្រើនមកពីឥណ្ឌា វៀតណាម និងបណ្តាប្រទេសអាស៊ីផ្សេងៗទៀត។

អាល្លឺម៉ង់ត្រូវបានចាត់ថ្នាក់ជាប្រទេសនាំមុខគេនៅលើពិភពលោកក្នុងការទទួលនិស្សិតបរទេសមកសិក្សា ដោយមានចំនួនជាង ៤២ម៉ឺននាក់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខណៈនិស្សិតភាគច្រើនមកពីឥណ្ឌា វៀតណាម និងបណ្តាប្រទេសអាស៊ីផ្សេងៗទៀត។
យោងតាមគេហទំព័រ VN Express បានឱ្យដឹងថា អាល្លឺម៉ង់កំពុងក្លាយជាគោលដៅសិក្សាដ៏ពេញនិយម បន្ទាប់ពីប្រទេស កាណាដា និងចក្រភពអង់គ្លេស ដែលបានរឹតត្បិតទិដ្ឋាការ ខណៈសហរដ្ឋអាមេរិកក៏បានកាត់បន្ថយទិដ្ឋាការមួយចំនួនក្នុងអំឡុងរដ្ឋបាលលោក ដូណាល់ ត្រាំ។ ស្ថានការណ៍នេះបានជំរុញឱ្យអាល្លឺម៉ង់ឈានមុខលើប្រទេសទាំងនោះក្នុងការទាក់ទាញនិស្សិតអន្តរជាតិ។
របាយការណ៍ស្រាវជ្រាវមួយបង្ហាញថា និស្សិតបរទេសជាង ៤២០,០០០នាក់កំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ២១២ នៅទូទាំងប្រទេសអាល្លឺម៉ង់។
ក្រៅពីនេះ អាល្លឺម៉ង់ក៏មានចំនួនអ្នកបញ្ចប់ថ្នាក់បណ្ឌិតខ្ពស់ជាងគេនៅអឺរ៉ុប ហើយជាប់ចំណាត់ថ្នាក់ទី៥លើពិភពលោកក្នុងការដាក់ពាក្យប៉ាតង់ បន្ទាប់ពីចិន សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។

លោក Nguyen Dac Trung សាស្ត្រាចារ្យរង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (HUST) បានមានប្រសាសន៍ថា ស្ថាប័នអប់រំអាល្លឺម៉ង់ផ្តល់ការបណ្តុះបណ្តាលដែលផ្តោតលើការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ព្រមទាំងបើកឱកាសឱ្យនិស្សិតអន្តរជាតិចូលរួមក្នុងវិស័យបច្ចេកវិទ្យា។
ទោះជាយ៉ាងណា បញ្ហាកង្វះកន្លែងស្នាក់នៅមានតម្លៃសមរម្យក្នុងទីក្រុងធំៗ នៅតែជាឧបសគ្គសំខាន់សម្រាប់និស្សិតអន្តរជាតិ ខណៈដំណើរការទិដ្ឋាការ និងថ្លៃរស់នៅក៏ជាបញ្ហាដែលត្រូវពិចារណា។ ទោះបីជាយ៉ាងនេះក៏ដោយ អាល្លឺម៉ង់នៅតែអាចគ្រប់គ្រងបញ្ហាទាំងនេះបានល្អ និងបន្តទាក់ទាញនិស្សិតពីជុំវិញពិភពលោក៕
