បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របៀបទាញយកពេលវេលាមកវិញ បញ្ឈប់ការខាតពេលនៅលើអ៊ីនធឺណិត

របៀបទាញយកពេលវេលាមកវិញ បញ្ឈប់ការខាតពេលនៅលើអ៊ីនធឺណិត

តើអ្នកបានចំណាយពេលឥតប្រយោជន៍នៅលើបណ្តាញសង្គម ឬអ៊ីនធឺណិតអស់ប៉ុន្មានម៉ោងនៅថ្ងៃនេះ?

Advertisement

មនុស្សភាគច្រើនដឹងខ្លួនច្បាស់ថា ពួកគេមានកិច្ចការសំខាន់ត្រូវធ្វើ ដូចជាការរៀនសូត្រ ការសរសេរកិច្ចការសាលា ឬការធ្វើការងារផ្សេងៗ ប៉ុន្តែជំនួសមកវិញ ពួកគេបែរជាចំណាយពេលមើលព័ត៌មានមិនឈប់នៅលើ Facebook, TikTok, Reddit ឬ YouTube ទៅវិញ។ សូម្បីតែការអានអត្ថបទអំពី «វិធីបង្កើនផលិតភាពការងារ» ក៏អាចជាទម្រង់មួយនៃការគេចវេះពីការងារពិតប្រាកដផងដែរ។

ដើម្បីលុបបំបាត់ទម្លាប់អាក្រក់ទាំងនេះ និងទាញយកពេលវេលាដ៏មានតម្លៃរបស់អ្នកត្រឡប់មកវិញ ខាងក្រោមនេះជាយុទ្ធសាស្ត្រជាក់ស្តែងមួយចំនួនដែលអ្នកអាចអនុវត្តបាន៖

១. បិទខ្ទប់ (Block) គេហទំព័រដែលអ្នកចូលចិត្តលេង

វិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីការខាតពេល គឺការកាត់ផ្តាច់ផ្លូវចូលទៅកាន់កន្លែងទាំងនោះ។ គោលបំណងគឺធ្វើយ៉ាងណាឱ្យការចូលទៅលេងកម្សាន្តនោះ មានភាពស្មុគស្មាញ និងប្រើប្រាស់កម្លាំងចិត្តច្រើនជាងមុន។

អ្នកអាចប្រើប្រាស់កម្មវិធីជំនួយមួយចំនួនដើម្បីបិទខ្ទប់គេហទំព័ររំខាននានា ដូចជា Freedom (កម្មវិធីបង់ប្រាក់) អាចប្រើបានទាំងលើ Mac, Windows, iOS និង Android។ វាអនុញ្ញាតឱ្យអ្នកបង្កើតបញ្ជីគេហទំព័រដែលត្រូវបិទខ្ទប់តាមពេលវេលាកំណត់ ឬអាច​ប្រើ Focus (សម្រាប់ Mac) & FocalFilter (សម្រាប់ Windows) កម្មវិធីទាំងនេះជួយបិទខ្ទប់គេហទំព័ររំខាន និងអាចដំណើរការជាទម្រង់ម៉ោងជំនួយស្មារតី (Pomodoro timer) បានទៀតផង។

តែប្រសិនបើអ្នកមិនចង់ប្រើកម្មវិធីទេ អ្នកអាចបង្កើតគណនីប្រើប្រាស់កុំព្យូទ័រពីរ (គណនី Admin និងគណនីធម្មតាសម្រាប់ធ្វើការ) រួចកំណត់ពាក្យសម្ងាត់គណនី Admin ឱ្យពិបាកខ្លាំង ហើយទុកវានៅកន្លែងឆ្ងាយពីខ្លួន ដើម្បីកុំឱ្យដៃរបស់អ្នករមាស់ទៅបើកគេហទំព័រទាំងនោះបាន។

២. បង្កើតការទទួលខុសត្រូវចំពោះខ្លួនឯង (Accountability)

