បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ឈត ប៊ុនថង ៖ ក្នុងយុគសម័យឌីជីថល ការចេះប្រើប្រាស់ AI ជាសញ្ញានៃភាពឆ្លាតវៃ និងការដើរទាន់បច្ចេកវិទ្យា

លោក ឈត ប៊ុនថង ៖ ក្នុងយុគសម័យឌីជីថល ការចេះប្រើប្រាស់ AI ជាសញ្ញានៃភាពឆ្លាតវៃ និងការដើរទាន់បច្ចេកវិទ្យា

បច្ចុប្បន្ន​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) បាន​និង​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ និង​សម្រួល​ដល់​ការងារ​របស់​មនុស្ស​ស្ទើរ​តែ​គ្រប់វិស័យ។ ស្រប​ពេលដែលប្រព័ន្ធបច្ចេកវិទ្យា AI កំពុង​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ ក៏​មាន​ការ​លើក​ឡើង​មួយ​ចំនួន​ថា​ តើមនុស្សដែលប្រើ​ប្រាស់ AI គឺជាមនុស្សអន់ ឬ​មនុស្សខ្ជិល ឬយ៉ាងណា?

Advertisement

ឆ្លើយ​ទៅ​នឹង​សំណួរ ខាង​លើ​នេះ លោក​បណ្ឌិត ឈត ប៊ុនថង ​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​មិន​មែន​បែប​នេះ​នោះ​ទេ ព្រោះ​ការប្រើប្រាស់ AI (Artificial Intelligence) មិនមែន​មាន​ន័យ​ថា មនុស្ស​នោះ​ជា​មនុស្សអន់ ឬខ្ជិលឡើយ ផ្ទុយទៅវិញ នៅ​ក្នុង​យុគ​សម័យ​ឌីជីថល​នេះ ការ​ចេះ​ប្រើប្រាស់ AI គឺ​ជា​សញ្ញា​នៃភាព​ឆ្លាត​វៃ និង​ការ​ដើរ​ទាន់​បច្ចេកវិទ្យា។

លោក​បណ្ឌិតបាន​ពន្យល់​ថា AI គឺជាឧបករណ៍ មិន​មែន​ជាខួរក្បាល​ជំនួសទេ មនុស្ស​បង្កើត​ឧបករណ៍​ឡើង​ដើម្បី​ជួយ​សម្រាល​កម្លាំង និង​បង្កើន​ល្បឿន​ការងារ។ លោក​បានលើកជាឧទាហរណ៍ថា​ «កាលពីមុន យើង​ដើរ ក្រោយ​មក​បង្កើត​កង់ បន្ទាប់​ឡាន យន្តហោះ… ដើម្បី​ធ្វើដំណើរ​ទៅ​មុខ​ឱ្យ​បាន​លឿន​ជាង​មុន។ ពីមុន​ មនុស្ស​គិតលេខដោយដៃ ក្រោយ​មក​ប្រើ​ម៉ាស៊ីន​គិតលេខ (Calculator) ហើយ​ឥឡូវនេះ មនុស្ស​ប្រើ AI ដើម្បី​ជួយ​ស្រាវជ្រាវ រក​គំនិត​ច្នៃប្រឌិត និង​រៀបចំ​ទិន្នន័យ​ផ្សេង​ៗ»។

ត្រង់​ចំណុច​នេះ លោក​បណ្ឌិត​បន្ថែម​ថា «ការប្រើ​ឡាន​មិនមែន​មានន័យ​ថា ​ជើង​យើង​អន់​នោះ​ទេ ហើយ​ការ​ប្រើ AI ក៏​មិនមែន​មាន​ន័យ​ថា ​ខួរក្បាល​យើងអន់ដែរ វាគ្រាន់​តែ​ជា​ឧបករណ៍​បង្កើន​ប្រសិទ្ធភាព (Productivity Tool) តែប៉ុណ្ណោះ»។

មិន​តែ​ប៉ុណ្ណោះ គុណភាព ​នៃ AI អាស្រ័យ​លើសមត្ថភាពរបស់អ្នកប្រើ, AI មិនអាចគិត​ជំនួស​​មនុស្ស​ទាំងស្រុង​បាន​ទេ ប្រសិនបើអ្នកប្រើប្រាស់ជាមនុស្សគ្មានចំណេះដឹង។ អ្នកប្រើប្រាស់កម្រិតខ្ពស់ ឬអ្នកប្រើប្រាស់ឈ្លាវៃ (Smart Users) ប្រើ AI ដូចជាជំនួយការម្នាក់។ បាន​ន័យ​ថា ពួកគេមានគំនិតផ្ទាល់ខ្លួនរួចជាស្រេចទៅហើយ ហើយពួកគេប្រើ AI ឱ្យជួយពង្រីកគំនិត ជួយពិនិត្យ​កំហុស ឬជួយសរសេរឱ្យមានរបៀប ព្រោះ AI ក៏អាច​​ប្រាប់​ព័ត៌មាន​ខុសខ្លះ និង​សរសេរ​ខុស​អក្ខរាវិរុទ្ធខ្លះ​ដែរ ដូច្នេះ​មានតែ​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ពិតប្រាកដទេ ទើប​អាចផ្ទៀងផ្ទាត់ និង​កែតម្រូវ​ទិន្នន័យ​របស់ AI បាន។

អ្នក​ជំនាញ​ទស្សនៈ​វិជ្ជា​រូប​នេះ បន្ថែម​ថា ការផ្លាស់ប្តូរផ្នត់គំនិតក្នុងយុគសម័យថ្មី​នៅក្នុង​ពិភពលោក​បច្ចុប្បន្ន និង​ទៅអនាគត មនុស្ស​ដែល​កោតសរសើរ​មិនមែន​ជាមនុស្សដែល​ចាំរឿងគ្រប់យ៉ាងក្នុងក្បាល ឬធ្វើអ្វីៗ​គ្រប់យ៉ាង​ដោយ​ដៃ​ទទេ និងធ្វើដោយខ្លួនឯងទាំងអស់នោះទេ។ ប៉ុន្តែគឺជា មនុស្សដែលចេះចាត់ចែង និង​បញ្ជា​ឧបករណ៍​ទំនើប​ៗឱ្យធ្វើការងារបានលឿន និង​មានប្រសិទ្ធភាពបំផុត។

លោកបណ្ឌិត ឈត ប៉ុនថង បាន​គូស​បញ្ជាក់​ថា ការប្រើប្រាស់ AI មិន​បាន​វាស់វែង​ថា​មនុស្សម្នាក់អន់ ឬខ្លាំង ខ្ជិល ឬ​ឧស្សាហ៍​នោះ​ទេ អ្វីដែល​សំខាន់គឺ គោល​បំណង និងរបៀបនៃការប្រើប្រាស់។ ព្រោះ​ប្រសិនបើប្រើ AI ដើម្បី​ Copy-Paste ទាំងស្រុង​ដោយ​មិនព្រម​រៀន​សូត្រ ឬ​មិនព្រមគិតដោយខ្លួនឯងសោះ នោះទើបជាការប្រើប្រាស់ដែលធ្វើឱ្យសមត្ថភាពយើងធ្លាក់ចុះ។ ប៉ុន្តែ​​ប្រសិនបើប្រើ AI ដើម្បីពង្រីកចំណេះដឹង បង្កើនល្បឿនការងារ និងស្វែងរកគំនិតថ្មីៗ នោះអ្នកគឺជា «អ្នកធ្វើការងារវៃឆ្លាត (Smart Worker)» ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា