សាលាហេបភីច័ន្ទតារា ដែលស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា ជាសាលាមួយក្នុងចំណោមសាលាល្អបំផុតទាំង ៥០ នៅលើពិភពលោក ដោយពានរង្វាន់ Global Schools Prize របស់មូលនិធិ Varkey Foundation។

សាលាហេបភីច័ន្ទតារា ដែលស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា ជាសាលាមួយក្នុងចំណោមសាលាល្អបំផុតទាំង ៥០ នៅលើពិភពលោក ដោយពានរង្វាន់ Global Schools Prize របស់មូលនិធិ Varkey Foundation។
លោក Sunny Varkey ស្ថាបនិកមូលនិធិ Varkey Foundation ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាសថា សាលាហេបភីច័ន្ទតារានៅកម្ពុជា ត្រូវបានជ្រើសរើសឱ្យស្ថិតក្នុងបញ្ជីសាលាល្អបំផុតទាំង ៥០ លើពិភពលោក សម្រាប់ឆ្នាំនេះ។
ការជ្រើសរើសនេះ ធ្វើឡើងពីសាលារៀនជិត ៣០០០សាលា មកពី ១១៣ ប្រទេសជុំវិញពិភពលោក។ កម្មវិធីនេះជាគំនិតផ្តួចផ្តើមរបស់មូលនិធិ Varkey Foundation ដើម្បីលើកសរសើរសាលារៀនដែលមានភាពច្នៃប្រឌិត និងមានឥទ្ធិពលខ្ពស់ក្នុងវិស័យអប់រំ ជាពិសេសការអប់រំកុមារី។


យោងតាមសេចក្តីប្រកាសព័ត៌មាន សាលាហេបភីច័ន្ទតារា ត្រូវបានទទួលស្គាល់ក្នុងប្រភេទ «សុខភាព និងសុខុមាលភាព»។ សាលាបានបញ្ជាក់ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃវិធីសាស្ត្រអប់រំ និងការប្តេជ្ញាចិត្តរបស់សាលា ក្នុងការគាំទ្រដល់ភាពជោគជ័យផ្នែកសិក្សា សុខភាព និងសុខុមាលភាពរបស់សិស្សជាង ១,៧០០ នាក់ ព្រមទាំងសហគមន៍របស់ពួកគេផងដែរ។
សាលាបានបញ្ជាក់ថា គោលដៅបន្ទាប់ គឺឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រកំពូលទាំង ១០ លើពិភពលោក ហើយនឹងបន្តជំរុញការអប់រំកុមារី ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់សង្គម។ សាលាបានលើកឡើងថា «ការអប់រំកុមារី គឺជាការផ្លាស់ប្តូរពិភពលោក»។
សូមជម្រាបថា អ្នកស្រី Tina Kieffer ប្រធានស្ថាបនិកអង្គការ Toutes à l’école មានអាជីពជាអ្នកបោះពុម្ពផ្សាយ និងធ្លាប់បម្រើការជានិពន្ធនាយកទស្សនាវដ្តី Marie Claire។ អ្នកស្រីបានបង្កើតអង្គការនេះ បន្ទាប់ពីធ្វើដំណើរមកកម្ពុជាក្នុងឆ្នាំ២០០៤ ដែលជាពេលវេលាបានផ្លាស់ប្តូរជីវិតរបស់អ្នកស្រី ក្រោយបានជួបក្មេងស្រីកំព្រាម្នាក់ ដែលក្រោយមកក្លាយជាកូនចិញ្ចឹមទី៥របស់អ្នកស្រី។
សាលាហេបភីច័ន្ទតារា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយអង្គការ Toutes à l’école របស់ប្រទេសបារាំង ដើម្បីផ្តល់ការអប់រំពីរភាសាដែលមានគុណភាពខ្ពស់ និងឥតគិតថ្លៃ ដល់ក្មេងស្រីដែលជួបការលំបាកក្នុងជីវភាព។

បច្ចុប្បន្ន សាលាមានសិស្សស្រីជាង ១,៧០០ នាក់ កំពុងសិក្សា ហើយទទួលសិស្សថ្មីប្រមាណ ១០០ នាក់ជារៀងរាល់ឆ្នាំ។ សិស្សទាំងនេះ ទទួលបានការគាំទ្របន្តទៀត ទាំងការសិក្សាថ្នាក់ឧត្តមសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជួយស្វែងរកការងារដំបូង បន្ទាប់ពីបញ្ចប់ការសិក្សា៕
