បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារី អ៊ិន សុវណ្ណកល្យាណី សិស្សថ្នាក់ទី៤ មានទេពកោសល្យសរសេរអក្សរស្អាត និងជាសិស្សពូកែប្រចាំថ្នាក់

កុមារី អ៊ិន សុវណ្ណកល្យាណី សិស្សថ្នាក់ទី៤ មានទេពកោសល្យសរសេរអក្សរស្អាត និងជាសិស្សពូកែប្រចាំថ្នាក់

កុមារី អ៊ិន សុវណ្ណកល្យាណី ទើបតែរៀនថ្នាក់ទី៤ ប៉ុណ្ណោះ ប៉ុន្តែនាងមានថ្វីដៃសរសេរអក្សរខ្មែរសឹងតែស្អាតជាងអក្សរពុម្ពនៅក្នុងកុំព្យូទ័រទៅទៀត។ ទេពកោសល្យ​របស់នាង កំពុងទទួលការកោតសរសើរយ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម។

Advertisement

អ្នកគ្រូ អូ រ៉ាប៊ិច ជាគ្រូបង្រៀនថ្នាក់ទី៤ “ក” នៃសាលាបឋមសិក្សាទៀបាញ់ដូនស្វា ស្ថិត​ក្នុង​ស្រុកអង្គជុំ ខេត្តសៀមរាប និងជាគ្រូបង្រៀនផ្ទាល់របស់កុមារី អ៊ិន សុវណ្ណកល្យាណី បានប្រាប់ឱ្យដឹងថា សុវណ្ណកល្យាណី ជាសិស្សឧស្សាហ៍​ ព្យាយាមរៀនសូត្រ ស្ដាប់គ្រូបង្រៀន យកចិត្តទុកដាក់ក្នុងការសិក្សា និងមករៀនទៀងទាត់។ សុវណ្ណកល្យាណី ក៏ជាសិស្សល្អម្នាក់នៅក្នុងថ្នាក់ និងនៅក្នុងសាលាផងដែរ ហើយតែងទទួលបានលទ្ធផលសិក្សាល្អជារៀងរាល់ខែ។

អ្នកគ្រូ រ៉ាប៊ិច រៀបរាប់ថា ពីមុន កុមារី អ៊ិន សុវណ្ណកល្យាណី នាងរៀននៅសាលាបឋមសិក្សាតាទយ ហើយបានប្ដូរមករៀននៅសាលាបឋមសិក្សាទៀបាញ់ ដូនស្វា នេះ អ្នកគ្រូសង្កេតឃើញថា សិស្សរូបនេះ សរសេរអក្សរបានស្អាត ដោយ​អ្នកគ្រូ​គ្រាន់តែប្រាប់ពីរបៀបសរសេរឱ្យមានសោភ័ណថែមទៀត ដូចជា ចុះដើមបន្ទាត់ ដកឃ្លា​ និងវិធីសរសេរឱ្យមានរបៀបប៉ុណ្ណោះ ហើយ​អ្នកគ្រូជឿជាក់ថា ទេពកោសល្យរបស់នាង គឺជា​ស្ពាន​ជួយ​ឱ្យ សុវណ្ណកល្យាណី មានអនាគត​ល្អ។

“ខ្ញុំគិតថាការសរសេរអក្សរស្អាតបែបនេះ ជាស្ពានឱ្យគាត់មានអនាគតល្អ”

អ្នកគ្រូ អូ រ៉ាប៊ិច ក៏​បាន​ឱ្យដឹងដែរថា ការសរសេរអក្សរស្អាតរបស់ កុមារី អ៊ិន សុវណ្ណកល្យាណី បានក្លាយ​ជាគំរូប្រាប់ទៅមិត្តភក្ដិរួមថ្នាក់ និងសិស្សផ្សេងឱ្យព្យាយាមយកចិត្តទុកដាក់សរសេរឱ្យបានស្អាតដែរ។ ជាមួយ​គ្នា​អ្នកគ្រូ ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សយកចិត្តទុកដាក់លើការសរសេរដោយប្រុងប្រយ័ត្ន ជៀសវាងការលុបច្រើន ឬឱ្យការសរសេរត្រូវតាមអក្ខរាវិរុទ្ធ ជាពិសេស សរសេរឱ្យបានស្អាត និងលឿនថែមទៀត។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធសៀវភៅមួយរូប បានកោតសរសើរចំពោះកុមារី អ៊ិន សុវណ្ណកល្យាណី ក្រោយ​ពីបានឃើញសំណេររបស់នាង, លោកថា សំណេររបស់នាងកើតឡើងពីការផ្ដោតអារម្មណ៍ ការបង្ហាញចេញ និងសិល្បៈក្នុងខ្លួន។

“កុមារីរូបនេះ រៀនសរសេរឱ្យស្អាត មានគំនិតច្នៃប្រតិដ្ឋ សិល្បៈក្នុងការបង្ហាញចេញពីក្នុងខ្លួនល្អ រួមទាំងការព្យាយាមទើបអាចសរសេរបានស្អាតបែបនេះ”

អ្នកនិពន្ធសៀវភៅ រូបនេះ បានបង្ហាញពីការ​រំពឹងទុកថា ទេពកោសល្យរបស់ កុមារី អ៊ិន សុវណ្ណកល្យាណី នឹងអាចជះឥទ្ធិពលជាវិជ្ជមានទៅកាន់ក្មេងៗផ្សេងទៀត ក្នុងការ​រៀនផ្ដោតអារម្មណ៍ ខំប្រឹងសរសេរឱ្យបានស្អាត។ លោក ច័ន្ទរិទ្ធិ ជឿថា ការសរសេរអក្សរស្អាត គឺមានផលល្អជាច្រើន ដូចជាពេលប្រឡងក៏ជួយឱ្យទទួលបានពិន្ទុល្អ តាមរយៈការផ្ចិតផ្ចង់ ទំនុកចិត្តតាមរយៈការសរសេរ ដែលធ្វើឱ្យអ្នកកែ អ្នកមើលងាយស្រួល និងផ្ដល់លទ្ធផលល្អត្រឡប់មកវិញដែរ។ “ខ្ញុំជឿថា គាត់នឹងប្រើទេពកោសល្យមួយនេះ មិនថាក្នុងការរចនា គូសពុម្ពអក្សរ ក៏នឹងអាចប្រើទេពកោសល្យមួយនេះបង្ហាញពីខ្លួនឯងកាន់តែច្រើន“។

គួរជំរាបជូនថា កុមារី អ៊ិន សុវណ្ណកល្យាណី បច្ចុប្បន្ន​រស់នៅក្នុងភូមិយាង ឃុំចាឈូក ស្រុកអង្គជុំ ខេត្តសៀមរាប។ កុមារីរូបនេះ មានថ្វីដៃសរសេរអក្សរបានស្អាត រហូតអ្នកគ្រូ អូ រ៉ាប៊ិច ដែលជាគ្រូបង្រៀនផ្ទាល់ ថតយកមកបង្ហោះ​នៅ​លើ​បណ្តាញសង្គមពីទេពកោសល្យរបស់នាង៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា