កញ្ញា នរៈ វត្តី ដែលជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានទៅកាន់តួនាទីជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រយៈពេលមួយថ្ងៃ កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦កន្លងទៅ។ ក្នុងតួនាទីជាឯកអគ្គរដ្ឋទូត កញ្ញា វត្តី ទទួលបានបទពិសោធន៍ ក៏ដូចជាការណែនាំពីភាពជាអ្នកដឹកនាំ និងស្វែងយល់ពីភារកិច្ចការទូតជាច្រើនពី ឯកឧត្តម Stefan Messerer នៃស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់។
កញ្ញា នរៈ វត្តី ដែលបច្ចុប្បន្នកំពុងរៀនផ្នែកនីតិសាស្រ្ត ឆ្នាំទី៣ និយាយថា កត្តាដែលជំរុញឱ្យរូបនាងចូលរួមក្នុងកម្មវិធីនេះ ក៏ព្រោះតែនាងចូលចិត្តលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ និងចឹងដឹងពីរបៀបដែលច្បាប់ដើរតួនាទីក្នុងការរៀបចំទំនាក់ទំនងរវាងប្រទេស និងប្រទេស រួមមានទាំងការរក្សាសន្តិភាព ការធានាបាននូវការតុល្យភាព នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយបណ្ដាប្រទេសដែលជាដៃគូរ និងដំណើរការទៅលើវិស័យពាណិជ្ជកម្មជាដើម។
កញ្ញា នរៈ វត្តី ជានិស្សិតឆ្នាំទី៣ ផ្នែកនីតិសាស្រ្ត សិក្សាជាភាសាអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
សម្រាប់ការទទួលបានឱកាសកាន់តួនាទីជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ជំនួសរយៈពេលមួយថ្ងៃនេះ ពិតជាបានអនុញ្ញាតឱ្យ កញ្ញា វត្តី បានស្វែងយល់ជាក់ស្តែងពីការអនុវត្តនូវផែនការសកម្មភាព សិល្បៈ នៃការធ្វើទំនាក់ទំនងផ្លូវការ និងការចរចារនៅក្នុងបរិបទការទូត។ ជាមួយគ្នានេះ កញ្ញាក៏មានបំណងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ជាពិសេស ជំនាញដឹកនាំ ក្នុងនាមជាក្មេងស្រីដែលមានសក្តានុពល និងមានឥទ្ធិពលអាចប្រើប្រាស់ជាសំឡេងមួយទៅកាន់ក្មេងស្រីជាច្រើននៅក្នុងសង្គម។
តើធ្វើយ៉ាងដូចម្តេចដើម្បីចូលរួមកម្មវិធីក្លាយជាឯកអគ្គរដ្ឋទូត?
កញ្ញា នរៈ វត្តី បានចែករំលែកបទពិសោធន៍ថា ដើម្បីចូលរួមក្នុងកម្មវិធីនេះ កញ្ញាបានឆ្លងកាត់ដំណើរការជ្រើសរើស ដែលជាដំបូងត្រូវដឹងថា យើងចង់ដើរតួរនាទីជានរណានៅក្នុងសង្គម? ដើម្បីអ្វី? តើតួនាទីនោះត្រូវធ្វើអ្វីខ្លះ? ពោលគឺត្រូវស្វែងយល់ពីខ្លួនឯងជាមុនសិន។ បន្ទាប់មក ត្រូវឆ្លងកាត់ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយភ្ជាប់ជាមួយការសរសេរអត្ថបទបង្ហាញពីចំណង់ចំណូលចិត្ត ការតាំងចិត្ត ក៏ដូចជាសំនួរមួយចំនួនទៀតពាក់ព័ន្ធជាមួយយេនឌ័រ ស្រី្តជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជននៅក្នុងកិច្ចការងារសង្គមជាដើម។ បន្ទាប់មកទៀត ការឆ្លងកាត់ការសម្ភាសន៍ជាមួយអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ដែលតម្រូវឱ្យមានការរៀបចំខ្លួន ការត្រៀមខ្លួនជាមុនឱ្យមានប្រសិទ្ធិភាព។ កញ្ញា នរៈ វត្តី បញ្ជាក់ថា ដំណើរការនេះហើយ បានជួយឱ្យរូបនាងបង្ហាញសមត្ថភាព ទស្សនៈចំពោះតួនាទីមួយនេះ ក៏ដូចជាចូលរួមឆ្លុះបញ្ចាំងអំពីបញ្ហាសង្គម។