ការតាមដានពេលវេលាផ្ទាល់ខ្លួន គឺស្រដៀងគ្នានឹងការកត់ត្រារបបអាហារប្រចាំថ្ងៃសម្រាប់អ្នកសម្រកទម្ងន់ដែរ។ នៅពេលដែលអ្នកដឹងថាខ្លួនឯងនឹងត្រូវមើលរបាយការណ៍ និងមានអារម្មណ៍ខុសនៅពេលក្រោយ អ្នកនឹងមិនហ៊ានចំណាយពេលឥតប្រយោជន៍ឡើយ។

  • ប្រើប្រាស់កម្មវិធីពង្រីក (Extension) ដូចជា RescueTime ដើម្បីកត់ត្រាដោយស្វ័យប្រវត្តិនូវរាល់នាទីដែលអ្នកបានចំណាយលើគេហទំព័រនីមួយៗ។
  • ប្រើប្រាស់កម្មវិធីដូចជា Toggl ដើម្បីរៀបចំផែនការ និងចុចថតម៉ោងធ្វើការងារនីមួយៗដោយផ្ទាល់ដៃ។

៣. បង្កើតកុំព្យូទ័រ ឬកន្លែងសម្រាប់ «ធ្វើការងារតែមួយមុខ»

ប្រសិនបើអ្នកមានលទ្ធភាព ឬមានឧបករណ៍ច្រើនជាងមួយ គួរតែបំបែកវាដាច់ពីគ្នា៖

-ម៉ាស៊ីនសម្រាប់ធ្វើការ ៖ មិនត្រូវដំឡើងហ្គេម កម្មវិធីជជែកកម្សាន្ត ឬបណ្តាញសង្គមឡើយ។ បើប្រើប្រាស់កម្មវិធីរុករក (Browser) គួរប្រើគណនីផ្សេងពីគណនីកម្សាន្ត ដើម្បីកុំឱ្យវារុញប្រវត្តិ (History) ឬចំណាំ (Bookmarks) មកបង្កការរំខាន។
-ផ្លាស់ប្តូរទីតាំង ៖ ចូលទៅធ្វើការនៅក្នុងបណ្ណាល័យ ហាងកាហ្វេ ឬបន្ទប់រៀន ដោយមិនត្រូវធ្វើការនៅក្នុងបន្ទប់ដែលអ្នកធ្លាប់លេងហ្គេម ឬសម្រាកកម្សាន្តនោះឡើយ។

៤. លុបបំបាត់រាល់ការជូនដំណឹង (Notifications)

រាល់ពេលដែលមានសំឡេង ឬរូបភាពលោតជូនដំណឹង (Notification) វានឹងទាញខួរក្បាលរបស់អ្នកឱ្យចាកចេញពីការងារ ហើយការប្តូរការផ្តោតអារម្មណ៍នេះមាន «តម្លៃនៃការផ្លាស់ប្តូរ» (Switching Cost) ដែលធ្វើឱ្យអ្នកខាតបង់ពេលវេលា និងថាមពលខួរក្បាលដោយមិនដឹងខ្លួន។

  • បិទការជូនដំណឹងដែលមិនចាំបាច់ទាំងអស់នៅលើកុំព្យូទ័រ និងទូរសព្ទ។
  • ដាក់ទូរសព្ទក្នុងទម្រង់ Do Not Disturb (កុំរំខាន) នៅពេលកំពុងធ្វើការងារសំខាន់។
  • កុំបើកបណ្តាញសង្គមចោលនៅលើអេក្រង់ក្នុងពេលបំពេញការងារ។

ចំណាំ ៖ ការគ្រប់គ្រងពេលវេលាមិនមែនជាការបង្អត់ខ្លួនឯងពីការកម្សាន្តនោះទេ ប៉ុន្តែវាគឺជា ការដោះលែងខ្លួនឯងឱ្យមានសេរីភាពពីការត្រួតត្រារបស់បច្ចេកវិទ្យា។ នៅពេលអ្នកអាចគ្រប់គ្រងការប្រើប្រាស់អ៊ីនធឺណិតបាន អ្នកនឹងមានពេលវេលាច្រើនជាងមុនសម្រាប់អភិវឌ្ឍខ្លួន បញ្ចប់កិច្ចការងារបានលឿន និងមានពេលវេលាសម្រាកលំហែកាយពិតប្រាកដដោយគ្មានសម្ពាធផ្លូវចិត្ត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា