បន្ទាប់ពីមានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីមេជាងម៉ៅការសំណង់ម្នាក់ប្រើប្រាស់សញ្ញាបត្រវិស្វករក្លែងក្លាយ អ្នកឃ្លាំមើលបញ្ហាសង្គម បានអំពាវនាវឱ្យក្រសួងអប់រំ ក៏ដូចជាស្ថាប័នពាក់ព័ន្ធពង្រឹងការគ្រប់គ្រង និងចុះបញ្ជីសញ្ញាបត្រឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ និងការពារកិត្តិយសអ្នកដែលបានសិក្សារៀនសូត្រពិតប្រាកដ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការក្លែងសញ្ញាបត្រមិនមែនជាបញ្ហាថ្មីនោះទេ កន្លងមកគេបានជួបជាហូរហែដោយមានបុគ្គលមួយចំនួនបានអះអាងថា ខ្លួនទទួលបានសញ្ញាបត្រពីគ្រឹះស្ថានក្នុង និងក្រៅប្រទេស ហើយយកសញ្ញាបត្រនោះទៅបោកបញ្ឆោតសាធារណជន និងក្នុងករណីខ្លះឈានដល់ការបោកប្រាស់ថ្នាក់ដឹកនាំផងដែរ។
លោកបន្ថែមថា បញ្ហានេះបានជះឥទ្ធិពលអវិជ្ជមានដល់អ្នកដែលបានខិតខំសិក្សារៀនសូត្រដោយសុចរិត និងសម្រេចបានសមិទ្ធផលសិក្សាពិតប្រាកដ។ ជាពិសេស បានធ្វើឱ្យតម្លៃ និងកិត្តិយសនៃការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រងផលប៉ះពាល់ពីសកម្មភាពរបស់អ្នកប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ។
ដើម្បីដោះស្រាយបញ្ហានេះ លោកបណ្ឌិត យ៉ង់ ពៅ បានស្នើឱ្យស្ថាប័នជំនាញបង្កើតប្រព័ន្ធចុះបញ្ជីសញ្ញាបត្រឱ្យមានតម្លាភាព និងអាចផ្ទៀងផ្ទាត់បាន ដោយគ្របដណ្តប់ទាំងអ្នកដែលបញ្ចប់ការសិក្សានៅក្នុង និងក្រៅប្រទេស។ លោកបានលើកឡើងថា និស្សិតគ្រប់រូបសុទ្ធតែមានអត្តសញ្ញាណ និងលេខកូដសិក្សាច្បាស់លាស់ ដែលអាចជួយសម្រួលដល់ការគ្រប់គ្រង និងផ្ទៀងផ្ទាត់ព័ត៌មានបានយ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកបណ្ឌិតក៏បានស្នើឱ្យមានការតម្កល់ និងគ្រប់គ្រងនិក្ខេបបទជាឯកសារយោងផ្លូវការ ជាពិសេសសម្រាប់ថ្នាក់បណ្ឌិត ដើម្បីធានាថា ម្ចាស់សញ្ញាបត្របានបំពេញលក្ខខណ្ឌសិក្សាត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់ថា ការបង្កើតបណ្ណសារជាតិសម្រាប់គ្រប់គ្រងសញ្ញាបត្រ និងនិក្ខេបបទបណ្ឌិត នឹងផ្តល់ទាំងអត្ថប្រយោជន៍ផ្នែកវិជ្ជាសាស្ត្រ និងការគ្រប់គ្រង ស្របតាមស្តង់ដារអប់រំដែលមានគុណភាព និងតម្លាភាព។
បើយោងតាម មាត្រា ៦៦១ នៃច្បាប់ព្រហ្មទណ្ឌចែងថា ជនណាដែលក្លែងបន្លំត្រាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ដល់១០លានរៀល៕