កញ្ញា នរៈ វត្តី បន្ថែមថា ការទទួលបានឱកាសនេះ ជាកិត្តិយសដ៏ធំមួយសម្រាប់ខ្លួន និងមានអារម្មណ៍រំភើប ប៉ុន្តែជាមួយគ្នានេះក៏មានការយល់ដឹងអំពីការទទួលខុសត្រូវខ្ពស់ផងដែរ។ កញ្ញា វត្តី បន្តថា តួនាទីនេះ មិនត្រឹមតែជាបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យកិត្តិយស កេរ្តិ៍ឈ្មោះ និងសមត្ថភាពនៃក្មេងស្រី ក៏ដូចជាស្រ្តីគ្រប់រូបនៅក្នុងសង្គមកម្ពុជា។ បទពិសោធន៍នេះ ពិតជាធ្វើឱ្យកញ្ញាមានទំនុកចិត្តលើខ្លួនឯងមួយកម្រិតទៀត និងជំរុញឱ្យបន្តអភិវឌ្ឍខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសធំៗនៅពេលអនាគត។
ខ្ញុំមានអារម្មណ៍ថាវាជាជំហានសំខាន់មួយក្នុងការបង្កើតអនាគតរបស់ខ្ញុំ
ក្នុងរយៈពេលមួយថ្ងៃជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ កញ្ញា នរៈ វត្តី បានចាប់ផ្តើមដោយការចូលរួម ការណែនាំខ្លីៗ និងទស្សនាការិយាល័យស្ថានទូត ដើម្បីយល់អំពីបរិយាកាសការងារ និងរចនាសម្ព័ន្ធ។ បន្ទាប់មក ជួបជាមួយឯកអគ្គរដ្ឋទូត ដើម្បីពិភាក្សាអំពីបេសកកម្ម ទស្សនវិស័យ និងអាទិភាពការងាររបស់ស្ថានទូត។ ការបន្តទៅចូលរួមកិច្ចប្រជុំជាមួយគម្រោង EU-German GATE Project ដើម្បីសិក្សាពីការវិនិយោគ អភិវឌ្ឍសេដ្ឋកិច្ច និងតួនាទីស្ត្រីក្នុងវិស័យឯកជន។ បន្ទាប់មក បានទស្សនា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីយល់ដឹងអំពីមូលហេតុនៃការបង្កើតតុលាការ ក៏ដូចជាដំណើរការ នៃការកាត់ក្តីចំពោះអតីតមេដឹកនាំខ្មែរក្រហម និងបេតិកភណ្ឌតុលាការជាដើម។
នៅពេលថ្ងៃត្រង់ កញ្ញា នរៈ វត្តី បានចូលរួមអាហារជាមួយអង្គការផ្តោតលើសមភាពយេនឌ័រ និងការដឹកនាំរបស់ស្ត្រី ដែលបានអនុញ្ញាតឱ្យកញ្ញាស្តាប់បទពិសោធន៍ និងទស្សនៈពីភាគីពាក់ព័ន្ធ។ នៅពេលរសៀល កញ្ញា នរៈ វត្តី បានជួបជាមួយមន្ត្រី CDC ដើម្បីពិភាក្សាអំពីសហប្រតិបត្តិការរវាងស្ថានទូតអាល្លឺម៉ង់ និងកម្ពុជា ក៏ដូចជាតួនាទីយុវជនក្នុងសេវាសាធារណៈ និងការទូត។
ចុងក្រោយ កញ្ញា នរៈ វត្តី បានធ្វើការបញ្ចប់ និងបង្ហាញការឆ្លុះបញ្ចាំងអំពីអ្វីដែលខ្លួនបានសិក្សាតាមរយៈការដើរតួរនាទីជំនួសជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ រួមទាំងការផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន។ បទពិសោធន៍នេះ បានផ្តល់ឱ្យកញ្ញាយល់ដឹងជាក់ស្តែងអំពីសិល្បៈ នៃការងារការទូត ការដឹកនាំ ការធ្វើទំនាក់ទំនង និងសារៈសំខាន់នៃការចូលរួមរបស់ក្មេងស្រីក្នុងសង្គម។
កញ្ញា នរៈ វត្តី លើកទឹកចិត្តទៅកាន់ក្មេងស្រីគ្រប់រូបឱ្យមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន មានភាពក្លាហាននៅក្នុងការសាកល្បងនូវអ្វីថ្មីៗ ស្វែងរក និងព្យាយាមចាប់យកឱកាស ព្រោះវត្តីជឿជាក់ថា ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងជាប្រចាំ គឺជាគន្លឹះសំខាន់ក្នុងការសម្រេចគោលដៅ។ ដូច្នេះ សូមកុំអនុញ្ញាតឱ្យភាពភ័យខ្លាចកំណត់ដែនកំណត់នូវសក្ដានុពលរបស់អ្នក។ ការចូលរួមជាមតិយោបល់ និងការចូលរួមចំណែករបស់ក្មេងស្រីនិងស្រ្តី ពិតជាមានឥទ្ធិពលចំពោះសង្គមកម្ពុជា។ វត្តី ក៏សង្ឃឹមថាក្មេងស្រីទាំងអស់នឹងចាត់ទុកនាងជា “ប្រភពនៃការលើកទឹកចិត្ត”៕