ឱ្យតែចូលដល់រដូវផ្លែស្វាយម្តងៗ ប្រជាជនកម្ពុជាច្បាស់ជាមិនរំលងឡើយនូវ «ផ្លែស្វាយទុំ» ដ៏ផ្អែមឆ្ងាញ់ មិនថាញ៉ាំជាផ្លែឈើលាងមាត់ ញ៉ាំជាមួយបាយកក ឬធ្វើជាបង្អែមដ៏ពេញនិយមដូចជា «បាយដំណើបស្វាយទុំ» ជាដើម។ ផ្លែស្វាយ មិនត្រឹមតែជាស្តេចផ្លែឈើដែលមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃវីតាមីន C និងប៉ូតាស្យូមយ៉ាងច្រើនលើសលប់ផងដែរ។ ទោះជាយ៉ាងណា ដោយសារស្វាយទុំស្រុកយើងភាគច្រើនមានរសជាតិផ្អែមខ្លាំង វាអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងលឿន និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធរំលាយអាហារ។
តើការញ៉ាំផ្លែស្វាយពិតជាផ្តល់ផលល្អ ឬអាចបង្កជាបញ្ហាដល់ក្រពះពោះវៀនរបស់អ្នក? ខាងក្រោមនេះជាការវិភាគពីអ្នកជំនាញអាហារូបត្ថម្ភ អំពីរបៀបដែលផ្លែស្វាយជះឥទ្ធិពលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក៖
១. ផ្តល់ជាតិសរសៃ (Fiber) ជំនួយដល់ការរំលាយអាហារ
ផ្លែស្វាយមួយចំណិត (ប្រហែល ១៦៥ ក្រាម) មានផ្ទុកជាតិសរសៃ ២.៦៤ ក្រាម។ ជាតិសរសៃ ដែលគេហៅថា Soluble Fiber វារលាយក្នុងទឹកបង្កើតជាសារធាតុដូចជែល ដែលជាអាហារសម្រាប់បាក់តេរីល្អៗនៅក្នុងពោះវៀនធំ។ វាជួយកាត់បន្ថយការរលាក បញ្ចុះកូឡេស្តេរ៉ុល និងរក្សាលំនឹងជាតិស្ករ។
២. ជួយសម្រួល និងព្យាបាលការទល់លាមក
ផ្លែស្វាយមានលក្ខណៈសម្បត្តិជាថ្នាំបន្ទន់លាមកធម្មជាតិ។ យោងតាមការសិក្សាមួយបានបង្ហាញថា ការញ៉ាំសាច់ស្វាយ ៣០០ ក្រាម ក្នុងមួយថ្ងៃ រយៈពេល ៤ សប្តាហ៍ មានប្រសិទ្ធភាពជួយសម្រួលដល់អ្នកទល់លាមករ៉ាំរ៉ៃ បានល្អជាងការប្រើប្រាស់ថ្នាំបំប៉នជាតិសរសៃទៅទៀត ដោយវាធ្វើឱ្យលាមកទន់ និងបន្ទោបង់បានញឹកញាប់។
លើសពីនេះ អ្នកដែលញ៉ាំស្វាយទៀងទាត់ អាចផលិតអាស៊ីតខ្លាញ់ខ្សែខ្លី (Short-chain fatty acids) ដែលជាសញ្ញាបង្ហាញថាបាក់តេរីល្អក្នុងពោះវៀនលូតលាស់បានល្អ និងជួយទប់ស្កាត់ថ្លើមមិនឱ្យផលិតកូឡេស្តេរ៉ុលអាក្រក់ផងដែរ។
៣. អាចបង្កឱ្យមានអាការហើមពោះ និងមានខ្យល់ (ហ្គាស) ក្នុងពោះ
ទោះបីជាជាតិសរសៃល្អចំពោះក្រពះពោះវៀន ប៉ុន្តែផ្លែស្វាយសម្បូរទៅដោយជាតិស្ករ Sucrose និង Fructose។ នៅពេលប្រព័ន្ធរំលាយអាហារបំបែកជាតិស្ករទាំងនេះ វានឹងបង្កើតជាហ្គាស ដែលនាំឱ្យហើមពោះ និងឈឺពោះ។ ដូច្នេះដើម្បីការពារ សូមកាត់បន្ថយការញ៉ាំស្វាយមកត្រឹមបរិមាណតិចតួច បើដឹងថាវាធ្វើឱ្យអ្នកហើមពោះ៕
ប្រភព ៖ EverydayHealth