បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រី​ព័ត៌មាន​ ​៖ ​ការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ ​ចាំបាច់​ត្រូវ​មាន​គោរព​សិទ្ធិ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ​

រដ្ឋមន្ត្រី​ព័ត៌មាន​ ​៖ ​ការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ ​ចាំបាច់​ត្រូវ​មាន​គោរព​សិទ្ធិ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ​

​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ «​វិធានការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ ​និង​ទេសន្តរប្រវេសន៍​» ​នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ​ ​(​២៦​ ​ឧសភា​) ​ឯកឧត្តម​ នេត្រ ​ភត្រ្តា ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​បាន​ណែនាំ​ដល់​អ្នកសារព័ត៌មាន​ ​ក៏​ដូចជា​អ្នក​ផ្សព្វផ្សាយ​ទាំងឡាយ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​មនុស្ស​ ​គឺ​ចាំបាច់​ត្រូវ​មាន​ការ​គោរព​សិទ្ធិ ​គោរព​សេចក្ដីថ្លៃថ្នូរ​របស់​ជនរងគ្រោះ​ ​និង​មាន​ការ​ថ្លឹងថ្លែង​រឿងរ៉ាវ​ មុននឹង​ផ្សព្វផ្សាយ​ ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ ​កេរ្តិ៍ឈ្មោះ​ប្រទេស​ ​ដែល​ជា​រឿង​សំខាន់​បំផុត​។​

Advertisement

​ជាមួយគ្នា​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​ក៏​ស្នើ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ​និង​ទេសន្តរប្រវេសន៍​នៅក្នុង​ពេល​បច្ចុប្បន្ន ​ដើម្បី​ធ្វើ​យ៉ាងណា​ផ្ដល់​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​។ ​ឯកឧត្តម​ថា​ ​បច្ចុប្បន្ន​នេះ​ ​បញ្ហា​ស្កេម​អនឡាញ​ ​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រទេស​កម្ពុជា​ ​ហើយ​កិច្ចការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ ​និង​ទេសន្តរប្រវេសន៍​ ​និង​ទប់ស្កាត់​ស្កេម​អនឡាញ​នេះ​ ​ក៏​ត្រូវតែ​បង្ក្រាប​ទន្ទឹម​គ្នា​ ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។​

ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

​«​ការ​ជួញដូរ​មនុស្ស​មិន​ជា​រឿង​កើតឡើង​តែ​នៅ​កម្ពុជា​ទេ ​វា​គឺជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ផងដែរ​ ​ដែល​យើង​ត្រូវ​ចូលរួម​នៅក្នុង​ការ​ទប់ស្កាត់​»

​លោកជំទាវ​ ​ជូ ​ប៊ុន​អេង ​រដ្ឋលេខាធិការ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​ គ.ជ.ប​.​ជ ​មានប្រសាសន៍​ថា​ បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ ​និង​ទេសន្តរប្រវេស៍​ ត្រូវបាន​ចែកចេញ​ជា​២​ ​គឺ​ បទល្មើស​ជួញដូរ​មនុស្ស​ និង​បទល្មើស​ធ្វើ​អំពើ​អាជីវកម្ម​ផ្លូវភេទ​។ ​លោកជំទាវ​បន្ត​ថា​ ​មាន​ក្មេងស្រី​ជាច្រើន​បាន​រងគ្រោះ​នៅក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ​ដោយ​សរុប​ទៅជាង​ ​៩០​ភាគរយ​ជា​មនុស្ស​ស្រី​។​ ក្នុង​នោះ​តាម​របាយការណ៍​កាលពី​ឆ្នាំ​ទៅ​ បទល្មើស​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ​ត្រូវបាន​បង្ក្រាប​ចំនួន​ ​១៤៤​ករណី​ ​ដោយ​សង្គ្រោះ​ជនរងគ្រោះ​ ​៣៨៥​នាក់​ ស្រី​៣៧៧​នាក់​ ​មាន​អាយុ​ក្រោម​ ​១៥​ឆ្នាំ​ ​ចំនួន​១២២​នាក់​ ​អាយុ​ពី​ ​១៥​ដល់​១៧​ឆ្នាំ​ ​ចំនួន​១៣៧​នាក់​។​

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ

​បើ​តាម​របាយការណ៍​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ ​ព្រមទាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក្នុង​ឆ្នាំ​២០២៥​កន្លងទៅ​នេះ​ ​បាន​តាមដាន​ស្រាវជ្រាវ​ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ សរុប​ចំនួន​ ​២៧២​ករណី​។ ​ទិន្នន័យ​នេះ​ ធៀប​នឹង​ឆ្នាំ​២០២៤​ ​ចំនួន​ ​១៩៨​ករណី​ ​គឺ​កើន​ ​៧៤​ករណី​ ​ស្មើនឹង​ ​៣៧,៣៧​%​។​ ក្នុង​នោះ​ ​ការ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន​ ​៩៩៤​នាក់​ ​ស្រី​ ​៦២៤​នាក់​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា